ការសិក្សាមួយបាននិយាយថា អាស៊ីដខ្លាញ់អូមេហ្គា៣នៅក្នុងសាច់ត្រីដែលគេហៅថា DHAមានសមត្ថភាពជួយជំរុញដល់ការចងចាំនិងថាមពលខួរក្បាលរបស់មនុស្ស ។ អ្នកដឹកនាំការពិសោធ លោក Yves Sauveព្រមទាំងក្រុមរបស់គាត់មកពីសាកលវិទ្យាល័យ University of Albertaប្រទេសកាណាដា បានពិនិត្យឃើញថា របបអាហារទទួលទានដែលមានកម្រិត DHA ខ្ពស់បានជួយជំរុញដល់ការចងចាំបានដល់៣០ភាគរយ ។
ថ្លែងនៅក្នុងការដកស្រង់ពាក្យសម្តីដោយព្រឹត្តិប័ត្រ Applied Physiology, Nutrition& Metabolismលោក Sauveបានបញ្ជាក់ថា ៖«យើងចង់ស្វែងយល់ឱ្យបានច្បាស់ពីហេតុដែលថា ការទទួលទានត្រីជួយធ្វើឱ្យល្អប្រសើរនូវការចងចាំ ។ អ្វីដែលយើងបានរកឃើញគឺថា កោសិកាអង្គចងចាំនៅក្នុង Hippocampus(ធាតុដ៏សំខាន់នៃខួរក្បាលរបស់មនុស្ស)អាចទំនាក់ទំនងបានយ៉ាងល្អប្រសើរជាងមុនជាមួយគ្នា ហើយការបញ្ជូនសារក៏ល្អប្រសើរជាងមុនផងដែរនៅពេលដែលកម្រិត DHAនៅបរិវេណទីតាំងនោះ(Hippocampus)របស់ខួរក្បាលខ្ពស់ជាងមុន ។ត្រង់នេះអាចពន្យល់បាននូវហេតុផលដែលថាការចងចាំត្រូវបានធ្វើឱ្យល្អប្រសើរឡើងតាមរយៈរបបអាហារដែលមាន DHA ខ្ពស់ »។
លោកបានបន្ថែមថា ដូច្នេះដើម្បីទប់ស្កាត់ការធ្លាក់ចុះកម្រិត DHAនៅក្នុងខួរក្បាលនៅពេលមានវ័យចាស់ គេគួរតែបន្ថែមសារធាតុ DHA ក្នុងរបបអាហារតាមរយៈបង្កើនការទទួលទានសាច់ត្រីឬប្រើឱសថពីធម្មជាតិ ៕
ចែករំលែកព័តមាននេះ