ខេត្តបន្ទាយមានជ័យ ៖ អ្នកភូមិជាច្រើនគ្រួសារនៅខាងត្បូងផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត និងអ្នកភូមិរស់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ កំពុងប្រឈមនឹងការគំរាមកំហែងពីទឹកជំនន់ដែលហូរបុកមកពីប្រទេសថៃ។
នៅព្រឹកថ្ងៃទី១៧ កញ្ញា ភូមិមួយចំនួននៅខាងត្បូងផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត គឺភូមិប៉ោយប៉ែត ភូមិក្បាលកោះ ភូមិអូរជ្រៅ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត និងភូមិអូរខៃដន ភូមិសន្តិភាព ភូមិកូនដំរី ក្នុងសង្កាត់និមិត្ត ពិសេសភូមិប៉ោយប៉ែតទឹកជំនន់កំពុងបន្តឡើងឥតឈប់ឈរធ្វើឱ្យលំនៅឋានអ្នកភូមិជាច្រើនគ្រួសាររងការជន់លិចជាបណ្តើរៗហើយ ។ អ្នកស្រុកដែលចេញពីផ្ទះទៅលក់ដូរនៅផ្សាររុងក្លឿ ប្រទេសថៃក៏ត្រូវសើមខោអាវអស់ទាំងព្រឹកដែរ ។ ពាងទឹករបស់អ្នកស្រុកស្ទើរគ្រប់ក្រុមគ្រួសារ ខ្លះលិច ខ្លះអណ្តែត ឯសំរាមអណ្តែតរាយប៉ាយលើផ្ទៃទឹកដែលបង្ហាញថា ការរស់នៅខ្វះអនាម័យ ព្រោះមុនទឹកលិចអ្នកស្រុកនាំគ្នាចោលសំរាមអនាធិបតេយ្យ ។ ទឹកជំនន់ដែលហូរបុកពីប្រទេសថៃនេះ មិនមែនគំរាមកំហែងតែអ្នកភូមិនៅខាងត្បូងផ្លូវជាតិលេខ៥ទេ សូម្បីតែអ្នកភូមិជាច្រើនគ្រួសាររស់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលនេះក៏កំពុងរងការគំរាមកំហែងពីទឹកជំនន់ហូរបុកពីប្រទេសថៃនេះដែរ ។
លោកសួង មឿន មេឃុំអូរបីជាន់ បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ កញ្ញា នោះ ថា ភូមិចំនួន២ក្នុងចំណោមភូមិចំនួន៥ដែលកំពុងរងការជន់លិចក្នុងឃុំអូរបីជាន់តាំងពីរសៀលថ្ងៃទី១៦ កញ្ញា មក គឺភូមិសិលាខ្មែរ និងភូមិទំនប់ដាច់ ដែលមានប្រជាពលរដ្ឋជាង៦០០គ្រួសារ រស់នៅ ។ ចំណែកលំនៅឋានដែលរងការជន់លិចជាង៥០០ខ្នងនោះ មកដល់ថ្ងៃទី១៧ កញ្ញា ទឹកជំនន់ពីប្រទេសថៃនៅតែបន្តគំរាមកំហែងនៅឡើយ គឺទឹកពីថៃនៅតែបន្តឡើង ។ លោកសួង មឿន បន្តថា ក្រៅពីការជន់លិចលំនៅឋាន ភូមិទាំង២ខាងលើក៏រងការជន់លិចផ្លូវជិត២គីឡូម៉ែត្រដែរ មិនអាចបើកបរយានយន្តឆ្លងកាត់បានទេ។
ទោះបីជាបែបណា លោកមេឃុំប្រាប់ថា នៅព្រឹកទី១៧ កញ្ញា នោះគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងសាខាកាកបាទក្រហមខេត្ត រួមជាមួយអាជ្ញាធរស្រុកអូរជ្រៅ និងឃុំអូរបីជាន់បាននិងកំពុងរួមគ្នាចុះសិក្សា និងពិនិត្យមើលពីការជន់លិចនេះដើម្បីឱ្យដឹងពីទំហំនៃការខូចខាត និងស្វែងរកអំណោយជួយដល់គ្រួសារពលរដ្ឋរងគ្រោះ ។ លោកសួង មឿន ប្រាប់ថា ក្រៅពីភូមិចំនួន៥នៅជាប់ព្រំដែនដូចជា ភូមិព្រៃចាន់ ភូមិអូរបីជាន់ ភូមិជោគជ័យ ភូមិទំនប់ដាច់ និងភូមិសិលាខ្មែរ ក៏មានភូមិមួយចំនួនទៀតកំពុងរងការជន់លិចតិចតួច និងបំផ្លាញផ្លូវដែរ ដូចជាភូមិព្រាវ និងភូមិយាងដង្គុំជាដើម ។
លោកកែវ សែន អភិបាលស្រុកអូរជ្រៅ បានប្រាប់តាមទូរស័ព្ទថា ទឹកជំនន់ពីប្រទេសថៃនេះបានប៉ះពាល់ដល់ផលដំណាំ និងសត្វពាហនៈ ប្រជាពលរដ្ឋ ប៉ុន្តែទំហំនៃការខូចខាតនៅមិនទាន់អាចប្រាប់បានទេ ព្រោះពេលនេះទឹកកំពុងជន់លិច ហើយក្រុមការងារកំពុងបន្តចុះស្រង់ស្ថិតិនៅឡើយ ។ ចំពោះការជន់លិចភូមិមួយចំនួននៅខាងត្បូងផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត បើទោះណាពេលនេះទឹកកំពុងបន្តឡើងក្តី ប៉ុន្តែកម្ពស់ទឹកមិនទាន់ធ្ងន់ធ្ងរដូចឆ្នាំមុននៅឡើយទេ ។
លោក រៀម សារិន អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យស្ថិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជាជាប់ប្រទេសថៃ មានស្រុកចំនួន៧និងក្រុង២ ចែកចេញជា៥៥ឃុំ និង១០សង្កាត់ ៦៣៨ភូមិ និងមានប្រជាពលរដ្ឋចំនួន១៥៥.៥៥៨គ្រួសារ ។
លោកអភិបាលរងខេត្តបានបន្តថា ខេត្តបន្ទាយមានជ័យបានជួបគ្រោះទឹកជំនន់រយៈ ពេល៣ឆ្នាំមកហើយ តែនៅដើមឆ្នាំ២០១២នេះក៏ជួបគ្រោះរាំងស្ងួតស្ទើរទូទាំងខេត្ត បណ្តាលឱ្យកន្លែងខ្លះងាប់និងខូចស្រូវហើយរហូតដល់ខែកញ្ញា ទើបមានភ្លៀងធ្លាក់ ។ យោងតាមរបាយ ការណ៍នៅដើមខែ កញ្ញា ២០១២ នេះ ក្រោយពីទឹកជំនន់លិចលង់នៅខេត្តស្រះកែវប្រទេសថៃ គឺស្រុកម៉ាឡៃមាន៣ឃុំ ក្រុងប៉ោយប៉ែតមានសង្កាត់ចំនួន២ និងស្រុកអូរជ្រៅមានឃុំអូរបី ជាន់ដែលកំពុងជន់លិច ។ ចំណែកតំបន់នៅជាប់អូរព្រំដែនកំពុងប្រឈមនឹងទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសថៃ ហើយមានស្រុកចំនួន២ទៀតគឺស្រុកមង្គលបុរី និងព្រះនេត្រព្រះ ឃុំនៅជាប់ដៃទន្លេក៏ប្រឈមនឹងទឹកជំនន់ពីទន្លេដែរដោយសារទឹកភ្លៀងធ្លាក់រាល់ថ្ងៃតែមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ហើយអាជ្ញាធរខេត្ត ស្រុក ក្រុង កំពុងយកចិត្តទុកដាក់តាមដានស្ថានភាពទឹក ។ បើមានការប្រែប្រួលខ្លាំងនោះនឹងមានវិធានការភ្លាមៗជួយដល់ប្រជាពលរដ្ឋក្នុងការរកទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ។
ខេត្តសៀមរាប ៖ ផ្ទាំងពពកខ្មៅយ៉ាងក្រាស់ឃ្មឹកបានបន្ដគ្របបណ្ដប់ពីលើភូមិសាស្ដ្រខេត្ដសៀមរាប និងតំបន់ភាគខាងលើនៃខេត្ដប្រវត្ដិសាស្ដ្រមួយនេះ។ តំណក់ទឹកភ្លៀងបានធ្លាក់មិនដាច់អស់រយៈពេល៣ថ្ងៃជាប់ៗគ្នាមកហើយគ្មានឃើញទេពន្លឺព្រះអាទិត្យ។ នេះគឺជាសញ្ញាប្រកាសអាសន្នអំពីការវាយប្រហារពីសំណាក់ជំនន់ទឹកភ្លៀងមកលើក្រុងសៀមរាប និងសម្បូរដោយប្រាង្គប្រាសាទបុរាណដែលពុះចំពាក់កណ្ដាលដោយដងស្ទឹងសៀមរាប ។
ទាក់ទិននឹងការគំរាមកំហែងវាយប្រហារពីគ្រោះទឹកជំនន់មកលើក្រុងសៀមរាបនោះ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ដលោកនួន គ្រឹះស្នា បានថ្លែងកាលពីព្រឹកថ្ងៃទី ១៧ កញ្ញាថា ខេត្ដសៀមរាបនិងតំបន់ភាគខាងលើៗនៃខេត្ដនេះបានធ្លាក់ភ្លៀងអស់រយៈពេល៣ថ្ងៃជាប់ៗគ្នា មកហើយនៅគ្រាដែលប្រទេសកម្ពុជាទាំងមូលកំពុងតែគំរាមកំហែងពីឥទ្ធិពលសម្ពោធទាបដែលនឹងបន្ដអូសបន្លាយរហូតមួយសប្ដាហ៍ទៀត ។
លោកបានបន្ដថា ក្រុងទេសចរណ៍សៀមរាបត្រូវបានពុះចំពាក់កណ្ដាលដោយស្ទឹងសៀមរាប ដែលមានប្រភពពីតំបន់ជួរភ្នំគូលែន និងតំបន់ភាគខាងលើ ដែលមានភារកិច្ចនាំទឹកចុះទៅកាន់បឹងទន្លេសាប ហើយពេលនេះកម្រិតទឹកស្ទឹងនេះខ្វះតែ០,៧០ម៉ែត្រប៉ុណ្ណោះ នឹងខិតដល់កម្រិតប្រកាសអាសន្ន ដែលនឹងចាប់ផ្ដើមហៀរចេញមកក្រៅនៅតាមកន្លែងខ្លះៗ ឬអាចលិចផ្នែកខ្លះៗនៃក្រុងនេះទៀតផង នៅពេលមានការរុញផ្ទប់គ្នារវាងទឹកភ្លៀងជាមួយទឹកបឹងទន្លេសាប ។
ជាមួយនឹងការគំរាមកំហែងនោះដែរ មន្ដ្រីអាជ្ញាធរខេត្ដសៀមរាបបានអះអាថា ពួកគេកំពុងតែស្វះស្វែងរកយុទ្ធសាស្ដ្រក្នុងការទប់ទល់នឹងទឹកជំនន់ ដែលអាចបើកការវាយប្រហារមកលើក្រុងទេសចរណ៍ដែលជាតំបន់ប៉ូលនៃទេសចរណ៍ជាតិនិងសម្បូរដោយប្រាង្គប្រាសាទបុរាណមួយនេះ ។
អភិបាលរងខេត្ដសៀមរាបលោកប៊ុន ថារិទ្ធិ បានមានប្រសាសន៍ប្រាប់កាលពីថ្ងៃត្រង់ថ្ងៃទី១៧ កញ្ញាថា ជាមួយការប្រយុទ្ធប្រឆាំងទៅនឹងគ្រោះទឹកជំនន់ដែលអាចជន់លិចក្រុងទេសចរណ៍សៀមរាប នៅក្នុងចន្លោះពេលនេះដល់ថ្ងៃទី៥ តុលា ខាងមុខ អាជ្ញាធរខេត្ដ បានធ្វើការសម្រួលផ្លូវទឹកមួយចំនួន ដើម្បីឱ្យចរន្ដទឹកហូរបានលឿនជាងមុនក្នុងគ្រាដែលទឹកធ្លាក់មកពីតំបន់ភាគខាងលើៗតាមដងស្ទឹងសៀមរាប ក្នុងនោះអាជ្ញាធរបានសម្រេចចោះផ្លូវទឹកនៅតាមផ្លូវហ៊ុន សែន សន្ដិភាព(ផ្លូវវាងក្រុង)រហូតដល់ទៅ១៧ កន្លែង ។ក្រៅពីនោះក៏បានធ្វើទា្វរទឹកនៅតាមស្ទឹងសៀមរាប ត្រង់ប្រាសាទតាសោមនិងប្រាសាទនាគពន្ធ័ ដើម្បីបង្វែរទឹកស្ទឹងទៅបារាយណ៍ខាងលិច ព្រមទាំងស្ទឹងពួកផងដែរ ។
លោកបានបញ្ជាក់បន្ថែមថា ទឹកជំនន់ឆ្នាំ ២០១២ នេះអាចនឹងកើតឡើងដោយខានមិន បាន ប៉ុន្ដែពុំមានអានុភាពធ្ងន់ធ្ងរដូចឆ្នាំកន្លងទៅទេ នៅគ្រាដែលអាជ្ញាធរបានរៀបចំស្ដារពោះស្ទឹងសៀមរាបបានមួយចំណែក និងបានសម្រួលប្រព័ន្ធលូបង្ហូរទឹកមួយចំនួននៅប៉ែកខាងកើតស្ទឹងចប់សព្វគ្រប់ហើយ ។
ដោយឡែក បើងាកទៅមើលមន្ដ្រីអាជ្ញាធរអប្សរាដែលគ្រប់គ្រងប្រាសាទបុរាណឯណោះវិញ ក៏កំពុងតែស្ទុះស្ទាចុះពិនិត្យរកវិធីទប់ទល់នឹងគ្រោះទឹកជំនន់ដែលអាចគំរាមកំហែងមកលើប្រាង្គប្រាសាទបុរាណដែរ ដោយក្នុងនោះគេឃើញមានលោកប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា លោក សុខ លក្ខិណា និងលោកម៉ី ម៉ារ៉ាឌី អគ្គនាយករងអាជ្ញាធរអប្សរា រួមទាំងមន្ដ្រីសំខាន់ៗជាច្រើននាក់ទៀត បានចុះទៅពិនិត្យជាក់ស្ដែងនៅកន្លែងមុខទឹកសំខាន់ៗមួយចំនួនដែលស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន ។
គួររំលឹកថា កាលពីឆ្នាំ២០១១ កន្លងទៅ ក្រុងទេសចរណ៍សៀមរាប បានរងនូវការវាយ ប្រហារផ្ទួនៗចំនួន៤ដងពីទឹកជំនន់ដែលហៀរចេញពីស្ទឹងប្រវត្ដិសាស្ដ្រសៀមរាប បណ្ដាលឱ្យសង្កាត់យ៉ាងតិចចំនួន៥ ស្ថិតនៅអមបណ្ដោយដងស្ទឹងត្រូវបានលិចក្នុងនោះរួមមានសង្កាត់សាលាកម្រើក សង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម សង្កាត់ជ្រាវ និងសង្កាត់សៀមរាបជាដើម ។
កាលពីគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១១ កន្លងទៅ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍លោកថោង ខុន បានបញ្ចាក់ឱ្យដឹងថា មានការប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លះៗដែរ ក្នុងនោះសណ្ឋាគារចំនួន១១ និងផ្ទះសំណាក់ចំនួនជាង២០ រួមទាំងភោជនីយដ្ឋានចំនួន៤៥កន្លែងដែលស្ថិតនៅអមសងខាងបណ្ដោយដងស្ទឹងសៀមរាប និងនៅម្ដុំផ្សារចាស់ ដែលជាកន្លែងកកកុញទៅដោយភ្ញៀវទេសចរចម្រុះជាតិសាសន៍បានស្ថិតនៅក្នុងសភាពត្រាំទឹកផ្នែកខាងក្រៅ ប៉ុន្ដែមិនទាន់ដល់ដំណាក់កាលបិទទ្វារទាំងស្រុងនោះទេ ។
កាលនោះលោកបានប្រាប់ថា តាមការចុះពិនិត្យជាក់ស្ដែងនៅតំបន់ផ្សារចាស់នៅអំឡុងគ្រាមានទឹកជំនន់កន្លងមកឃើញថា មានហាងតូចធំប្រមាណជាង៨០ និងផ្សារ ឯកជនលក់វត្ថុអនុស្សាវរិ៍យ៍ចំនួនពីរដែលមានតូបប្រមាណជាង៤០០ត្រូវបានរំខានដោយសារទឹកពីស្ទឹងធ្វើឱ្យភ្ញៀវទេសចរពិបាកធ្វើដំណើរទៅកាន់ទីនោះ។ ដូច្នេះភ្ញៀវបាត់បង់ឱកាសចាយលុយក្នុងមួយថ្ងៃៗប្រមាណជាង៤ម៉ឺនដុល្លារអាមេរិកឯណោះ ។
ក្រៅពីប៉ះពាល់ទៅដល់វិស័យទេសចរណ៍គ្រោះធម្មជាតិនោះ ក៏បានគំរាមកំហែងដល់ប្រាង្គប្រាសាទបុរាណមួយចំនួននៅក្នុងឧទ្យានអង្គរ និងបានធ្វើអន្ដរាយដល់ហេដ្ឋារច្ចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និងផ្លូវជាតិមួយចំនួន រួមទាំងបំផ្លាញដំណាំកសិកម្ម សត្វពាហនៈរបស់ប្រជាពលរដ្ឋជាច្រើនផងដែរ ។
កាលពីឆ្នាំ២០១១ កន្លងទៅ ខេត្ដ-ក្រុងចំនួន ១៨របស់ប្រទេសកម្ពុជា ត្រូវបានវាយប្រហារដោយគ្រោះទឹកជំនន់ដែលបណ្ដាលឱ្យប្រជាពលរដ្ឋចំនួនជិត២លាននាក់ រងនូវការប៉ះពាល់ក្នុងនោះ ប្រជាពលរដ្ឋចំនួន២៥០នាក់ បានស្លាប់ ភាគច្រើនជាកុមារ ហើយការអន្ដរាយសរុបជាទឹកប្រាក់មានរហូតដល់ទៅ៥០០លានដុល្លារ
អាមេរិក ។
ទន្ទឹមនោះដែរព័ត៌មានចុងក្រោយដែលទទួលបានពីអាជ្ញាធរស្រុកពួកបានរាយការណ៍ថា ទឹកជំនន់បានចាប់ផ្ដើមវាយប្រហារមកលើភូមិសាស្ដ្រឃុំល្វា ដែលពេលនេះអាជ្ញាធរកំពុងតែប្រឹងប្រែងធ្វើការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ដិភាព ខណៈឃុំមួយចំនួនទៀតក៏ត្រូវបានរាយការណ៍ដូចគ្នា ។
សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ
នៅថ្ងៃទី១៧ កញ្ញា ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនឱ្យដឹងថា អស់រយៈពេលជាង២សប្តាហ៍កន្លងរួចមកហើយ ដែលសម្ពាធទាប និងប្រព័ន្ធសម្ពាធទាបបានអូសកាត់ និងមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ហើយស្ថានភាពអាកាសធាតុបែបនេះ នឹងបន្តកើតមានក្នុងរយៈពេលប្រមាណ១សប្តាហ៍ទៀត ។ លក្ខណៈបែបនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២ ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តកំពត ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្តដូចបានជម្រាបជូនខាងលើ ពិសេសតំបន់ជាប់នឹងដងស្ទឹងនានា សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕
ចែករំលែកព័តមាននេះ