រាជធានីភ្នំពេញ ៖ យុវជនម្នាក់សង្ស័យមានវិបត្តិស្នេហា ឬវិបត្តិអ្វីមួយដែលមិនអាចដោះស្រាយចេញគិតខ្លីបានសម្រេចចិត្តរត់ចូលឱ្យរថយន្តកុងតឺន័រមួយគ្រឿងបុកប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែមិនស្លាប់ដូចបំណងនោះឡើយ គ្រាន់តែរងរបួសបាក់ជើងម្ខាងប៉ុណ្ណោះ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ រហូតរយៈពេលមួយយប់ទៅហើយនៅតែមិនទាន់ដឹងខ្លួននៅឡើយ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៧ កញ្ញា ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ បុរសនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះសន្លប់អត់ដឹងខ្លួនរហូត ប៉ុន្តែតាមភិនភាគយុវជននោះមានអាយុប្រហែល២៤ឆ្នាំ សម្បុរស មាឌដំបង ស្លៀកខោខូវប៊យជើងវែង ពណ៌ប្រផេះ ពាក់អាវសឆ្នូតខ្មៅដៃវែង កម្ពស់ប្រហែល១,៦០ម៉ែត្រ ហើយនៅក្នុងខ្លួនមិនមានអត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់ខ្លួនឡើយ ។ ចំណែករថយន្តដែលត្រូវយុវជននោះរត់ចូលប៉ុនប៉ងសម្លាប់ខ្លួននោះម៉ាកនីស្សាន់ ពណ៌ខៀវ ឆ្នូតក្រហមបើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុវេលាម៉ោងប្រមាណ២រសៀលគេបានឃើញយុវជនរូបនោះឈរនិយាយទូរស័ព្ទជាប់រហូត និងមានទឹកមុខក្រៀមក្រំស្រងូតស្រងាត់ទៀតផង ប៉ុន្តែគេមិនបានដឹងថា យុវជននោះមានបញ្ហាអ្វីនៅក្នុងចិត្តនោះទេ។ ម្យ៉ាងទៀតការនិយាយទូរស័ព្ទនោះមានរយៈពេលជាច្រើនម៉ោងទំនងនិយាយទៅកាន់ស្រីណាម្នាក់ ហើយទំនងជានិយាយមិនចុះសម្រុងនឹងគ្នាទៀតផង ទើបធ្វើឱ្យគេមានទឹកមុខក្រៀមក្រំបែបនេះដែលគេសង្ស័យថា មានវិបត្តិស្នេហា ឬក៏មានបញ្ហាអ្វីមួយដែលចាក់ស្រេះមិនអាចដោះស្រាយចេញនៅពេលឃើញរថយន្តកុងតឺន័រមកដល់ក៏រត់ចូលឱ្យរថយន្តបុកតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ