ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុ​ភូត​កើត​មាន​លើ​កំពូល​ប្រាសាទ​អង្គរ​ថ្ងៃ​2​2​កញ្ញា​កោះ​សន្តិ​ភាព​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ថត​រូប​បាន​ល្អ​ឥត​ខ្ចោះ​

12 ឆ្នាំ មុន

នៅពេល​​បន្តិច​ទៀត​នេះ​ ឬថា ដល់ថ្ងៃ​ទី​២២ កញ្ញា ២០១២ ខាង​មុខ អាចនឹង​​មាន​មនុស្ស​​ជា​ច្រើន​​បាន​និង​កំពុង​ចាប់​អារម្មណ៍​​ចំពោះ​​ដំណើរ​​គោចរ​​របស់​ព្រះ​អាទិត្យ និង​ព្រះចន្ទ​ ចូល​ស្ថិត​លើ​ខ្សែ​អេក្វាទ័រ​ (Equator) បែង​ចែក​វេលា​យប់ និង​ថ្ងៃ​ស្មើ​គ្នា ​គឺវេលា​​យប់​​មាន​១២​ម៉ោង ហើយ​​វេលា​ថ្ងៃ​មាន​១២​ម៉ោង មាន​ន័យថា ​ព្រះ​អាទិត្យ​​ និងព្រះចន្ទ​​គោចរ​លើ​ចំណុច​កណ្តាល​នៃ​​ផែន​ដី ដូច្នេះ​​ហើយ​ទើប​ធ្វើ​ឱ្យ​​កើត​មាន​សម​ភាព​រាត្រី និង​សុរិយៈ ។

នៅពេល​​បន្តិច​ទៀត​នេះ​ ឬថា ដល់ថ្ងៃ​ទី​២២ កញ្ញា ២០១២ ខាង​មុខ អាចនឹង​​មាន​មនុស្ស​​ជា​ច្រើន​​បាន​និង​កំពុង​ចាប់​អារម្មណ៍​​ចំពោះ​​ដំណើរ​​គោចរ​​របស់​ព្រះ​អាទិត្យ និង​ព្រះចន្ទ​ ចូល​ស្ថិត​លើ​ខ្សែ​អេក្វាទ័រ​ (Equator) បែង​ចែក​វេលា​យប់ និង​ថ្ងៃ​ស្មើ​គ្នា ​គឺវេលា​​យប់​​មាន​១២​ម៉ោង ហើយ​​វេលា​ថ្ងៃ​មាន​១២​ម៉ោង មាន​ន័យថា ​ព្រះ​អាទិត្យ​​ និងព្រះចន្ទ​​គោចរ​លើ​ចំណុច​កណ្តាល​នៃ​​ផែន​ដី ដូច្នេះ​​ហើយ​ទើប​ធ្វើ​ឱ្យ​​កើត​មាន​សម​ភាព​រាត្រី និង​សុរិយៈ ។

ថ្ងៃដែល​​​កើត​​មាន​សម​ភាព​​រាត្រី និង​សុរិយៈ​​នេះ​ ត្រូវបាន​អ្នក​តារា​វិទូ​និយាយថា គឺព្រះ​អាទិត្យ​​​រះ​ចំ​កំពូល​​​ប្រាសាទ​កណ្តាល​នៃ​កំពូល​ប្រាសាទទាំង​៥​របស់​ប្រាសាទ​អង្គរ​វត្តកម្ពុជា ហើយ​ព្រះអាទិត្យ​​មិន​​លំអៀង​​ទៅ​ចំហៀង​​នៃ​ប្រាសាទ​​ទេ រហូត​លិច​បាត់​​ទៅ​ក្នុង​​ទ្វីប​លោក ។ ​ព្រះអាទិត្យ​​ចាប់​ផ្តើម​​លិច​ ព្រះ​ចន្ទ​​ចាប់​ផ្តើម​រះ​នៅ​ចន្លោះ​​វេលា​១២​ម៉ោង​ដូច​​​គ្នា… ខណៈ​​ស្បៃ​រាត្រី​​ក្រាល​គ្រប​លើ​ផែន​ពសុធា ​យើង​អាច​ឃើញ​រស្មី​ចន្ទថ្លា ​ចាំង​ឆ្លុះ​​ចំ​កំពូល​ប្រាសាទ​​កណ្តាល​នៃ​ប្រាសាទ​អង្គរ​វត្ត ដូច​ដែល​​ដំណើរ​ព្រះ​អាទិត្យ​​បាន​ឆ្លងកាត់​​ផង​ដែរ មាន​ន័យថា ព្រះអាទិត្យ និង​​ព្រះ​​ចន្ទ​គោចរ​លើ​​ចំណុច​កណ្តាល​​នៃ​ផែន​ដី​ដែល​ជា​​បាតុ​ភូត​មួយ​អស្ចារ្យ​បង្កើត​​ឱ្យ​មាន​វេលា​យប់​ និងថ្ងៃ​ស្មើ​​គ្នា ។

បាតុភូត​ដ៏​អស្ចារ្យ​រវាង​ព្រះអាទិត្យ​ និង​​ព្រះ​ចន្ទ​​​ធ្វើ​ដំណើរ​​ចំពី​លើ​កំពូល​ប្រាសាទ​កណ្តាល​នៃ​កំពូល​ប្រាសាទ​​ទាំង​៥​របស់​អង្គ​រ​វត្ត​​កម្ពុជានេះ នឹង​​ធ្វើ​ឱ្យ​អ្នក​​ស្រឡាញ់​​ធម្ម​ជាតិ ឬ​អ្នកដែល​ដឹង​រឿង​ និង​អ្នក​ដែល​ចាប់​អារម្មណ៍​ទាំង​ឡាយ​ធ្វើ​​ដំណើរ​ទៅ​ទស្សនា​​បាតុភូត​​ដ៏អស្ចារ្យ​​នេះ​​នៅ​ប្រាសាទ​​អង្គរ​វត្ត​ខេត្ត​សៀមរាប ​នាថ្ងៃទី​២២ កញ្ញា ២០១២ ​ជា​មិន​ខាន… ​អាច​ថា ចាប់​ពី​ពេល​នេះ​មាន​មនុស្ស​ជា​ច្រើន​​បាន​ត្រៀម​ខ្លួន​រួច​​ជា​ស្រេច​ ហើយ​ក៏​មិន​ដឹង ។ ពេល​នោះ​កាណុង​ម៉ាស៊ីន​ថត​នីមួយៗ​នឹង​តម្រង់​ទៅ​រក​ព្រះ​អាទិត្យ ​ដែល​រំកិល​ខ្លួន​មក​ចំ​កំពូល​ប្រាសាទ​កណ្តាល​នៃ​អង្គរ​វត្ត ហើយ​ក៏​នឹង​​តម្រង់​ម៉ាស៊ីត​ថត​ដូច​គ្នា​នឹង​ការ​រំកិល​របស់​ចន្ទ​មណ្ឌល​ផង​ដែរ ។ អញ្ចឹង​ហើយ​ទើប​យើង​​តែងតែង​រកឃើញ​ការ​ប្រមាញ់​រូបថត​ខ្លះរបស់​អ្នក​រូប​ភាព​​វិទ្យា​បង្ហាញ​រូបភាព​នីមួយៗ​​មាន​ព្រះអាទិត្យ​ ក៏ដូច​ជា​ព្រះចន្ទ​ប៉ប្រះ​ខ្លួន​លើ​កំពូល​​ប្រាសាទ​​កណ្តាល​នៃអង្គរ​វត្ត ។

សូម​បញ្ជាក់ថា បាតុ​ភូត​ដ៏​អស្ចារ្យ​​រវាង​ព្រះ​អាទិត្យ​​ និង​ព្រះ​ចន្ទ​ធ្វើ​ដំណើរ​​លើ​ខ្សែអេក្វា​ទ័រ (Equator) ឬ​ចំណុច​កណ្តាល​នៃ​ផែន​ដី​នេះ​មាន​អច្ឆរិយៈ​បេតិកភណ្ឌ​​​ជាច្រើន​ត្រូវ​បាន​គេ​ស្ថាបនា​​នៅ​​ចំ​ចំណុច​អ័ក្ស​​នៃគន្លង​ព្រះ​អាទិត្យ​​ ​និង​ព្រះ​ចន្ទ​​​ ដូច​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា​ផង​ដែរ ដូច​ជា​ពីរ៉ាមីត​នៅ​ប្រទេស​​អេហ្ស៊ីប​, ពីរ៉ាមីត​នៅ​ប្រទេស​ម៉ិច​ស៊ិក និង​​ប្រទេស​កាតេម៉ាឡា…។

សម​ភាព​ពេល​វេលា​រវាង​យប់​ និង​ថ្ងៃ​នេះ​ (Equinox) គេ​អាច​និយាយ​​តាម​លក្ខណៈ​​វិទ្យា​សាស្ត្រ​ថា ​ដំណើរ​​វិល​ជុំ​​របស់​ផែន​ដី​លើ​ខ្សែ​អេក្វា​ទ័រ (Equator) ដែលខណ្ឌ​​ចែក​ផែន​ដី​ជា​ពីរ​ស្មើ​គ្នា​ ហើយ​ដំណើរ​​គោចរ​របស់​​ព្រះ​អាទិត្យ​​ និង​ព្រះចន្ទ ​ក៏ស្មើ​គ្នា​ដែរ ដែល​បាតុ​ភូត​នេះ​​បង្កើត​ឱ្យ​មាន​សម​ភាព​រាត្រី និងថ្ងៃ​​ ។ សមភាព​​រាត្រី និង​សុរិយៈ​នេះ​ ​វា​កើត​មាន​ឡើង​រៀង​រាល់​​២​ដង​ក្នុង​១​ឆ្នាំ​ (នៅ​​ថ្ងៃទី​២០ មីនា ស្ថិត​ក្នុង​ទិទាឃ​រដូវ ​និង​ថ្ងៃទី​២២ កញ្ញា ស្ថិតក្នុង​សរទរដូវ)​ នៅពេល​​ដែល​ជម្រាល​​ខ្សែ​អ័ក្ស​​របស់​ផែន​ដី​មិន​ទេរ​ចេញ​​ពីគ្នា​ ឬ​លំអៀង​​ចេញ​ពី​​ព្រះ​អាទិត្យ​ និង​ព្រះចន្ទ ។

ពាក្យ​ថា សម​ភាពរាត្រី និង​សុរិយៈ ឬ​ Equinox ​នេះ ចេញមកពី​ពាក្យ​ឡាតាំង​ Aequus មាន​ន័យថា ​ស្មើ ហើយ Nox មាន​ន័យ​ថា យប់ ហើយ​នៅ​ជុំ​វិញ Equinox នេះគឺ​យប់ និង​ថ្ងៃ​មាន​ប្រវែង​ស្មើ​គ្នា​ដែល​ជា​បាតុ​ភូត​មួយ​កម្រ​​ផង​ដែរ ព្រោះ​​​១​ឆ្នាំ​មាន​តែ​២​ដង​ប៉ុណ្ណោះ ។ យើង​តែង​តែធ្លាប់​ឮ​ស្រាប់​ហើយ​​មាន​ពេល​ខ្លះ​គេ​និយាយ​ថា យប់​យូរ​ជាង​ថ្ងៃ… ​ហើយ​មាន​ពេល​ខ្លះ​គេ​ថា ថ្ងៃ​យូរ​ជាង​យប់ ​ដែល​មិន​មាន​សម​ភាព​រាត្រី និង​ថ្ងៃ​ ប៉ុន្តែ​ចូល​ដល់​ថ្ងៃទី​២០ មីនា និង​ថ្ងៃ​ទី​២២ កញ្ញា ក៏​កើត​មាន​បាតុ​ភូមិ​ពិសេស គឺ​សម​ភាព​រាត្រី និង​ថ្ងៃ​នេះ​​ឯង ។ 

​រីឯ​​នៅ​ប្រទេស​​កម្ពុជា​យើង​វិញ ក៏ កើត​មាន​បាតុ​​ភូត​សម​ភាព​រាត្រី និង​​សុរិយៈ ​ឬ Equinox ​នេះ​ដែរ គឺ​នៅ​ពេល​​ឈាន​ចូលដល់​ថ្ងៃទី​២២ កញ្ញា ២០១២ ស្ថិត​ក្នុង​សរទ​រដូវ​ ​ព្រះ​អាទិត្យ ​នឹង​រះ​ចំ​កណ្តាល​​កំពូល​ប្រាសាទ​ គឺ​កំពូល​ប្រាសាទ​​កណ្តាល​ក្នុង​ចំណោម​​ប្រាសាទទាំង​៥​នៃ​ប្រាសាទ​អង្គ​​រ​វត្ត​ ។ កំពូល​ប្រាសាទ​នេះ​គឺជា​​អ័ក្ស​របស់​​​តួរ​ប្រាសាទ​​ទាំង​មូល​ដែល​​លយ​ចេញ​​ចំ​អ័ក្ស​​នៃ​ខ្សែ​អេក្វា​ទ័រ​​ផែន​ដី​បែង​ចែក​​ភាព​ស្មើ​គ្នា​​រវាង​យប់​ និង​ថ្ងៃ និង​ភាព​ស្មើ​គ្នា​នៃ​ការខណ្ឌ​ចែក​ផែន​ដី​ជា​២ ។ អ្វី​ដែល​ពិសេស​នោះ​ គឺ​វិស្វករ​​ខ្មែរ​បុរាណ​ជំនាន់​ព្រះ​បាទ​ជ័យ​វរ្ម័ន​​ទី​២ និង​ព្រះ​​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​បង្កើត​រាជ​អង្គរ និង​កសាង​អង្គរ​បាន​ជ្រើស​រើស​​ទីតាំង​សាង​សង់​​​ប្រាសាទ​​អង្គរ​នេះ​ចំ​គន្លង​ព្រះ​អាទិត្យ​ និង​ព្រះចន្ទ ឬ​ចំ​ចំណុច​កណ្តាល​រវាង​ព្រះ​អាទិត្យ និង​ព្រះ​ចន្ទ ដោយ​យក​កំពូល​ប្រាសាទ​កណ្តាល​ក្នុង​ច​ំណោម​ទាំង​៥​ធ្វើ​ជា​ចំណុច​អ័ក្ស​នៃ​គន្លង​ព្រះ​អាទិត្យ​ និង​ព្រះ​ចន្ទ​​ជា​ថ្ងៃ​ដែល​កើត​មាន​សម​ភាព​រាត្រី និង​សុរិយៈ ។ ​ការ​រៀបចំ បែប​នេះ​មាន​អត្ថ​ន័យ​ជា​ច្រើន​ទាក់​ទិន​នឹង​ភាព​ស្មើ​គ្នា, អំពើ​អាក្រក់​ និង​អំពើ​ល្អ​ត្រូវ​ខណ្ឌ​ចែក​ដាច់​ពី​គ្នា, វេលា​យប់ និង​វេលា​​ថ្ងៃ​ត្រូវ​ខណ្ឌ​ដាច់​ពីគ្នា ប៉ុន្តែ​មាន​រយៈ​វេលា​ស្មើ​គ្នា គឺ​ម្ខាង​១២​ម៉ោង​ស្មើ​គ្នា និង​​ពាក់​ព័ន្ធ​​នឹង​ទេវកថា​រឿង​កូរ​សមុទ្រ​​ទឹក​ដោះ ។

​​ការ​​សាង​សង់​ប្រាសាទ​​អង្គរ​​វត្ត គឺជាប់​​ពាក់​ព័ន្ធ​នឹង​​រឿង​ព្រេង​ទេវកថា​ ជា​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ ​លំនៅ​នៃ​ទេវតា ហើយ​​កំពូល​ទាំង​​៥​តំណាង​​ឱ្យ​កំពូល​ភ្នំ ជញ្ជាំង​​ និង​​គូ​ទឹក​​ព័ទ្ធជុំ​​វិញ​​តំណាង​ឱ្យ​ជ្រលង​​​ជួរភ្នំ និង​មហា​សមុទ្រ។ ​​នៅ​ក្នុង​​រឿង​​ព្រេង​ទេវកថា មាន​រឿងរ៉ាវ​អស្ចារ្យ​​មួយ​ គឺ​​ការ​កូរ​សមុទ្រ​ទឹក​ដោះ​រវាង​ក្រុម​អសុរា និង​ទេវតា​​ប្រយុទ្ធគ្នា​​ដណ្តើម​​យក​ទឹក​អម្រឹត​ដែល​ទឹក​នេះ​ផឹក​ហើយ​មា​នជីវិត​អមតៈ ដូច​​មាន​រូប​សំណាក​​ទេវតា និង​យក្ស​ទាញ​ព្រ័ត្រ​​នៅ​មុខ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ជា​ដើម ។​

​ចំណែក​​នៅប្រទេសអេហ្ស៊ីប ​វិញ​ បាតុ​ភូត​សមភាព​រាត្រី និង​សុរិយៈ​នេះ ក៏​កើត​​មាន​ផង​​ដែរ ​គឺ​ស្ថិតក្នុង​និទាឃ​រដូវ​នៃ​តំបន់​ខ្ពង់​រាប​ហ្គីហ្សា (Giza) ​(ថ្ងៃទី​២០ មីនា) កន្លែង​​ដែល​រូប​សំណាក​​​មនុស្ស​ក្បាល​តោ (Sphinx) និង​​មហា​ពីរ៉ាមីត ត្រូវ​​បាន​គេ​សាង​សង់​បន្សល់​ទុក​មក​ជា​អច្ឆរិយ​​​បេតិក​ភណ្ឌ​​នោះ គឺ​ជា​កន្លែង​​ដែល​ព្រះ​អាទិត្យ​​ និង​ព្រះ​ចន្ទ​ធ្វើ​ដំណើរ​​ចំ​ចំណុច​កណ្តាល​នៃ​ប្រាសាទ​នោះ​តែម្តង ។ មនុស្ស​ក្បាល​តោ​នេះ ​សម្លឹង​​​ទៅទិស​ខាងកើត​ជាទិស​ដែល​ព្រះ​អាទិត្យ​រះ​​នៅ​ពេល​ព្រឹក​ព្រលឹម​នៃ​សម​​ភាព​រាត្រី​​ និង​សុរិយៈ ព្រម​ទាំង​កម្រិត​​ភាព​ស្មើ​គ្នា​នៃ​វដ្ត​រដូវ​កាល​ផង​ដែរ ។ ​ដំណើរ​នៃ​​សម​ភាព​​រាត្រី និង​សុរិយៈ គឺ​​ព្រះ​អាទិត្យ​​រះ​នៅ​ក្នុង​ហ្វូង​​តារា​និក​រ​​ផ្សេងៗ​គ្នា​​ប្រហែល​​ជា​រៀង​រាល់​២១៥០​ឆ្នាំ​ម្តង ។

នៅយុគសម័យ​ម៉ា​យ៉ាន​បុរាណ​ក្នុង​ឧប​ទ្វីប​​យូខាតាន់ (Yucatan) ប្រទេស​ម៉ិចស៊ីកូ ​បាតុភូត​សម​ភាព​រាត្រី​ និង​សុរិយៈ (Equinox) នេះបាន​កើត​មាន​​​លើ​កំពូល​ប្រាសាទ​​មនុស្ស​ដី​ឥដ្ឋ​ទាំង​ប្រាំពីរផងដែរ ។ ព្រះ​អាទិត្យ​​រះ​នៅថ្ងៃ​សមភាព​រាត្រី និង​សុរិយៈ​ក្នុង​និទាឃ​រដូវ​ (ថ្ងៃ​ទី​២០ មីនា)​ជះ​ពន្លឺ​ចូល​តាម​ទ្វារ​កណ្តាល​ដែល​មើល​ទៅគួរ​ឱ្យ​ស្ងប់​ស្ងែង ។

ចំណែក​ប្រាសាទ​​ចាគួ (Jaquar) ​នៃ​​ប្រទេស​កាតេម៉ា​ឡា ដែល​​ជា​ប្រាសាទ​​ ស្ថិត​កប់​ជ្រៅ​នៅ​កណ្តាល​​ទ្រូង​ព្រៃ​មាន​សណ្ឋាន​​ជា​ពី​រ៉ាមីត​ដែរ​នោះ​​ កំពូល​​ប្រាសាទ​នេះ​មាន​កំពូល​ខ្ពស់​​ជសន្លឹម ។ នៅ​ក្នុងថ្ងៃ​កើត​មាន​​សម​រាត្រី​​នៃ​​និទាឃ​​រដូវ (ថ្ងៃ​ទី​២០ មីនា) ​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​តួ​ប្រាសាទ​​ចាគួ​នេះ ​បណ្តាល​ឱ្យ​ប្រាសាទ​ជះ​ស្រមោល​ស្រស់​ត្រកាល​​គួរ​ឱ្យ​គយគន់ ។

ងាក​មក​ពីរ៉ាមីត​​​ឈីឆេន​អីុ​ត​ហ្សា នៅ​ឧប​ទ្វីប​យូខាតាន់​ដដែល ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ស្គាល់​​ថា អាល់​​ខា​ស្ទី​ឡូ (El Castillo) ជា​ប្រាសាទឧទ្ទិស​ចំពោះ​ គូ​កាល់​ឃេន (Kukulcan) ឬពស់​ដុះ​ស្លាប ។ ​ជ្រុង​ទាំង​៤​នៃ​ប្រាសាទ​​នេះ​មាន​ជណ្តើរ​​៩១ ។ នៅ​ពេល​កើត​មាន​បាតុ​ភូ​ត​សមភាព​​រាត្រី​ និង​ថ្ងៃ​ ក្នុង​និទាឃ​រដូវ​​នោះ​ ពន្លឺ​ព្រះ​អាទិត្យ​​ដែល​រះ​មក​លើ​ប្រាសាទ​​បង្កើត​បាន​​រស្មី​៧ពណ៌​នៅលើ​ទីលាន​នៃ​ប្រាសាទ​រហូត​ដល់​ក្បាល​ពស់​ដុះ​ស្លាប​នោះ គួរ​គយ​គន់​ដល់​អ្នក​ផង​ទាំង​ឡាយ ។

កោះ​សន្តិ​ភាព​សូម​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​អ្នក​ថ​ត​រូប​ណា​ដែល​មាន​ស្នា​ដៃ​​ល្អ​ក្នុង​ការ​ប្រមាញ់​រូប​ព្រះ​អាទិត្យ​​រះ ប៉ប្រះ​លើ​កំពូល​ប្រាសាទ​​កណ្តាល​នៃ​ប្រាសាទ​​អង្គរ​វត្ត ដោយ​​យើង​ជ្រើសរើស​​​យក​អ្នក​មាន​ស្នា​ដៃ​ល្អ​៥​នាក់ ​នឹង​ផ្តល់​​រង្វាន់​ជូន​ម្នាក់​​ទទួល​បាន​សំបុត្រ​ភាព​យន្ត​ចំនួន​២​ទៅ​ទស្សនា​ភាព​នៅ​​រោង​ភាព​យន្ត​​ទំនើប​ក្នុង​រាជ​ធានីភ្នំពេញ។ ក្រោយ​ថ្ងៃទី​២២ កញ្ញា ២០១២ ​សូម​រហ័ស​បញ្ជូន​​រូប​ថត​ដែល​មាន​ស្នាដៃ​ល្អ​មក​កាន់​​ទីចាត់​ការ​កោះ​សន្តិ​ភាព (អគារ​លេខ​២៤០ ផ្លូវ​លេខ​២៧១ សង្កាត់​​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ) ​ដើម្បី​ទទួល​បាន​រង្វាន់​សំបុត្រ​​ភាព​យន្ត​៕