ខេត្តព្រៃវែង ៖ ទីប្រជុំជនអ្នកលឿង គឺជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត អ្នកដំណើរគ្រប់ប្រភេទទាំងភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរមកពីប្រទេសវៀតណាម ក៏ដូចជាខេត្តស្វាយរៀង ហើយចង់ទៅលេងនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានានៅក្នុងប្រទេស គឺសុទ្ធតែត្រូវឆ្លងកាត់ទីប្រជុំជននេះ ។ ដូច្នេះដើម្បីជាមុខមាត់ និងកិត្តិយសខេត្ត ទីប្រជុំជនអ្នកលឿងនេះ ចាំបាច់ត្រូវតែរៀបចំសណ្តាប់ធ្នាប់ និងកែប្រែសោភ័ណភាពឱ្យកាន់តែស្រស់បំព្រងថែមទៀត ។
នេះគឺជាគោលបំណងធំ នៃសកម្មភាពចុះត្រួតពិនិត្យនៅទីប្រជុំជនអ្នកលឿង របស់គណៈកម្មការ១ក្រុមដែលដឹកនាំដោយលោកអ៊ុំ ប៊ុនឡេង អភិបាលរងខេត្ត កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ២០១២ ។ បន្ទាប់ពីដើរត្រួតពិនិត្យស្ថានភាពទូទៅរួចមក គណៈកម្មការមួយនេះបានធ្វើការប្រជុំពិភាក្សាកំណត់រកទីតាំងដែលត្រូវកែសម្រួលជាច្រើនចំណុច ក្នុងនោះតូបលក់នំប័ុងនៅម្តុំរង្វង់មូលត្រូវខិតថយក្រោយចេញពីផ្លូវចំនួន៣ម៉ែត្រ តូបលក់ដូរតាមបណ្តោយផ្លូវមុខផ្សារអ្នកលឿងទាំងសងខាងត្រូវខិតថយក្រោយពី៣ទៅ៤ម៉ែត្រ ។ ជួសជុលរបាំងថ្មចែកផ្លូវឱ្យស្អាតល្អឡើងវិញ នឹងដាក់ស្លាកសញ្ញាចរាចរទាំងសងខាង និងជួសជុលកែលំអរូបសំណាកមនុស្ស២នាក់ឱ្យកាន់តែមានសោភ័ណភាពថែមទៀត ។ ចំណែកក្រុមរថយន្តដែលចតនៅតាមដងផ្លូវត្រង់ចំណុចរង្វង់មូលមនុស្ស២នាក់នោះដោយសារតែគ្មានចំណតសម្រាប់ឱ្យចត ទើបគណៈកម្មការមួយនេះសម្រេចទុកឱ្យនៅទីតាំងដដែល ប៉ុន្តែមិនអនុញ្ញាតឱ្យឈប់ចតយូរ ឬចតទន្ទឹមគ្នានោះទេ ព្រោះវានឹងធ្វើឱ្យកកស្ទះចរាចរ ហើយចំណុចទាំងអស់នេះនឹងត្រូវអនុវត្តនៅព្រឹកថ្ងៃទី១៦ កញ្ញា ២០១២ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ