រាជធានីភ្នំពេញ៖ សិក្ខាសាលាថ្នាក់ជាតិស្ដីអំពីប្រព័ន្ធពន្ធលើផលិតផលថ្នាំជក់ បានរៀបចំធ្វើឡើងនៅ សណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ កញ្ញា ក្រោមអធិបតីភាព លោកបណ្ឌិតហង់ ជួនណារ៉ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកវេជ្ជបណ្ឌិតអឹុង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិតPieter Van Maaren តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត Ayda Yurekli អ្នកសេដ្ឋសាស្រ្ត ត្រួតពិនិត្យថ្នាំជក់នៃអង្គការសុខភាពពិភពលោក ។
ការប្រារព្ធធ្វើសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីចែករំលែកជូនស្ថាប័នពាក់ព័ន្ធសម្រាប់ស្វែងយល់ពីស្ថានភាពទូទៅនៃការយកពន្ធលើផលិតផលថ្នាំជក់ នៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមានអត្រាពន្ធលើផលិតផលថ្នាំជក់ស្ថិតនៅកម្រិតស្ទើរតែទាបជាងគេ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់អាស៊ី ។ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះ លោកហង់ ជួនណារ៉ុន មានប្រសាសន៍លើកឡើងថា កម្ពុជាជាប្រទេសទី១១១ក្នុងចំណោមប្រទេស១៦៨ ដែលបានផ្ដល់សច្ចាប័នដែលតម្រូវឱ្យកម្ពុជាប្រកាន់ខ្ជាប់និងយកទៅអនុវត្តដូចជាមាត្រា៦ ស្ដីអំពីវិធានការតម្លៃ និងពន្ធលើផលិតផលថ្នាំជក់ ដើម្បីកាត់បន្ថយតម្រូវការផលិតផលថ្នាំជក់ ។ អនុលោមតាមមាត្រា៦ នេះភាគីត្រូវបង្កើតនិងអនុវត្តគោលនយោបាយដំឡើងពន្ធ និងគោលនយោបាយដំឡើងថ្លៃលើផលិតផលថ្នាំជក់ដើម្បីរួមចំណែកកាត់បន្ថយអត្រាប្រើប្រាស់ថ្នាំជក់គ្រប់ទម្រង់ ។
លោកបានបន្តថា ដើម្បីឆ្លើយតបនឹងកាតព្វកិច្ចក្រោមមាត្រា៦ ផងដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារចំពោះការយកពន្ធលើផលិតផលថ្នាំជក់ ដើម្បីសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងតម្លៃនៃផលិតផលថ្នាំជក់ ជាពិសេសមានកាតព្វកិច្ចចម្បងគឺសិក្សាអំពីលទ្ធភាពក្នុងការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងរៀបចំអនុសាសន៍ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាក់ទងនឹងការដំឡើងពន្ធលើផលិតផលថ្នាំជក់ ។
លោកវេជ្ជបណ្ឌិតPieter van Maarenតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាថ្លែងថា ដោយសារប្រទេសកម្ពុជាជាសមាជិកភាគីនៃអនុសញ្ញាស្ដីអំពីការត្រួតពិនិត្យថ្នាំជក់ ដូចនេះប្រទេសកម្ពុជា មានកាតព្វកិច្ចដើម្បីអនុវត្តតាមមាត្រាទាំងឡាយដែលបានចែងក្នុងអនុសញ្ញានេះ ។ នៅក្នុងមាត្រា៦ នេះដែរ គឺចង់ឱ្យប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់ដើម្បីការពារយុវវ័យ ដែលមិនទាន់ចេះជក់ កុំឱ្យពួកគាត់ជក់ ហើយក៏អាចលើកទឹកចិត្តដល់អ្នកដែលកំពុងជក់ឱ្យកាត់បន្ថយការជក់ ជាពិសេសជាងនេះទៀតអាចកាត់បន្ថយអត្រាស្លាប់ដោយសារថ្នាំជក់នៅកម្ពុជាបានមួយកម្រិតទៀត ។
លោកបានបន្ថែមថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់នៅកម្ពុជាមានត្រឹមតែ១០ភាគរយទេ បើយើងសរុបពន្ធទាំងអស់ដែលយើងយកបានពីផលិតផលថ្នាំជក់ គឺបារីក្នុងស្រុកមាន២០ភាគរយនៃតម្លៃរាយ ហើយពន្ធលើបារីនាំចូលមាន២៥ភាគរយនៃតម្លៃរាយ ។ ទិន្នន័យនេះបើយើងប្រៀបធៀបទៅនឹងប្រទេសជិតខាងដូចជា ប្រទេសថៃ ពន្ធតម្លៃរាយ គេយកបានដល់ទៅ៨០ភាគរយ ឯណោះ ដូចនេះយើងឃើញថា តម្លៃពន្ធលើថ្នាំជក់នៅកម្ពុជាមានកម្រិតទាបនៅឡើយ ។ លោកបន្តថា ការដំឡើងពន្ធលើថ្នាំជក់នេះមិនធ្វើឱ្យប៉ះពាល់ដល់កសិករប៉ុន្មានទេ ព្រោះថា នៅប្រទេសយើងផ្ទៃដីដែលដាំថ្នាំជក់មានតិចតួចណាស់។
គួរបញ្ជាក់ថា តាមការស្រាវជ្រាវពីថ្នាំជក់ថ្នាក់ជាតិលើមនុស្សពេញវ័យកម្ពុជាឆ្នាំ២០១១ ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បុរសកម្ពុជាអាយុចាប់ពី១៨ឆ្នាំឡើងទៅមាន៤២,៥ភាគរយជាអ្នកជក់បារី តួលេខនេះមានការថយចុះបើប្រៀបធៀបទៅនឹងឆ្នាំ២០០៨ដែលមានរហូតដល់ទៅ៤៨ភាគរយ ។ ប៉ុន្តែដោយសារកំណើនប្រជាជន ចំនួនអ្នកចជក់បារីទាំងអស់មិនមានការថយចុះទេគឺឆ្នាំ២០០៨មានចំនួន១.៩២៤.០០០នាក់ ចំណែកឆ្នាំ២០១១មាន១.៩៩៣.០០០នាក់ ៕
ចែករំលែកព័តមាននេះ