ខេត្តកំពត ៖ រឿងរ៉ាវចាប់រំលោភសេពសន្ថវៈមួយដែលបានកើតឡើងកាលពីអំឡុងឆ្នាំ២០១០ លើនារីរងគ្រោះឈ្មោះកែម ចាន់ធារិទ្ធ អាយុ២០ឆ្នាំ នៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច និងបានដាក់ពាក្យប្តឹងពីឈ្មោះជៃ វីរៈ អាយុ២៦ឆ្នាំ ជាគ្រូបង្រៀនរស់នៅភូមិឃុំជាមួយគ្នាហើយត្រូវជាបងប្អូនជីដូនមួយនឹងគ្នាទៀតជុំវិញការរំលោភនាងហើយបានប្រើពាក្យលួងលោមមិនឱ្យនាងប្តឹងទេគឺគេទទួលខុសត្រូវទាំងអស់រហូតអង្ករក្លាយជាបាយ។ ដោយសារចាញ់បោកគេពេលរំលោភបានសម្រេចម្តងនាងមិនហា៊នឱ្យឪពុកម្តាយដឹងទេ ហើយក៏មិនទាន់ប្តឹងសមត្ថកិច្ចដែរ ដោយបុរសជាគ្រូបង្រៀននោះបាននិយាយគំរាមផងអង្វរនាងផងថា បើមានផ្ទៃពោះចាំខ្លួនគេជាអ្នកទទួលខុសត្រូវ។ ក្រោយមកនាងមានផ្ទៃពោះទើបឪពុកម្តាយមានការសង្ស័យក៏នាំនាងទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា នាងមានផ្ទៃពោះចំនួន២៨សប្តាហ៍ហើយ ទើបឪពុកម្តាយសួរនាំទើបនាងប្រាប់ថា ឈ្មោះខាងលើរំលោភនាងហើយបានប្រើពាក្យលួងលោម ទើបនាងលាក់រហូតមានផ្ទៃពោះ ។ លុះពេលបែកធ្លាយរឿងមានផ្ទៃពោះបុរសរូបនោះមិនទទួលខុសត្រូវដូចសម្តីអង្វររបស់ខ្លួន ទើបនាងដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយចាត់ការតាមផ្លូវ
ច្បាប់ ។
ក្នុងពាក្យបណ្តឹងកាលពីឆ្នាំ២០១០ នោះនាងមានផ្ទៃពោះ២៨សប្តាហ៍គិតត្រឹមថ្ងៃទី១២ មករា ឆ្នាំ២០១១ ឥឡូវនាងសម្រាលបានកូនស្រីមួយមានអាយុជាងមួយខួបទៅហើយ ឯយុត្តិធម៌នោះហាក់នៅឆ្ងាយពីរូបនាង ។
លោកយឹម យ៉ាន្នី អាយុ៥២ឆ្នាំ ជាឪពុកនារីរងគ្រោះបានប្រាប់កោះសន្តិភាពថា រឿងរំលោភសេពសន្ថវៈលើកូនស្រីគាត់ពីសំណាក់គ្រូបង្រៀនដែលត្រូវជាក្មួយនេះ មុននឹងដាក់ពាក្យបណ្តឹងរូបគាត់ក៏មានការយោគយល់ដល់ភាគីខាងប្រុសខ្លះដែរ ព្រោះជាសាច់ញាតិ ប៉ុន្តែដោយភាគីខាងអ្នកប្រព្រឹត្តមិនទទួលស្គាល់ ទើបរូបគាត់ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌តែម្តង ។ នៅក្នុងអំឡុងខែមករា ឆ្នាំ២០១១ លោកបានប្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រាចខាងលិច បន្ទាប់ ពីនគរបាលប៉ុស្តិ៍ធ្វើកំណត់ហេតុ និងសួរនាំរួចក៏បានបញ្ជូនសំណុំរឿងមកអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីចាត់ការបន្ត ។
ក្រោយមកអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ក៏បានហៅភាគីជនរងគ្រោះមកធ្វើកំណត់ហេតុជុំវិញករណីកើតឡើងខាងលើ និងកោះហៅជនសង្ស័យមកសួរនាំផងដែរ ។ សូមបញ្ជាក់ថា ជនសង្ស័យក្រោយពីសមត្ថកិច្ចសួរនាំ ក៏បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានរួមភេទជាមួយនារីរងគ្រោះឈ្មោះកែម ចាន់ធារិទ្ធ ក្នុងខែមករា ដើមឆ្នាំ២០១០ ប្រាកដមែន រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ក៏បែកការណ៍រឿងខាងលើ ដោយសារនាងមានផ្ទៃពោះ ។ ក្រោយពីសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសួរនាំរួចក៏បញ្ជូនសំណុំរឿងមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១ ។
ឪពុកនារីរងគ្រោះឱ្យដឹងទៀតថា ក្រោយពីសំណុំរឿងព្រហ្មទណ្ឌនេះបញ្ជូនដល់ស្នងការដ្ឋានខេត្ត សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌក៏បានហៅកូនស្រីគាត់មកសួរនាំជុំវិញករណីខាងលើ ប៉ុន្តែចំពោះភាគីជនសង្ស័យរូបគាត់ពុំឃើញសមត្ថកិច្ចចាត់វិធានការយ៉ាងណានោះទេ គឺរូបគេនៅមានសេរីភាពជាធម្មតា ។ ក្រោយមកនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១១ តុលាការខេត្តកំពតបានកោះហៅកូនស្រីគាត់មកកាន់សាលាដំបូងដើម្បីសាកសួរនៅពេលកូនស្រីគាត់ទៅ១លើកជា២លើក តុលាការនោះពុំបានជួបដើម្បីសាកសួរនោះទេ ។ ឪពុកនារីរងគ្រោះបន្តទៀតថា ក្រោយមកស្រាប់តែសំណុំរឿងនេះឡើងដល់សាលាឧទ្ធរណ៍ដោយរូបគាត់ជាអ្នករងគ្រោះពុំទាន់បានទទួលការដោះស្រាយយ៉ាងណានោះពីសាលាដំបូងឡើយ ។ ស្រាប់តែក្រោយមកមានដីកាកោះហោះភាគីទាំងពីរឡើងទៅកាន់សាលាឧទ្ធរណ៍ ។ ក្រោយពីសាលាឧទ្ធរណ៍សាកសួររួច សាលាឧទ្ធរណ៍ក៏បានបង្វែរសំណុំរឿងមកតុលាការកំពតវិញ ។
ឪពុកនារីរងគ្រោះបន្តទៀតថា នៅថ្ងៃទី២១ មេសា ឆ្នាំ២០១១ មានដីកាកោះអញ្ជើញកូនស្រីគាត់ជាដើមបណ្តឹងឡើងមកកាន់តុលាការនៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០១១ វេលាម៉ោង៩ព្រឹកដើម្បីសាកសួរ ៏ដីកាតំណាងអយ្យការអមសាលាដំបូងខេត្ត) ពីដំណើររឿងបណ្តឹងរបស់ខ្លួនប្តឹងពីឈ្មោះជៃ វរៈ ហៅហេង ថាបានរំលោភសេពសន្ថវៈ ។ ឪពុកបន្តទៀតថា ពេលទទួលបានដីការបស់តុលាការកោះហៅ កូនគាត់បានមកជាមួយគាត់ក្នុងនោះមានមន្ត្រីនគរបាលប៉ុស្តិ៍ និងមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកក៏មកចូលរួមដើម្បីបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌនេះដែរ ។ ប៉ុន្តែពេលមកដល់តុលាការបែរជាប្រាប់ថា មេធាវីអត់នៅទេ តុលាការត្រូវលើកពេលទៅថ្ងៃក្រោយ ហើយបានប្រាប់មន្ត្រីនគរបាលដែលមកចូលរួមបំភ្លឺរឿងនោះថា កោះហៅលើកក្រោយបើលោករវល់មិនបាច់មកទេ ។ តាំងពីពេលនោះមកដល់ថ្ងៃនេះ (១៧ កញ្ញា ឆ្នាំ២០១២) សំណុំរឿងរបស់លោកជាជនរងគ្រោះស្ងាត់ឈឹងគ្មានដំណឹងអ្វីបន្តិចសោះ រូបគាត់ជាគ្រួសារជនរងគ្រោះសូមអំពាវនាវដល់ស្ថាប័នយុត្តិធម៌មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ពួកគាត់ដែលកំពុងទទួលរងភាពអយុត្តិធម៌ពីជនរំលោភនេះដោយក្តីអនុគ្រោះផង ។
លោកអីុវ ត្រាយ តំណាងអយ្យការអមសាលាដំបូងខេត្តកំពត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១២ ថា ជុំវិញសំណុំរឿងព្រហ្មទណ្ឌពីបទរំលោភសេពសន្ថវៈជនសង្ស័យឈ្មោះជៃ វរៈ ហៅហេង និងស្ត្រីរងគ្រោះឈ្មោះកែម ចាន់ធារិទ្ធ កើតឡើងនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច កាលអំឡុងឆ្នាំ២០១០ បញ្ជូនសំណុំរឿងមកតុលាការក្នុងខែមេសា ឆ្នាំ២០១២ នោះលោកបានប្រគល់សំណុំរឿងខាងលើទៅលោកចៅក្រមស៊ើបសួរអស់រយៈពេលជាងមួយឆ្នាំទៅហើយ ។ លោកពុំបានដឹងថាចៅក្រមធ្វើរឿងនេះដល់ណាហើយដែរ នាពេលកន្លងមកនេះពីព្រោះសំណុំរឿងច្រើនលោកជាប់រវល់ខ្លាំង ប៉ុន្តែរឿងខាងលើសូមលោកខាងកោះសន្តិភាពទំនាក់ទំនងទៅចៅក្រមដែលទទួលរឿងនេះទើបបានដឹងព័ត៌មានច្បាស់ ។ ប៉ុន្តែសូម្បីតែចៅក្រមទទួលក្នុងរឿងខាងលើលោកក៏ពុំបានដឹងថា ចៅក្រមមួយណាជាអ្នកទទួលសំណុំរឿងនេះផងដែរ លុះត្រាលោកប្រធានតុលាការទើបដឹង ។ ចំណពោះបញ្ហាសំណុំរឿងបណ្តឹងនេះប្តឹងដល់ឧទ្ធរណ៍គឺលោកជាអ្នកប្តឹងដោយសារជនសង្ស័យសមត្ថកិច្ចពុំបានឃាត់ខ្លួន ។ លោកបន្តទៀតថា ក្រោយពេលសាលាឧទ្ធរណ៍បង្វែរសំណុំរឿងនេះមកសាលាដំបូង ក៏បានប្រគល់សំនុំរឿងខាងលើឱ្យទៅចៅក្រមស៊ើបសួរ ប៉ុន្តែលោកពុំដឹងថាចៅក្រមរូបណាជាអ្នកទទួលនោះទេ លោកបានប្រគល់ឱ្យអស់រយៈពេលជាងមួយឆ្នាំទៅហើយ ។ ជំវិញព័ត៌មានខាងលើកោះសន្តិភាពមិនអាចរកការបំភ្លឺពីលោកចៅក្រមបានទេ ដោយសារជនរងគ្រោះក៏ពុំស្គាល់ចៅក្រម ៕
ចែករំលែកព័តមាននេះ