រាជធានីភ្នំពេញ ៖ ស្រីស្អាតបម្រើផ្លូវភេទ៦នាក់ក្នុងនោះមានតារាចម្រៀងម្នាក់ដ៏ស្រស់សោភាល្បីឈ្មោះផងនោះ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការមួយ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីសៀ សម្បត្តិ ស្នងការរងនៃស្នងការដ្ឋានស្រាវជ្រាវនិងយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ប្រតិបត្តិការបង្ក្រាប«ជំនួញពងក្រហម»សម្រាប់តាតានិងឧកញ៉ាសម្បូរណ៍បែបខ្លះនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់ផងដែរ ដែលថៅកែហាងកែសម្ជស្សល្បីមួយនៅរាជធានីភ្នំពេញ និងជាសាលាបង្រៀនកែសម្ជស្ស«មីកាសា»ត្រូវបានជាប់ចោទជាមេខ្លោងជួញដូរផ្លូវភេទថ្នាក់«កាលីប» ព្រមទាំងឱ្យឈ្មោះថា«កំពូលម៉ែយ៉ែម»ទៀតផង ។
មន្ត្រីមានសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅវេលាម៉ោង៥និង៤៥នាទីរហូតដល់ម៉ោង៧យប់ថ្ងៃទី ១៩ កញ្ញា ។ ប្រតិបត្តិការបង្ក្រាបនេះដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រីសៀ សម្បត្តិ ព្រមទាំងមានការសម្របសម្រួលនិងចូលរួមដោយលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
កំពូលម៉ែយ៉ែមគឺជាថៅកែហាងអ៊ុតសក់និងកែសម្ជស្សមីកាសាត្រូវឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការនោះដែរជាមួយនឹងតារាចម្រៀងហេង ដាលីស ។ ស្ត្រីថៅកែហាងអ៊ុតសក់និងកែសម្ជស្សមីកាសា ចាន់ ស្រីណុច ហៅចែមុំ អាយុ៣៨ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ៣៨Eo ផ្លូវ១៣៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រីឯស្រីស្អាតដែលជាអ្នកបម្រើផ្លូវភេទសម្រាប់អ្នកមាន និងសម្រាប់តាតា ១-ឈ្មោះគឹម ស្រីនួន ហៅនួន អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅផ្ទះជួលសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ២-ឈ្មោះ ហេង ដាលីស អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ និងជាតារាសិល្បះ មានទីលំនៅផ្ទះលេខ១១៧Eo សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ (តារារូបនេះសមត្ថកិច្ចបានដកហូតរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែនពណ៌ស្ករ គ្មានស្លាកលេខ បិទកញ្ចក់ខ្មៅ។ ៣-ឈ្មោះឡេ ហឿង អាយុ២៩ឆ្នាំ មុខរបរលក់ខោអាវជជុះនៅខេត្តបន្ទាយមានជ័យ មានទីលំនៅឃុំអូរអំបិល ស្រុកសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ ៤-ឈ្មោះវណ្ណ ណារ៉ា ហៅមុំ អាយុ២៣ឆ្នាំ មុខរបរអ៊ុតសក់ មានទីលំនៅផ្ទះជួលលេខ១១៦សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ៥-ឈ្មោះវណ្ណ សម្ជស្ស អាយុ២៣ឆ្នាំ ជាកូនកសិករទើបមករកការងារធ្វើ ជាជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលលេខ១១៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ និង៦-ឈ្មោះគង់ ចាន់ឌួង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខផងជាអ្នកយាមម៉ូតូឡានផង និងជាអ្នកបើកបររថយន្តឱ្យថៅកែមីកាសាម្តងម្កាល ស្នាក់នៅផ្ទះជួលសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។ ឈ្មោះនេះត្រូវដកហូតរថយន្តមួយគ្រឿងម៉ាកតូយូតាកាមរីឆ្លាមពណ៌ស្ករ ពាក់ស្លាកលេខបណ្តោះអាសន្ន ។
ទាក់ទិននឹងការឃាត់ខ្លួនមនុស្សទាំង៦នាក់ខាងលើនេះលោកឧត្តមសេនីយ៍ត្រីសៀ សម្បត្តិស្នងការរងនៃស្នងការដ្ឋានស្រាវជ្រាវនិងយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា នេះជាករណីបង្ក្រាបបទល្មើសជួញដូរផ្លូវភេទដ៏ពិសេសមួយ ។ លោកឧត្តមសេនីយ៍បន្តថា ជាបឋមយើងឃាត់ខ្លួនមនុស្ស៦នាក់មែន ប៉ុន្តែនៅពេលនាំទៅសាកសួរទើបដឹងថា ស្ត្រី៥នាក់គឺជាជនរងគ្រោះ ជាអ្នកដែលគេនាំមកបម្រើផ្លូវភេទ ។ ដូច្នោះពួកគេនឹងអាចទទួលការអប់រំ ហើយឱ្យមានអ្នកធានាត្រឹមត្រូវឱ្យវិលទៅផ្ទះវិញ ក៏ដូចគ្នាជាមួយបុរសអ្នកបើកបរដែរ ។ ដោយឡែកថៅកែហាងអ៊ុតសក់ និងកែសម្ជស្សមីកាសា ចាន់ ស្រីណុច តម្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញទៅតាមនីតិវិធីច្បាប់ ។ ថៅកែហាងកែសម្ជស្សរូបនេះមិនអាចដោះលែងបានទេ ដោយយោងទៅលើការបង្ក្រាបបទល្មើសជាក់ស្តែង និងយោងតាមចម្លើយសារភាពរបស់នាងបម្រើផ្លូវភេទ៥នាក់ដែលឆ្លើយដាក់ ។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា ថៅកែហាងមីកាសាត្រូវសមត្ថកិច្ចតាមដានសកម្មភាពរបស់គេច្រើនខែឆ្នាំហើយ ប៉ុន្តែពុំមានភស្តុតាងឈានទៅរកការឃាត់ខ្លួន ។ សមត្ថកិច្ចបានឱ្យដឹងថា ថៅកែហាងមីកាសាល្បីឈ្មោះយូរហើយ រូបភាពបើកជាហាងអ៊ុតសក់ និងកែសម្ជស្ស ដែលភាគច្រើនមានតារាសិល្បះទៅធ្វើខ្លួននៅហាងរបស់នាង ។ កន្លងមកក៏ធ្លាប់ល្បីឈ្មោះហាងអ៊ុតសក់មីកាសាថា មានថ្នាក់ឯកឧត្តមខ្លះ លោកឧកញ៉ាណា ឬអ្នកមានប្រាក់ណាចង់យកតារាស៊ិចស៊ីណាមួយទៅកំដរគឺគ្រាន់តែទូរស័ព្ទទាក់ទងទៅចែមុំម្ចាស់ហាងមីកាសា ជាការស្រេចគឺមានអត់ខ្វះ ។ ជាមួយគ្នានេះ ក៏មានការល្បីថា ម្ចាស់ហាងមីកាសា ក៏យកស្រីក្មេងកូនកសិកររាប់សិបនាក់មករៀន និងឱ្យជួយបម្រើធ្វើជាជាងអ៊ុតសក់ តែនាងៗទាំងអស់នោះខ្លះគេចមិនផុតពីត្រូវបម្រើផ្លូវភេទនោះទេ ។ មានការចោទប្រកាន់ចំពោះថៅកែស្រីទៀតថា តារាៗដែលស្ម័គ្រចិត្តទៅកំដរតាតាមួយពេលមានតម្លៃមិនក្រោម១.០០០ដុល្លារទេ ។ រីឯកូនកសិករត្រូវការប្រាក់អាចមានតម្លៃ៥០០ដុល្លារចុះ។ បើតាមមន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ការចោទប្រកាន់ទាំងអស់នោះចាន់ ស្រីណុចម្ចាស់ហាងអ៊ុតសក់មីកាសាប្រកែក និងបដិសេធមិនទទួលរាល់ការចោទប្រកាន់នោះឡើយ ។
ទោះជាយ៉ាងណា ការឃាត់ខ្លួនអ្នកស្រីចាន់ស្រីណុច ហៅចែមុំ គឺសមត្ថកិច្ចបង្ក្រាបជាក់ស្តែងនៅពេលអ្នកស្រីនាំតារានិងជាងអ៊ុតសក់៥នាក់យកទៅដាក់ឱ្យភ្ញៀវដើម្បីបម្រើផ្លូវភេទ ។ ហេតុការណ៍នោះត្រូវបានគេដឹងថា នៅវេលាម៉ោងខាងលើមានភ្ញៀវអ្នកមានប្រាក់ម្នាក់បានទាក់ទងអ្នកស្រីចាន់ ស្រីណុច ហៅចែមុំ ឱ្យនាំ«តារា»និងហៅ«ក្តាមស្រែ»ដើម្បីបម្រើកាមតណ្ហាក្រៅផ្ទះ ។ ការទំនាក់ទំនងបានព្រមព្រៀងគ្នា ដំបូងណាត់ជួបនៅភោជនីយដ្ឋានស៊ីធីខេត តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ។ តាមសមត្ថកិច្ចនិយាយថា តម្លៃតារាម្នាក់១.៥០០ដុល្លារ ចំណែកស្ត្រីអ៊ុតសក់ តែ៥០០ដុល្លារទេ ។ សម្រាប់អ្នកមានប្រាក់គេត្រូវការម្ហូបប្លែក ពេលនោះក៏បានត្រូវរ៉ូវគ្នាហើយកំណត់ជួបគ្នានៅផ្ទះសំណាក់ទំនើបមួយមុខវត្តនាគវ័នដែលម្ចាស់ហាងមីកាសា ហៅម៉ែញ៉ែមជាអ្នកជូនដំណើរនាង៥នាក់ទៅដាក់នៅក្នុងបន្ទប់ជាមុនទុកឱ្យម៉ូយរើសអ្នកណាស្អាតមិនស្អាត ។ ស្របពេលមានការតាមប្រមាញ់របស់សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងតាមដានលើបទល្មើសនេះផង ក៏ក្រសោបខ្ចប់បានទាំងម៉ែញ៉ែមទាំងនារីអ្នកបម្រើផ្លូវភេទតែម្តង ។
ប្រភពព័ត៌មានទាំងអស់ខាងលើនេះកោះសន្តិភាពមិនបានចោទប្រកាន់អ្នកស្រីចាន់ ស្រីណុច ហៅចែមុំ ថាបានប្រព្រឹត្តបទល្មើសពិតប្រាកដមែននោះទេ ។ ក្នុងឱកាសនោះកោះសន្តិភាពបានព្យាយាមចង់ជួបអ្នកស្រីដើម្បីសុំការបំភ្លឺលើការចោទប្រកាន់នោះដែរ ប៉ុន្តែសមត្ថកិច្ចមិនទាន់អនុញ្ញាតិ ដោយមានការអះអាងថា រង់ចំាសមត្ថកិច្ចធ្វើកិច្ចការនោះចប់សព្វគ្រប់សិន ។ ចំពោះការបកស្រាយយ៉ាងណានោះពីអ្នកស្រីចាន់ ស្រីណុច ហៅចែមុំ ពិតជានឹងធ្វើឡើង តាមរយៈមេធាវីការពារក្តីឱ្យអ្នកស្រី ឬអាចឆ្លើយបំភ្លឺនៅពេលសវនការនៅតុលាការក៏បានដែរ កោះសន្តិភាពរង់ចាំទទួលយករាល់ការបំភ្លឺទាំងអស់ដើម្បីចៀសវាងមានការចោទប្រកាន់ដោយអយុត្តិធម៌ថា យកព័ត៌មានតែពីម្ខាង ។
តាមក្រុមអ្នកច្បាប់និយាយថា ថៅកែស្រីហាងមីកាសាពិបាកគេចផុតណាស់ពីការចោទប្រកាន់ ព្រោះវាជាសកម្មភាពជាក់ស្តែង ហើយសកម្មភាពជាក់ស្តែងបែបនេះ កើតមានយូរហើយនិងបានកាក់កបទៀតផង ។ តាមការស្ទាបស្ទង់មានតែតាតាខ្លះ ឬអ្នកមានប្រាក់ដែលជាម៉ូយដុំរបស់នាងទេ ដែលសោកស្តាយស្រីណុចដូចបាត់បង់ម៉ូយពិសេសដែលចេះដឹងទុក្ខធុរៈម៉ូយដុំគួរឱ្យស្តាយក្រៃលែង…៕
ចែករំលែកព័តមាននេះ