រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋក្របួចជាប់ប្រគល់ទៅឱ្យប៉ូលិសប៉ុស្តិ៍ផ្សារថ្មីទី១ ខណៈជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបរបស់នារី២នាក់ តែឆក់មិនបានសម្រេចត្រូវនារីរងគ្រោះស្រែកថា ចោរផ្អើលឆោឡោ ទើបប្រជាពលរដ្ឋស្ទាក់ចាប់បាន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ កញ្ញា ២០១២ នៅមុខហាងកាហ្វេត្រជាក់ចិត្ត៦៨ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ជនសង្ស័យទាំង២នាក់នោះមានឈ្មោះហ៊ាន ហៀង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ 7A សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ និងម្នាក់ទៀតឈ្មោះជា តាំងហុង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ ចំណែកនារីរងគ្រោះទាំង២នាក់ក្រោយពេលកើតហេតុបានលើកម៉ូតូជិះចេញពីកន្លែងកើតហេតុដោយមិនបានធ្វើការប្តឹងប្តល់ទេ ។ ដោយឡែកជនសង្ស័យទាំង២នាក់រួមទាំងម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារថ្មីទី១ ដើម្បីសាកសួរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ