រាជធានីភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលលើមុខជំនាញភាសាអង់គ្លេស និងកុំព្យូទ័រដល់សិស្ស និស្សិតមូស្លីមសម្រាប់ឆ្នាំសិក្សាថ្មី២០១២-២០១៣ ត្រូវបានធ្វើពិធីបើកកាលពីព្រឹកថ្ងៃទី ១៥ កញ្ញា ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតសុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ប្រធានសមាគមនិស្សិតមូស្លីមកម្ពុជា និងជាទីប្រឹក្សាអង្គការមូស្លីមអេដនិងលោកIQBAL AHMED ប្រធានស្តីទីអង្គការមូស្លីមអេដ ។
ពិធីនេះបានរៀបចំឡើងនៅអន្តេវាសិក ដ្ឋាននិស្សិតនារីមូស្លីមកម្ពុជាទី២ ដែលស្ថិតនៅភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវដោយមានការចូលរួមផងដែរពីសំណាក់លោកម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតយ៉ាងច្រើនកុះករ ។វគ្គបណ្តុះបណ្តាលនេះមាន២វគ្គ រយៈពេល៦ខែដែលក្នុង១វគ្គមានរយៈពេល៣ខែ និងមានសិស្ស-និស្សិតចំនួន៣០នាក់ចូលរៀនដោយពុំគិតថ្លៃក្រោមការជួយឧបត្ថម្ភពីអង្គការមូស្លីមអេដនិងមានការសហការគ្នាជាមួយសមាគមនិស្សិតមូស្លីមកម្ពុជា ។
លោកវេជ្ជបណ្ឌិត សុះ មុះសិន បានឱ្យដឹងថា ថ្ងៃនេះសមាគមនិស្សិតមូស្លីមកម្ពុជាបានរៀបចំបើកវគ្គបណ្តុះបណ្តាលលើមុខជំនាញភាសាអង់គ្លេសនិងកុំព្យូទ័រឆ្នាំសិក្សា២០១២-២០១៣ស្របតាមឆ្នាំសិក្សាថ្មី ។ ចំណុចសំខាន់គឺចង់ផ្តល់ឱកាសឱ្យបងប្អូននារីដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានបានសិក្សារៀនសូត្រដោយមិនគិតថ្លៃ ។ មិនតែប៉ុណ្ណោះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សិស្ស-និស្សិតក្រីក្រត្រៀមខ្លួនសម្រាប់ប្រកួតប្រជែងលើទីផ្សារការងារ ។ វគ្គបណ្តុះបណ្តាលនេះពិតមែនមានរយៈពេលខ្លីតែវាអាចចូលរួមចំណែកជួយដល់បងប្អូននិស្សិតដែលការរៀនសូត្រមិនអាចកំណត់បាននិងគ្មានទីបញ្ចប់នោះទេត្រូវព្យាយាមអានកាសែត ទស្សនាវដ្តី និងឯក សារផ្សេងៗដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ។លោកវេជ្ជបណ្ឌិតបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះមានវិស័យអប់រំត្រូវបានលើកកម្ពស់និងជំរុញការអភិវឌ្ឍធនធានមនុស្សដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ភាសាអង់គ្លេសមានសារសំខាន់ណាស់ យើងជាយុវជនយុវនារីជាទំពាំងស្នងឫស្សីត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យអនាគតក្លាយជាធនធានមនុស្សដែលមានលទ្ធភាពគ្រប់បែបយ៉ាងមិនមែនជាទំពាំងឫស្សីដែលខូចគ្មានគុណភាពនោះទេ ។ អង្គការមូស្លីមអេដ ក្រៅពីជួយបណ្តុះបណ្តាលលើមុខជំនាញភាសាអង់គ្លេស និងកុំព្យូទ័រតាមរយៈកិច្ចសហការល្អជាមួយសមាគមនិស្សិតមូស្លីមកម្ពុជា អង្គការនេះកន្លងមកបានជួយផ្តល់ឥណទាន អណ្តូងទឹក ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយខ្យល់ព្យុះ ទឹកជំនន់ អគ្គិភ័យ និងជួយឧបត្ថម្ភគោជូនដល់សាសនិកអ៊ិស្លាមធ្វើបុណ្យហាច ។ល។
លោកវេជ្ជបណ្ឌិត សុះ មុះសិន ក្នុងនាមសមាគមនិស្សិតមូស្លីមកម្ពុជា និងសហគមន៍អ៊ិស្លាមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការមូស្លីមអេដដែលតែងតែផ្តល់ជំនួយឧបត្ថម្ភជាការចូលរួមចំណែកជួយអភិវឌ្ឍន៍សហគមន៍អ៊ិស្លាមក៏ដូចជាប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ៕
ចែករំលែកព័តមាននេះ