ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរមកទិញម្ហូបអាហារនៅផ្សារសាមគ្គីហៅផ្សារប៉ាហ៊ីបានត្អួញត្អែរខ្សឹបខ្សៀវដាក់គ្នាពីមាត់មួយទៅមាត់មួយថា នៅក្នុង និងក្រៅផ្សារសាមគ្គីហៅផ្សារប៉ាហ៊ី នៅរដូវធ្លាក់ភ្លៀងនេះស្ទើរតែនៅជុំវិញផ្សារមានទឹកកខ្វក់ និងទឹកលូស្អុយហូរចេញពីក្នុងបង្គន់ហូរចូលទៅក្នុងផ្សារ ជាពិសេសនៅភាគខាងលិចផ្សារឃើញ មានទឹកលូស្អុយនេះហូរចេញពីបង្គន់ហូរពាសពេញផ្លូវ ដោយសារតែគ្មានប្រព័ន្ធលូបង្ហូរចោលច្បាស់លាស់ ទើបធ្វើឱ្យទឹកស្អុយហូរចេញមកក្រៅមានក្លិនអសោចបែបនេះ ។
ហេតុការណ៍ទឹកលូស្អុយហូរនេះបានកើតឡើងកាលពីថ្ងៃទី១៨ កញ្ញា ២០១២ នៅខាងលិចផ្សារ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានឱ្យដឹងថា ដោយសារភ្នាក់ងារម៉ៅការផ្សារមិនយកចិត្តទុកដាក់ពីប្រព័ន្ធបង្ហូរទឹកនៅជុំវិញផ្សារ ទើបបានជាពេលមានភ្លៀងធ្លាក់មកម្តងៗ ធ្វើឱ្យមានទឹកហូរចេញពីលូបង្គន់ស្អុយហូរមក បណ្តាលឱ្យមានក្លិនស្អុយអសោចជះសាយភាយស្ទើរតែពាសពេញក្នុងផ្សារភាគខាងលិចធ្វើឱ្យក្រុមអាជីវករដែលលក់ដូរនំបុ័ង បន្លែនិងនំផ្សេងៗមួយចំនួននៅកន្លែងក្បែរទឹកលូស្អុយហូរនេះឆួលស្ទើរតែសន្លប់ ហើយប្រជាពលរដ្ឋដែលចូលមកទិញម្ហូបអាហារពិបាកទ្រាំយ៉ាងខ្លាំងរហូតមានអ្នកខ្លះកើតជាឈឺក្បាលវិលមុខរកកល់ចង់ក្អួតក៏មាន ។ ជាពិសេសទឹកនេះបានហូរចូលទៅក្នុងផ្សារពេលអាជីវករដើរ ឬជិះម៉ូតូទៅជាន់លើទឹកនេះអាចខ្ទាតប៉ះនឹងបន្លែ ព្រមទាំងរបស់របរហូបចុកត្រីសាច់ និងទំនិញផ្សេងៗរបស់ពួកគេអាចប៉ះពាល់ដល់សុខភាព ហើយអាចធ្វើឱ្យក្រុមអាជីវលក់លែងដាច់ ព្រោះប្រជាពលរដ្ឋខ្ពើមរអើមលែងហ៊ានទិញយកទៅទទួលទានទៀតផង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ