ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទ​​ក្រហម​​កម្ពុជា​​សាខា​ខេត្ត​កំពង់​​ធំ​ប្រារព្ធ​​ទិវា​​វិជ្ជា​សង្គ្រោះ​បឋម

12 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ នៅ​ទីស្នាក់ការ​សាខា​កាក​បាទ​ក្រហមកម្ពុជា​ខេត្ដ​ កាលពី​ព្រឹកថ្ងៃ​ទី១៧ កញ្ញា មាន​រៀបចំ​កម្មវិធីទិវា​ពិភពលោក​វិ​ជា្ជ​សង្គ្រោះ​បឋម​ដោយ​មាន​ការ​​ចូល​រួម​ពី​​លោក​ឧត្ដម​សេនី​យ៍​ត្រី ផា​ន់ សុ​ផេង​ ស្នងការ​នគរ​បាល​ខេត្ដ​និង​ជា​សមាជិកគណៈ​កម្មាធិ​ការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ដ លោក​វេជ្ជបណ្ឌិត​សុខ​ ឡុង​ នាយក​នាយកដ្ឋាន​សុខភាព​កាក​បាទ​ក្រហម​កម្ពុជា​​ លោកស្រី ងិ​ន

ខេត្ត​កំពង់​ធំ ៖ នៅ​ទីស្នាក់ការ​សាខា​កាក​បាទ​ក្រហមកម្ពុជា​ខេត្ដ​ កាលពី​ព្រឹកថ្ងៃ​ទី១៧ កញ្ញា មាន​រៀបចំ​កម្មវិធីទិវា​ពិភពលោក​វិ​ជា្ជ​សង្គ្រោះ​បឋម​ដោយ​មាន​ការ​​ចូល​រួម​ពី​​លោក​ឧត្ដម​សេនី​យ៍​ត្រី ផា​ន់ សុ​ផេង​ ស្នងការ​នគរ​បាល​ខេត្ដ​និង​ជា​សមាជិកគណៈ​កម្មាធិ​ការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ដ លោក​វេជ្ជបណ្ឌិត​សុខ​ ឡុង​ នាយក​នាយកដ្ឋាន​សុខភាព​កាក​បាទ​ក្រហម​កម្ពុជា​​ លោកស្រី ងិ​ន ច័ន្ទ​សោភា ប្រធាន​ការិយា​ល័យ​វិ​ជា្ជ​សង្គ្រោះ​បឋម​ លោក​ហុ​ក រិន​ អភិបាល​ក្រុង​ស្ទឹង​សែន​ ព្រម​ទាំង​មន្ដ្រី​នានា​ជា​ច្រើន​រូប​ទៀត​ ។​

លោក​វេជ្ជបណ្ឌិត​សុ​ខ ឡុង បាន​មាន​ប្រសាស​ន៍​​ថា វិជ្ជា​សង្គ្រោះ​បឋម​គឺជា​មុខ​វិជ្ជា​ដ៏​មាន​សារ​សំខាន់​មួយ​ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​សិក្សា​ដើម្បី​ទុកជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សង្គ្រោះ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហ​គម​ន៍​ដែល​រងគ្រោះថ្នាក់​ផ្សេង​ៗ​ដោយចៃដន្យ​មាន​ដូច​ជា ខ្យល់គ​រ​ស្ទះដង្ហើម បាក់ឆ្អឹង និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​ មុន​ពេល​គ្រូពេទ្យ​មក​ដល់​ ឬ​បញ្ជូន​អ្នក​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ ។

សាខា​កាក​បាទ​ក្រហមកម្ពុជា​ខេត្ដ​កំពង់​ធំ​ បាន​ប្រារ​ព្វ​ទិវា​ពិភព​លោក​វិជ្ជា​សង្គ្រោះ​បឋម​បាន​ចំនួន​៤​លើក​រួច​មក​ហើយ​គិត​ទាំង​លើក​នេះ​ផង​ ដែល​លើក​ទី​១​ក្នុង​​ឆ្ន្ទាំ២០០៨ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង​ លើក​ទី២​​នៅ​ឆ្នាំ​២០០៩ នៅ​ទីលាន​សួន​ដំរី​ជាន់​ខ្លា​ក្រុង​ស្ទឹង​សែន​ លើក​ទី៣​ ឆ្នាំ​២០១០ នៅ​​ទី​ស្នាក់​ការ​អនុ​​សាខា​​​កាក​បាទ​ក្រហម​ស្រុកបា​រាយ​ណ៍ និង​លើក​ទី៤​ ប្រារព្ធ​ធ្វើ​នៅ​ទីស្នាក់ការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​​ខេត្ដ​ ។​ ការ​ប្រារ​ព្វ​ទិវា​ពិភព​លោក​វិជ្ជា​សង្គ្រោះ​បឋម​នេះ​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​កាក​បាទ​ក្រហម​ជប៉ុន តាម​រយៈ​គម្រោង​សង្គ្រោះ​បឋម ដំណាក់​កាល​ទី២​ ។​

លោកផា​ន់ សុ​ផេង បាន​ថ្លែង​សុន្ទរ​កថា​ ដោយ​គូស​បញ្ជាក់​​ថា ​ការ​ប្រារ​ព្ធទិវា​នេះ​ឡើង​គឺ​ដើម្បី​អប​អរ​សាទរ​​ទិវា​ពិភពលោក​វិជ្ជា​សង្គ្រោះ​បឋម​ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​ពល​រដ្ឋ​​យល់​ដឹង​ពី​វិធី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​ក្នុង​​សហគម​ន៍​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​និង​សុវត្ថិ​​ភាព​ មុន​ពេល​គ្រូ​ពេ​ទ្យ​ម​ក​ជួយ​សង្គ្រោះ​និង​មុន​ពេល​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ ។ លោក​បាន​កត់​សម្គាល់​ថា នៅ​ក្នុង​ឆ្នាំ​២០០៨ដល់​ឆ្នាំ​២០១០​ថ្មី​ៗ​កន្លង​ទៅ​​នេះ​ កាក​បាទក្រហម​ជប៉ុន បាន​ជួយ​កាក​បាទ​ក្រហម​កម្ពុជា​​ពង្រឹង​កា​រប​ណ្ដុះ​​បណ្ដាល​វិជ្ជា​សង្គ្រោះ​បឋម​នៅ​តាម​សហ​គម​ន៍​ ។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​បាន​ផ្ដាំផ្ញើ​ដល់​អ្នក​ស្ម័គ្រ​ចិត្ដ និង​យុវជន​ទាំងអស់ ជា​ពិសេស​យុវជន​កាកបាទក្រហម​កម្ពុជា​ យុវជន​កាយ​ប្ញទ្ធិ​ខេត្ដ​ និង​យុវជន​ក្នុង​សមាគម​យុវ​ជន​កម្ពុជា​ខេត្ដ​ដែល​មាន​វត្ដ​មាននៅ​ទី​នេះ​ ក្រោយ​ពី​ទទួល​បាន​នូវ​វគ្គ​បណ្ដុះ​បណ្ដាលស្ដី​ពី​វិជ្ជា​សង្គ្រោះ​បឋម​ និង​ចូលរួម​សកម្ម​ភាព​នៅ​ក្នុង​គម្រោង​របស់​កាក​បាទ​ក្រហម​កម្ពុជា​​រួច​ហើយ​ សូម​ក្មួយ​ៗ​យកចំណេះ​ដឹង​នេះ​​ទៅ​ប្រើប្រាស់​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​ធ្វើការ​ផ្សព្វ​ផ្សាយ​​បន្ដ​ឱ្យ​បាន​ទូលំទូលាយ​ដល់​សហ​គមន៍​​ប្រជាពលរដ្ឋ និង​មិត្ដ​ភក្តិ​នូវ​វិ​ជា្ជ​សង្គ្រោះ​បឋម​នេះ​ផង​ ។ លោក​​ក៏​មិន​​ភ្លេច​​ទេ​ក្នុង​ការ​ត្រៀមខ្លួន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ពេល​មាន​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ ។

លោក​ផាន់ សុផេង​ មាន​ប្រសាសន៍​ថា នៅ​វេលា​ម៉ោង៧​​ព្រឹក​ថ្ងៃ​ទី១៧​ កញ្ញា​ ទឹកស្ទឹង​សែន​មាន​កម្ពស់​១៣,១៥​ម៉ែត្រ​​ ហើយ​​បើ​ទឹក​ឡើង​ដល់​កម្ពស់​១៣,៦០​ម៉ែត្រ​ យើង​ត្រូវ​ប្រកាស​អាស​ន្ន ដូច្នេះ​យើង​ត្រូវ​តែ​ត្រៀម​ជើង​ព្រួល​ទុក​ឱ្យ​ហើយ​រក​មើល​ទីទួល​សុវត្ថិ​ភាព​ប្រុង​ប្រៀប​ ទូក​ កាណូត​ ក្បូន​ ពោង​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​ ។ ចំណែក​អង្គភាព​នគរបាល​បាន​ត្រៀម​កម្លាំង​​ចំនួន១​ពាន់​នាក់មាន​អូ​ប៊័​រ ទូក​ កាណូត​ ត្រៀមចាំ​ជួយ​សង្គ្រោះ​ ។​

ក្នុង​ឱកាស​នោះ​ លោកផា​ន់ សុ​ផេង បាន​នាំ​យក​នូវ​ថវិកាផ្ទាល់ខ្លួនរបស់​លោក​ចំនួន៥​លាន២​សែន​រៀល​ ក្នុង​នោះ​ចែក​ជូនក្រុម​យុវជន​កាក​បាទ​ក្រហម​​និង​យុវជន​កាយ​ប្ញទ្ធិ​ចំនួន២៤០​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ចំនួន១​ម៉ឺន​រៀល​សរុប​ស្មើនឹង​២​លាន​៤​សែន​រៀល​ និង​ឧបត្ថម្ភ​ដល់​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ខេត្ដ​កំពង់​ធំ​​ចំនួន២​លាន​៨​សែន​​រៀល​ ៕