រាជធានីភ្នំពេញ ៖ លោកចាន់ ភិន សមាជិកព្រឹទ្ធសភានីតិកាលទី៣ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពនាថ្ងៃទី១៦ កញ្ញា វេលាម៉ោង៩ព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំ ។ សពលោកចាន់ ភិន ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិនៅភូមិគ្រឹះលេខ៣៦ ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ពិធីដង្ហែសពនឹងធ្វើនៅថ្ងៃទី១៩ កញ្ញា វេលាម៉ោង៧ព្រឹក ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបទុមវតី ។ក្នុងសារលិខិតរំលែកទុក្ខជូនលោកជំទាវធា សុខជិញ ជាភរិយា និងក្រុមគ្រួសារ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាបានសរសេរថា ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ខ្ញុំមានសេចក្តីរន្ធត់ក្រៀមក្រំជាទីបំផុត ដោយលោកចាន់ ភិន សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំ ។
ការបាត់បង់រូបលោកចាន់ ភិន គឺជាការបាត់បង់ឥស្សរជនដ៏ឧត្តុង្គឧត្តមរបស់ជាតិមួយរូប ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្ត ក្នុងស្មារតីស្នេហាជាតិមាតុភូមិ និងប្រជាជនដ៏ខ្ពង់ខ្ពស់ រួមចំណែកតស៊ូរំដោះជាតិ ដើម្បីសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាពលរដ្ឋ និងមាតុភូមិ ។ ក្នុងដំណាក់កាលជាង១៣ឆ្នាំចុងក្រោយនេះ លោកបានបំពេញការងារយ៉ាងសកម្មជូនព្រឹទ្ធសភា ក្នុងមុខងារជាប្រធានគណៈកម្មការសេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា នីតិកាលទី១ និងនីតិកាលទី២ ហើយជាសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ដើម្បីរួមចំណែកក្នុងដំណើរការកសាងកម្ពុជាជានីតិរដ្ឋ រីកចម្រើន និងមានកិត្យានុភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ ។
ខ្លួនខ្ញុំផ្ទាល់ និងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការទាំងអស់ សូមចូលរួមរំលែកនូវសេចក្តីទុក្ខដ៏ក្រៀមក្រំ ក្តុកក្តួល អាឡោះអាល័យ ជាទីបំផុតជាមួយលោកជំទាវ ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ។ដោយទឹកចិត្តគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះគុណដំណាច់ដ៏ខ្ពង់ខ្ពស់នៃសពលោកចាន់ ភិន យើងខ្ញុំសូមបួងសួងសូមវិញ្ញាណក្ខន្ធ លោកចាន់ ភិន បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ ។
លោកចាន់ ភិន កើតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៣៨ នៅភូមិព្រៃឈើទាល ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។ លោកមានគ្រួសារ និងមានកូនចំនួន៣នាក់ ។
កម្រិតវប្បធម៌ទូទៅរបស់លោក
– ១៩៨៨-១៩៩០ ៖ អនុបណ្ឌិតវគ្គជំនាញហិរញ្ញវត្ថុ ធនាគារ នៅមហាវិទ្យាល័យសេដ្ឋកិច្ចហាណូយ ប្រទេសវៀតណាម
- ១៩៦០-១៩៦៥ ៖ បរិញ្ញាប័ត្រសេដ្ឋកិច្ច វគ្គជំនាញ សេដ្ឋកិច្ច នៅមហាវិទ្យាល័យសេដ្ឋកិច្ច ហាណូយ ប្រទេសវៀតណាម ។
កម្រិតបណ្តុះបណ្តាលមុខវិជ្ជាជីវៈ
– ១៩៤៩-១៩៥៤ ៖ យុទ្ធជនស្រុក(សក៣)
– ១៩៥៤-១៩៦៨ ៖ គណៈទាក់ទងមជ្ឈិមបក្សវៀតណាម
– ១៩៦៨-១៩៧៥ ៖ ប្រធានសាលា១៩៦ គណៈទាក់ទងមជ្ឈិមបក្សវៀតណាម
- ១៩៧៤-១៩៧៩ ៖ គ្រូសិក្សាមហាវិទ្យាល័យហាយថុង គណៈទាក់ទងមជ្ឈិម
ភាសាបរទេស ៖ វៀតណាម
ប្រវត្តិការងារ
– ១៩៧៩-១៩៨២ ៖ រដ្ឋមន្ត្រីទេសាភិបាល ហិរញ្ញវត្ថុ និងធនាគារ
– ១៩៧៩-១៩៨៥ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– ១៩៨៥-១៩៨៧ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
– ១៩៨៧-១៩៨៩ ៖ ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្សប្រជាជនកម្ពុជា
– ១៩៧៩-១៩៨៩ ៖ លេខាបក្សប្រជាជនកម្ពុជាក្រសួងមន្ទីរជុំវិញមជ្ឈិមបក្ស
– ១៩៨៩-១៩៩៣ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
– ១៩៩៣-១៩៩៩ ៖ ទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីស្តីការគណៈរដ្ឋមន្ត្រី
– ១៩៩៩-២០០៦ ៖ សមាជិកព្រឹទ្ធសភា នីតិកាលទី១
– ២០០៦-២០១២ ៖ សមាជិកព្រឹទ្ធសភា នីតិកាលទី២
គ្រឿងឥស្សរិយយស
– ១៧/៦/២០១១ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ
– ១៨/១/២០០៦ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា
– ០៩/១០/២០០១ ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា
– ២៧/៥/១៩៨៩ មេដាយមាសស្ថាបនាជាតិ ថ្នាក់លេខ១
-១៨/៦/១៩៨៦ យុទ្ធជនឥស្សរៈ
ចែករំលែកព័តមាននេះ