រាជធានីភ្នំពេញ ៖ នារីជនជាតិវៀតណាមម្នាក់ដែលមានរូបឆោមស្រស់បស់បានប៉ុនប៉ងធ្វើអត្តឃាត ដោយលោតទឹកទន្លេសម្លាប់ខ្លួន និងបង្កឱ្យមានការភ្ញាក់ផ្អើលនៅខាងកើតរូបសំណាកតេជោមាស តេជោយ៉ត ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ កញ្ញា ក៏ប៉ុន្តែនារីរូបនោះត្រូវបានបុរសម្នាក់ជួយស្រង់ឡើងគោករួចផុតពីសេចក្តីស្លាប់ ។
យុវជនរដ្ឋា ដែលឃើញហេតុការណ៍បាននិយាយឱ្យដឹងថា មុនពេលកើតហេតុរូបលោកបានដើរហាត់ប្រាណ លុះមកដល់ខាងកើតរូបសំណាកតេជោមាស តេជោយ៉ត ក៏ឃើញនារីម្នាក់មានរូបឆោមស្រស់ស្អាត ស្លៀកសំពត់ខើចពណ៌ខ្មៅ ហើយពាក់អាវពណ៌ខ្មៅ ស្ពាយកាបូបចុះពីលើម៉ូតូឌុបទាំងទឹកមុខក្រៀមក្រំហាក់ដូចមានវិបត្តិអ្វីមួយ នាងដើរមកអង្គុយលើបង់ថ្មម៉ាបសម្លឹងមើលទៅទន្លេ ព្រមទាំងយំខ្សឹកខ្សួល ។
បន្តិចក្រោយមក ស្រាប់តែនារីនោះរត់ចុះទឹកទន្លេចោលកាបូបនៅលើថ្មម៉ាប ហើយលិចបាត់ មួយសន្ទុះក៏ផុសឡើងមកវិញ ។ ពេលនោះក៏មានបុរសម្នាក់បានលោតទៅជួយស្រង់នាងឡើងគោក ។ ខណៈដែលគេស្រង់នារីនោះឱ្យរួចផុតពីសេចក្តីស្លាប់ហើយ បែរជានាងព្យាយាមរកលោតទឹកទន្លេម្តងជាពីរដងទៀត ទើបប្រជាពលរដ្ឋរាយការណ៍ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះ មកជួយអន្តរាគមន៍នាំទៅស្នាក់ការដើម្បីស្វែងរកសាច់ញាតិ។នាយប៉ុស្តិ៍នគរបាលជ័យជំនះបានឱ្យដឹងថា នាងឈ្មោះ ធីដា ជាជនជាតិវៀតណាម អាយុ២២ឆ្នាំ ជាអ្នកលក់កាហ្វេជាមួយបងស្រីក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ នារីរូបនោះបានប្រាប់ថា នាងមិនចង់រស់នៅទេ ទើបមកលោតទឹកសម្លាប់ខ្លួន ដោយសារតែសង្សារនាងបែកចិត្ត ។ នារីខាងលើត្រូវបានបងស្រីមកទទួលយកទៅផ្ទះវិញ នាថ្ងៃដដែលវេលាម៉ោង៩យប់ ក្រោយពីនគរបាលព្យាយាមស្វែងរកសាច់ញាតិតាមរយៈលេខទូរស័ព្ទ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១៧ កញ្ញា បុរសម្នាក់ដែលគេអះអាងថាខូចចិត្តដោយសារតែឪពុកមានប្រពន្ធចុងបានធ្វើអត្តឃាតលោកពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួន តែត្រូវបានកម្លាំងនគរបាលការពារស្ពានជួយអន្តរាគន៍ស្រង់ចេញពីក្នុងទឹករួចផុតពីសេចក្តីស្លាប់ និងប្រភពមួយទៀតថា ជាការលោតទឹកសម្លាប់គំរាមសង្សារ ។បើតាមការកត់សម្គាល់បុរស និងនារីដែលលោតទឹកប៉ងធ្វើអត្តឃាតនេះ សុទ្ធតែត្រូវសង្សារបែកចិត្តដូចគ្នា ៕
ចែករំលែកព័តមាននេះ