ខេត្តបន្ទាយមានជ័យ ៖ នៅសាលប្រជុំ នៃបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោកលេខ៩១១ នាព្រឹកថ្ងៃទី១៧ កញ្ញា មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអត្ថបទគោលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អធិប្បាយផ្តល់ការបំភ្លឺស្តីពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដល់លោកមេបញ្ជាការ មេបញ្ជាការរង នាយ-នាយរងផ្នែក និងនាយ-នាយរងប៉ុស្តិ៍ការពារព្រំដែនគោកទាំង៩មកពី៥ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ចំណុះឱ្យបញ្ជាការស្រាលប្រចាំទិសភូមិភាគទី៥ សរុបចំនួន១៤០នាក់ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ប្រាក់ កាណារ៉ា ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក និងជាមេបញ្ជាការស្រាលប្រចាំទិសភូមិភាគទី៥ ។
លោកឧត្តមសេនីយ៍ទោ ប្រាក់ កាណារ៉ា មានប្រសាសន៍ថា តាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានណែនាំឱ្យលោកចុះមកនាថ្ងៃនេះ គឺដើម្បីធ្វើការប្រជុំផ្សព្វផ្សាយពីអត្ថបទគោលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អធិប្បាយផ្តល់ការបំភ្លឺ ស្តីពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យដល់កងកម្លាំងនគរបាលជាតិ ពិសេសគឺកងកម្លាំងនគរបាលការពារព្រំដែនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីព្រំខណ្ឌសីមាព្រំដែនគោក និងសមុទ្រ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អធិប្បាយផ្តល់ការបំភ្លឺក្នុងពេលប្រជុំពេញអង្គនៃរដ្ឋសភា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ កន្លងមកនេះ ។
លោកឧត្តមសេនីយ៍ទោ ប្រាក់ កាណារ៉ា បានបន្តថា សៀវភៅអត្ថបទគោលនេះ មានសារសំខាន់ណាស់ សម្រាប់នគរបាលការពារព្រំដែន ដែលត្រូវស្វែងយល់ដឹងឱ្យច្បាស់លាស់ មើលឱ្យបានច្រើនដង និងចាំស្ទាត់ ពេលដែលមានជនណាមួយឆ្លៀតប្រើកលល្បិចពីរឿង បញ្ហាព្រំដែនបម្រើឱ្យនយោបាយរបស់ខ្លួន ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា គឺយើងត្រូវឆ្លើយតបនិងបកស្រាយទៅវិញឱ្យបានច្បាស់លាស់ ។ ម្យ៉ាងវិញទៀត សូមឱ្យអស់លោកមេបញ្ជាការ មេបញ្ជាការរងនាយផ្នែក នាយរងផ្នែក និងនាយ-នាយរងប៉ុស្តិ៍ទាំងអស់ពេលត្រឡប់ទៅអង្គភាពវិញត្រូវធ្វើការផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន និងប្រជាពលរដ្ឋឱ្យបានស៊ីជម្រៅ ដើម្បីឱ្យគាត់បានយល់ដឹងអំពីខ្លឹមសារ និងអត្ថន័យនៃអត្ថបទគោលនេះ ៕
ចែករំលែកព័តមាននេះ