ខេត្តក្រចេះ ៖ រថយន្តតាក់ស៊ីសាំងយ៉ុង មួយគ្រឿងត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល ស្ទាក់ឃាត់ចាប់បាន ខណៈដែលរថយន្តមួយគ្រឿងនេះត្រូវជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពប្លន់ពីម្ចាស់នៅស្រុកមេមត់ ខេត្តកំពង់ចាម និងព្យាយាមបើករត់គេច ។
ទោះបីយ៉ាងណាក្នុងសកម្មភាពដេញស្ទាក់ចាប់ដែលធ្វើឡើងពីសំណាក់សមត្ថកិច្ចប៉េអឹម ស្រុកស្នួល នេះ គឺពុំបានចាប់ឃាត់ខ្លួនជនសង្ស័យដែលមានគ្នា២នាក់នោះទេ ខណៈដែលពួកគេបានព្យាយាមបើករថយន្តចូលផ្លូវលំក្នុងព្រៃ និងបានទុករថយន្តចោល ហើយរត់ចូលព្រៃគេចខ្លួនបាត់តែម្តង ។
តាមការរៀបរាប់របស់បុរសឈ្មោះសិន ណារ៉េន អាយុ២០ឆ្នាំ ជាម្ចាស់រថយន្តជាអ្នករត់តាក់ស៊ី រស់នៅស្រុកមេមត់ ខេត្តកំពង់ចាម បានឱ្យដឹងថា រថយន្តរបស់ខ្លួនដែលជនសង្ស័យ២នាក់ធ្វើសកម្មភាពប្លន់យកនេះម៉ាកសាំងយ៉ុង ពណ៌ស ។ បុរសជាម្ចាស់រថយន្តបានរៀបរាប់ទៀតថា កាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី១៨ កញ្ញា ជនសង្ស័យមានគ្នា២នាក់នេះបានទូរស័ព្ទហៅជួលរថយន្តរូបគេជិះទៅផ្សារមេមត់ ពេលមកដល់ក៏បានបបួលគេផឹកស៊ីនៅភូមិខ្នងក្រពើ ក្នុងឃុំមេមត់ រួចហើយប្រើល្បិចប្លន់ ដោយយកខ្សែក្រវាត់រឹត.ក ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ