ខេត្តព្រះសីហុន ៖ សពបុរសជាកម្មករនេសាទ ត្រូវបានគេរាវរកឃើញហើយកាលពីវេលាម៉ោង១៩យប់ថ្ងៃទី ១៧ កញ្ញា ហើយបាននាំយកមកដល់ដីគោកនៅម៉ោងប្រមាណ៦ និង៥៥នាទីព្រឹកថ្ងៃទី ១៨ កញ្ញាក្រោយពីត្រូវបានខ្យល់ព្យុះពន្លិចទូកកាលពីព្រលប់ថ្ងៃទី១៦ កញ្ញា នៅចំណុច ពយអៅវៅ ក្នុងទឹកដីខេត្តកោះកុង ។
យោងតាមប្រភពពីកម្មករទូកដូចគ្នាម្នាក់បាននិយាយថា ជនរងគ្រោះឈ្មោះសយ សារុំ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្រុមទី២៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានស្រុកកំណើតនៅភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកំពត ។ ប្រភពដដែលបានបន្តថា ជនរងគ្រោះបានធ្វើជាកម្មករបើកទូកនេសាទឱ្យថៅកែ ឈ្មោះ ហ៊ឺ ដែលមានទីលំនៅបច្ចុប្បន្ន ក្រុមទី២៤ ភូមិ ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានចេញទូកកាលពីថ្ងៃទី ១៥ កញ្ញា ជាមួយនឹងកូនដៃទូកចំនួន២នាក់ទៀតហើយបានលិចនៅម៉ោងជាង១៨ ល្ងាចថ្ងៃទី ១៦ កញ្ញា ខណៈពេលកំពុងទម្លាក់មងអួសបង្គារ នៅក្នុងទឹកដីខេត្តកោះកុង តែកម្មករទូកទាំងពីរបានរួចផុតគ្រោះថ្នាក់ ។ ចំពោះមូលហេតុដែលបណ្ដាលឱ្យកម្មករទូកនេសាទដែលអ្នកបើកបរទូកស្លាប់នោះ ដោយសារខណៈពេលមានខ្យល់ព្យុះអ្នកបើកបរទូកនោះបានចូលទៅក្នុងឃ្លុបទូក ហើយចេញមិនរួចក៏ឈ្លក់ទឹកស្លាប់តែម្ដង។
បច្ចុប្បន្នសពត្រូវបានសាច់ញាត្តិ មិត្តភក្កិ យកទៅតំកល់ទុកនៅវត្តក្រោមរង់ចាំប្រពន្ធនៅខេត្តកំពតមកដល់ទើបធ្វើពិធីបូជាទៅតាមប្រពៃណី ។សូមបញ្ជាក់ផងដែរថារយៈពេលថ្មីៗនេះខេត្តព្រះសីហនុ ក៏ដូចជាខេត្តជាប់មាត់សមុទ្រត្រូវបានរងនូវសម្ពាធខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងនោះមានព័ត៌មានថា ទូកនេសាទជាច្រើនបានលិច និងបានបាត់ខ្លួនកម្មករទូកជាច្រើននាក់ ផងដែរ។ជាក់ស្ដែងនៅវេលាម៉ោងជាមួយគ្នានោះ ទូកនេសាទរាយមងពន្លិចមួយបានលិចកណ្ដាលសមុទ្ររហូតមកដល់ពេលនេះនៅពុំទាន់រកសពជនរងគ្រោះឃើញនៅឡើយទេ ៕
ចែករំលែកព័តមាននេះ