ខេត្តព្រះសីហនុ ៖ មន្ត្រីសាលាខេត្តថ្លែងថា ប្រជាពលរដ្ឋនៅភូមិស្ទឹងឆាយខាងត្បូង (តំបន់តាមូងផ្អែម) ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា នឹងទទួលបានអគារសិក្សា១ខ្នងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈការស្នើសុំរបស់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ក្រុមទី១១៣ ក៏ដូចជាមន្ត្រីក្រុមការងារសុរិយោដីខេត្ត ដែលបំពេញកិច្ចការរួមគ្នាវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅតំបន់តាមូងផ្អែម ។ តំបន់នោះស្ថិតនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជន ហើយប្រជាពលរដ្ឋចង់ឱ្យមានការជួយផ្តល់នូវអគារសិក្សាថ្មីជំនួសអគារសិក្សាចាស់ក្នុងភូមិដែលមានតែ៣បន្ទប់ សង់ពីឈើប្រក់ស័ង្កសី តូចចង្អៀត និងចាស់ទ្រុឌទ្រោម ។
បើតាមលោកនួន ប៉ុក អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជាប្រធានក្រុមការងារមន្ត្រីជំនាញសុរិយោដីខេត្ត ដែលរួមការងារជាមួយយុវជនក្រុមទី១១៣ មានយុវជនចាន់ ផានិត ជាប្រធានក្រុម បាននាំយកការអបអរសាទរពីប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រី អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងស្រុក ចំពោះដំណឹងដែលថាសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតជួយឧបត្ថម្ភអគារសិក្សាដល់មូលដ្ឋានដាច់ស្រយាលមួយនេះឱ្យមានជាសាលារៀនត្រឹមត្រូវ បង្កលក្ខណៈងាយស្រួលដល់កូនចៅប្រជាពលរដ្ឋបានរៀនសូត្រយ៉ាងហោចណាស់ត្រឹមថ្នាក់ទី៦ដែរ ។ កាលពីមុន តំបន់តាមូងផ្អែមនេះពុំមានសាលារៀនអាចឱ្យបន្តការសិក្សាចប់ថ្នាក់បឋមសិក្សាឡើយ ហើយតាមរយៈនេះក្នុងឱកាសដែល លោកប្រាក់ ស៊ីហារ៉ា អភិបាលរងខេត្ត ដឹកនាំមន្ត្រីរួមដំណើរជាមួយបុគ្គលិកទូរទស្សន៍CNC, CTN តំណាងដោយលោកអគ្គនាយករង សោម ឆាយា ចុះសួរសុខទុក្ខ និងជូនអំណោយជាគ្រឿងឧបភោគ បរិភោគដល់យុវជនស្ម័គ្រចិត្តទាំង៤ក្រុមមុននឹងការឈប់សម្រាកលើកទី២ កាលពីថ្ងៃទី១៤និង១៥ ខែកញ្ញា លោកនួន ប៉ុក និងតំណាងយុវជនស្ម័គ្រចិត្តបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ក្រុមយុវជនស្ម័គ្រចិត្ត ក៏ដូចជាមន្ត្រីរួមការងារទូទាំងប្រទេសគ្រប់ពេលវេលា និងគិតគូរដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។
លោកនួន ប៉ុក ឱ្យដឹងថា បច្ចុប្បន្នក្រុមការងារសុរិយោដីខេត្ត និងយុវជនក្រុមទី១១៣ បានបញ្ចប់ការងារវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅតំបន់តាមូងផ្អែមជាស្ថាពរហើយ ហើយកំពុងប្តូរទីតាំងទី២មកកាន់ឃុំកំពង់សិលា ស្រុកកំពង់សិលា បន្តទៀត ។ នៅតំបន់តាមូងផ្អែម ក្រោយពីបញ្ចប់ការងារវាស់វែងដីធ្លីរួចមក បើតាមលោកនួន ប៉ុក និងយុវជនចាន់ ផានិត អះអាងថា ប្រជាពលរដ្ឋមួយចំនួនកំពុងសាងសង់លំនៅឋានរឹងមាំថ្មីជាបន្តបន្ទាប់ជំនួសឱ្យការសង់ខ្ទមស្នាក់នៅជាបណ្តោះអាសន្នដូចកាលពីមុន ក្នុងអំណរសាទរថា ពួកគាត់ត្រូវបានរាជរដ្ឋាភិបាលប្រគល់ដីកម្មសិទ្ធិស្របច្បាប់ដូចប្រជាពលរដ្ឋដទៃទៀតដែរ ។ ជាក់ស្តែងកាលពីដើមខែកញ្ញា នេះ មានប្រជាពលរដ្ឋមួយចំនួនបានធ្វើពិធីឡើងផ្ទះថ្មី ដោយបានអញ្ជើញក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ មន្ត្រីសុរិយោដីខេត្ត និងមន្ត្រីក្រុមការងារថ្នាក់ខេត្តចូលរួមអបអរសាទរផងដែរ ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មានយុវជនស្ម័គ្រចិត្តសម្តេចេតជោ ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋចំនួន៤ក្រុម ស្មើនឹង៤៨នាក់ និងក្រុមមន្ត្រីសុរិយោដីថ្នាក់ខេត្ត៤ក្រុម មាន៤៨នាក់ ដូចគ្នា ប្រចាំការនៅស្រុកព្រៃនប់៣ក្រុម និងស្រុកកំពង់សិលា១ក្រុម ។ ចំណែកការឈប់សម្រាករបស់ក្រុមយុវជនជាលើកទី២ ចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញា ក្នុងនោះពេលជូនដំណើរឈប់សម្រាកលោកប្រាក់ ស៊ីហារ៉ា អភិបាលរងខេត្ត បាននាំយកថវិការបស់សាលាខេត្តចំនួនមួយលានរៀលរួមជាមួយថវិការបស់មន្ទីរសុរិយោដីខេត្តមួយលានប្រាំពីរសែនរៀលទៀត ឧបត្ថម្ភក្រុមយុវជន និងមន្ត្រីថ្នាក់ខេត្តពេលសម្រាកនេះផងដែរ ៕
ចែករំលែកព័តមាននេះ