ខេត្តបាត់ដំបង ៖ ទីបំផុត ឃាតករពិតប្រាកដដែលបានសម្លាប់កុមារប្រុស ស្រី៣នាក់យ៉ាងព្រៃផ្សៃនៅឃុំដូនបា ស្រុកគាស់ក្រឡ កាលពីជាង១សប្ដាហ៍មុននេះ ត្រូវបានវែកមុខហើយ គឺជាជនម្នាក់ក្នុងចំណោម៣នាក់ ដែលសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនដំបូងនៅព្រឹកថ្ងៃទី១៣ កញ្ញា ពេលចុះពិនិត្យសព ។ ជននេះបានសារភាពកំហុសទាំងអស់ដែលខ្លួនប្រព្រឹត្តទៅលើក្មេងរងគ្រោះទាំង៣នាក់នោះនៅចំពោះមុខលោកចៅក្រមស៊ើបសួរ ខណៈមានចរិតរឹងរូសមិនសារភាពនៅចំពោះមុខសមត្ថកិច្ច ។
ជននេះឈ្មោះជឹម វាសនា ហៅស្នា ភេទប្រុស អាយុ២១ឆ្នាំ ជាជាងប៉ះកង់នៅចំណុច«អណ្ដូងកន្ទួត»ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ។ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនជាមួយនឹងបុរស២នាក់ទៀតនៅព្រឹកថ្ងៃទី១៣ កញ្ញា យកមកសួរនាំបណ្ដោះអាសន្ន ក្រោយពីមានតម្រុយពីសាក្សី ខណៈដែលកម្លាំងចម្រុះត្រៀមចុះពិនិត្យសព ។ ក្រោយពីសួរនាំជំហានដំបូង ជឹម វាសនា ត្រូវគេសង្ស័យថា អាចមានពាក់ព័ន្ធក្នុងករណីឃាតកម្មដ៏ឃោរឃៅនោះ ទើបលោកព្រះរាជអាជ្ញាសម្រេចបញ្ជាឲ្យកម្លាំងនគរបាលឃាត់ខ្លួនជននេះជាផ្លូវការ ។ រីឯបុរស២នាក់ផ្សេងទៀតត្រូវបានដោះលែងវិញ ព្រោះមិនពាក់ព័ន្ធ ។
ស្ថាប័នអយ្យការ មន្រ្តីនគរបាលជំនាញ និងមន្រ្តីជំនាញមកពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃផង បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកសាក្សី និងវត្ថុតាងដើម្បីដាក់បន្ទុកលើជនសង្ស័យខាងលើ ប៉ុន្តែនៅតែគ្មានវិធីសាស្រ្តធ្វើឲ្យជនសង្ស័យឈ្មោះជឹម វាសនា ឆ្លើយសារភាពឡើយ សូម្បីមួយម៉ាត់ក្ដី បើទោះជាមានការផ្ដល់តម្រុយពីសាក្សីនានា និងមានវត្ថុតាងមួយចំនួនដាក់បន្ទុកយ៉ាងណាក៏ដោយ ។ ជននេះបានបដិសេធទាំងអស់នៅចំពោះមុខសមត្ថកិច្ចជំនាញ តែដោយយោងលើវត្ថុតាងមួយចំនួន និងការបំភ្លឺរបស់សាក្សីផង រួចផ្សំនឹងចម្លើយ របស់ជនសង្ស័យមានការស៊ីសង្វាក់គ្នាខ្លះៗសមត្ថកិច្ចជំនាញនៅតែមានជំនឿថា ជននេះប្រាកដជាមានពាក់ព័ន្ធក្នុងសំណុំរឿងដ៏ឧក្រិដ្ឋនេះ ។ ទីបំផុត ជននេះបានឆ្លើយសារភាពយ៉ាងរលូនគ្មានលាក់បាំងបន្តិចឡើយនៅចំពោះមុខលោកចៅក្រមស៊ើបសួរ កាលពីរសៀលថ្ងៃទី១៥ កញ្ញា ពេលត្រូវបញ្ជូនដល់តុលាការ ។
នៅក្នុងកំណត់ហេតុរបស់លោកទ្រី សុភ័ត ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ជនសង្ស័យឈ្មោះជឹម វាសនា ហៅស្នា បានសារភាពថា ការស្លាប់របស់កុមារប្រុស ស្រី៣នាក់នោះគឺ«ខ្លួនជាអ្នកសម្លាប់ពិតប្រាកដមែន»។ ជននេះបានរៀបរាប់ពីសកម្មភាពរបស់ខ្លួនប្រាប់លោកចៅក្រមថា នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៩ កញ្ញា (ថ្ងៃកើតហេតុ) ខ្លួនបានដឹកគោទៅឱ្យផឹកទឹកនៅអណ្ដូងក្រោយផ្ទះ ។ ក្រោយមកខ្លួនបានទៅយកកាំបិតខ្វែវពីផ្ទះ រួចដើរទៅវាលស្រែក្រោយផ្ទះវិញ ។ ពេលទៅដល់ទីនោះ ខ្លួនបានប្រទះឃើញក្មេងស្រីឈ្មោះរំដួល គ្រានោះខ្លួនក៏ហៅនាងទៅបេះផ្សិត ហើយនាងក៏ទៅតាម ដោយខ្លួនបានចាប់ទាញដៃនាងឆ្លងទៅម្ខាងអូរជាកន្លែងស្ងាត់។ ភ្លាមនោះ ខ្លួនបានទាញយកខ្សែកាបូបនាងដែលស្ពាយជាប់ខ្លួនមករឹតកនាងផ្ដូលលើដីក្នុងគុម្ពព្រិច រួចធ្វើសកម្មភាពរំលោភតែម្ដង។ ប៉ុន្តែទើបចាប់ផ្ដើមបានបន្តិច ស្រាប់តែមានក្មេងប្រុស២នាក់ដើរមកដល់ស្រែកហៅឈ្មោះរំដួល ភ្លាមនោះខ្លួនក៏ស្ទុះចេញពីទីនោះយ៉ាងលឿនដេញកាប់ពួកគេ ។
ក្នុងកំណត់ហេតុដដែល ជនសង្ស័យឈ្មោះជឹម វាសនា ហៅស្នា បានបញ្ជាក់ថា កុមារាឈ្មោះភាពយន្ត ចិន្តា ហៅធឹង អាយុ៩ឆ្នាំ គឺខ្លួនដេញកាប់ត្រូវពីក្រោយចំស្មាខាងស្ដាំដួលស្លាប់ផ្កាប់មុខ ។ ក្រោយពីសម្លាប់ឈ្មោះធឹង រួច ខ្លួនក៏ដេញតាមកាប់ឈ្មោះចាន់ អត្តរ៉ា អាយុ១១ឆ្នាំទៀត ។ ក្រោយពីរត់បានប្រហែល៣០០ម៉ែត្រខ្លួនក៏តាមទាន់ ហើយកាប់ពេញទំហឹងចំកញ្ចឹងក១កាំបិត ដួលស្លាប់ផ្កាប់មុខលើដីតែម្ដង ។ ជននេះបន្ថែមថា ក្រោយពីសម្លាប់ពួកគេរួច ខ្លួនក៏ដើរអូសកាំបិតមកផ្ទះ ទុកនៅផ្ទះបាយ រួចងូតទឹកស្លៀកពាក់ស្អាតបាតក៏ដើរទៅអង្គុយនិយាយលេងនៅតូបលក់ទឹកអំពៅខាងមុខផ្ទះដោយគ្មានអ្នកណាបានដឹងឡើយ លុះនៅព្រឹកថ្ងៃទី១៣ កញ្ញា ក៏ត្រូវសមត្ថកិច្ចមកនាំខ្លួនទៅសួរនាំ ។
លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានថ្លែងដែរថា តាមការស្រាវជ្រាវយើងបានធ្វើការសន្និដ្ឋានរួមគ្នាតាំងពីជំហានដំបូងរួចហើយថា ជនសង្ស័យរូបនេះអាចនឹងជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរំលោភសម្លាប់ក្មេងស្រី ប្រុសទាំង៣នាក់ខាងលើនេះ តែជននេះមិនសារភាព បើទោះជាមានការចង្អុលបង្ហាញពីសាក្សីនានា និងរកឃើញវត្ថុតាងមួយចំនួនក្ដី ។ លោកបញ្ជាក់ដែរថា នេះជាជម្រើសចុងក្រោយដែលជននេះត្រូវតែសារភាពនៅចំពោះមុខលោកចៅក្រម ពីព្រោះដឹងខ្លួនឯងច្បាស់ណាស់ថា«ខ្លួនជៀសមិនផុតពីការជាប់គុក»។ដោយគិតថា បើមិនសារភាពអាចជាប់គុកធ្ងន់ តែបើសារភាពក្រែងធូរស្រាលខ្លះ ហេតុនេះទើបសម្រេចឆ្លើយសារភាពនៅចំពោះមុខចៅក្រមស៊ើបសួរតែម្ដង ។ ដូច្នេះការសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺជាការសម្រេចដ៏ត្រឹមត្រូវរបស់សមត្ថកិច្ចជំនាញដោយមិនច្រឡំឡើយ ។
គួររំលឹកថា កុមារ៣នាក់ដែលមាន ១-ឈ្មោះចាន់ អត្តរ៉ា ភេទប្រុស អាយុ១១ឆ្នាំ ២-ឈ្មោះភាពយន្ត ចិន្តា ហៅធឹង ភេទប្រុស អាយុ៩ឆ្នាំ និង៣-ឈ្មោះម៉ាប់ រំដួល ភេទស្រី អាយុ៨ឆ្នាំនៅចំណុចអណ្ដូងកន្ទូត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ បានបាត់ខ្លួនកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៩ កញ្ញា កន្លងទៅ ខណៈជីដូនប្រើឲ្យទៅផ្លាស់ចំណងគោដែលចងឱ្យស៊ីស្មៅនៅខាងក្រោយផ្ទះ ប្រហែល១០០ម៉ែត្រ ដោយមិនដឹងថាពួកគេទៅទីណាឡើយ ។ ក្រោយពីបាត់ដំណឹងអាណាព្យាបាលបានទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងមានអ្នកភូមិរាប់សិបនាក់ផងបានជួយស្វែងរកស្ទើរគ្រប់ទីកន្លែង ទាំងក្នុងភូមិ ទាំងក្នុងព្រៃតំបន់នោះ តែគ្មានដំណឹង ។ លុះនៅរសៀលថ្ងៃទី១២និងព្រឹកថ្ងៃទី១៣ កញ្ញា ទើបសមត្ថកិច្ច និងអ្នកភូមិ រួមទាំងសាច់ញាតិផងបានស្វែងរកឃើញក្មេងទាំង៣នាក់នេះជាបន្តបន្ទាប់តែបានក្លាយជាសពស្អុយរលួយរប៉ាត់រប៉ាយពេញព្រៃនៅខាងក្រោយភូមិប្រហែលពី៣០០ម៉ែត្រ ទៅ៦០០ម៉ែត្រ ។ សពនីមួយៗត្រូវឃាតករសម្លាប់នៅកន្លែងផ្សេងៗគ្នា ដោយមានស្នាមកាប់នឹងកាំបិតដែលសពក្មេងស្រីមានស្នាមធ្លាយពោះ និងរឹតកសម្លាប់ រីឯសពក្មេងប្រុសទាំង២នាក់មានស្នាមកាប់របួសជាច្រើនកន្លែងត្រង់ក និងស្មាផ្នែកខាងក្រោយ ។
ក្រោយពីប្រទះឃើញសាកសព សមត្ថកិច្ចចម្រុះដែលមានទាំងគ្រូពេទ្យជំនាញផង ដឹកនាំដោយលោកតូច សុភក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកម៉ៅ ដារ៉ា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងលោកជេត វណ្ណនី ស្នងការរងនគរបាលខេត្ត ដោយមានការបញ្ជាផ្ទាល់ពីថ្នាក់លើផង បានចុះទៅកាន់តំបន់នោះដើម្បីពិនិត្យសពក្មេងទាំង៣នាក់នេះ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ជាផ្លូវការ គឺឈ្មោះជឹម វាសនា ហៅស្នា អាយុ២១ឆ្នាំ ក្រោយពីរកឃើញថា ជនម្នាក់នេះមានជាប់ពាក់ព័ន្ធនឹងករណីសម្លាប់មនុស្សយ៉ាងព្រៃផ្សៃនេះ។ ក្រោយមក សមត្ថកិច្ចជំនាញបានរកឃើញវត្ថុតាងដូចជាដែកកេះជ័រ១នៅក្បែរសពក្មេងស្រី និងកាំបិតខ្វែវ១រកឃើញនៅក្នុងផ្ទះរបស់ឈ្មោះវាសនា ដែលមានស្នាមប្រឡាក់ឈាមតិចៗទៀតផង ។
ជនសង្ស័យឈ្មោះជឹម វាសនា បានឆ្លើយបដិសេធចំពោះសមត្ថកិច្ចថា មិនជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់មនុស្សទេ ។ ប៉ុន្តែនៅក្នុងកំណត់ហេតុសាកសួររបស់លោកចៅក្រម ទ្រី សុភ័ត ជនត្រូវចោទ ជឹម វាសនា បានឆ្លើយទទួលស្គាល់ថា«ដែកកេះជ័រនោះជារបស់ខ្លួនមែន រីឯកាំបិតខ្វែវដែលបានរឹបអូសនោះក៏ជាកាំបិតដែលខ្លួន
ប្រើកាប់សម្លាប់ក្មេងទាំង៣នាក់នោះដែរ»ប៉ុន្តែគេនៅមិនទាន់ដឹងថា តើអំពើដ៏ឃោរឃៅរបស់ជនម្នាក់នេះទៅលើកុមារទាំង៣នាក់នោះជារឿងគំនុំឬបែបណានោះទេ ។ ទោះជាយ៉ាងណាឃាតករពិតក្នុងសំណុំរឿងរំលោភសម្លាប់លើកុមារស្រី ប្រុសទាំង៣នាក់ខាងលើនេះអាចចាត់ទុកថា បានបញ្ចប់ការស៊ើបអង្កេតស្ទើរទាំងស្រុងហើយត្រឹមឃាតករពិតបានសារភាពទទួលស្គាល់កំហុសរបស់ខ្លួន ។ ប៉ុន្តែភាពសោកសង្រេង និងក្ដីអាលោះអាល័យបានបន្សល់ទុកក្នុងអារម្មណ៍គ្រួសារសពមិនអាចស្ងប់ឡើយបើទោះជាជនឧក្រិដ្ឋ ជឹម វាសនា ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលព្រលប់ថ្ងៃទី១៥ កញ្ញា ទៅហើយក្ដី ៕
ចែករំលែកព័តមាននេះ