រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវនគរបាលប៉ុស្តិ៍ឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ចាប់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ កញ្ញា ២០១២ ខណៈពេលធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបពីស្ត្រីជាគ្រូពេទ្យធ្វើដំណើរតាមផ្លូវជាតិលេខ៥ នៅចំណុចមុខឃ្លាំងសាំងសូគីម៉ិច ក្នុងក្រុមទី១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន ១-ឈ្មោះស៊ុន សុភាព ហៅចាប ជាសិស្ស មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ និង២-ឈ្មោះឃូ គឹមសេង អាយុ១៨ឆ្នាំ ជាសិស្ស និងមានលំនៅជាមួយគ្នាត្រូវនគរបាលចាប់បាន នៅពេលព្យាយាមបើកម៉ូតូគេចរហូតដល់ភូមិបឹងសាឡាង ។ ចំណែកស្ត្រីម្ចាស់កាបូបឈ្មោះហួត ផល្លី អាយុ៤៣ឆ្នាំ ជាគ្រូពេទ្យនៅមណ្ឌលសុខភាពដូនពេញ មានលំនៅផ្ទះលេខ៣៣៨ ផ្លូវលេខ៦០៣ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌមានជ័យ ។ នៅក្នុងសកម្មភាពនេះក្រុមចោរឆក់ពុំបានសម្រេចហើយបង្កឱ្យស្ត្រីរងគ្រោះដួលម៉ូតូរងរបួស រលាត់ដៃជើងតិចតួច ប៉ុន្តែខណៈនោះស្ត្រីជាម្ចាស់កាបូបបានស្រែកចោរៗក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដេញចាប់បានទាំង២នាក់ និងដកហូតបានម៉ូតូម៉ាក ឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ