ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១២ នៅភូមិតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប មានរៀបចំពិធីបុណ្យឆ្លងដើមពោធិ៍ដើម្បីសុំសេចក្តីសុខ និងអបអរសាទរអរគុណទេវតា ដែលផ្តល់ទឹកភ្លៀងឱ្យប្រជាពលរដ្ឋបានធ្វើស្រែទាន់រដូវកាលតាមការបន់ស្រន់ កាលពីមានភាពរាំងស្ងួតអស់រយៈពេលជាង២ខែកន្លងមក ។
លោកទេព សាវ៉េត សមាជិកក្រុមការងារគណៈកម្មាធិការគណបក្សចុះជួយស្រុកស្វាយទាប និងជាអនុប្រធានក្រុមការងារចុះជួយឃុំអនោរម្យមានប្រសាសន៍ថា លោកនិងក្រុមការងារបានដាំដើមពោធិ៍មួយដើមនៅចំណុចច្រករបៀងព្រំដែនមនោរម្យបន្ទាប់ពីមានការពន្យល់សប្តិឱ្យក្រុមការងារដាំដើមពោធិ៍នៅចំណុចច្រករបៀងព្រំដែនមនោរម្យ ទេវតានឹងឱ្យសេចក្តីសុខ សេចក្តីចម្រើន ។ រូបលោកបានដឹកនាំក្រុមការងារគណបក្សឃុំមនោរម្យដាំដើមពោធិ៍មួយដើមរយៈពេល៤ឆ្នាំមកហើយ ។ ដើមពោធិ៍នេះដុះឡើងបែកជាចំនួន៥ដើមពីក្នុងដីមក ហើយប្រជាពលរដ្ឋបានសុខរហូតមក ។ ពេលមានភាពរាំងស្ងួតទូទាំងឃុំមនោរម្យ និងស្រុកស្វាយទាបទំាងមូលអស់រយៈពេលជាង២ខែ ប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងព្រោះអត់មានទឹកធ្វើស្រែ និងសំណាបសន្ទូងស្វិតក៏នាំគ្នាបន់ស្រន់សុំទឹកភ្លៀងនៅដើមពោធិ៍កាលពីថ្ងៃទី៤ កញ្ញា ២០១២ ។ បន្ទាប់មកនៅថ្ងៃទី៥ កញ្ញា មានភ្លៀងធ្លាក់និងរហូតដល់ថ្ងៃទី១៣ កញ្ញា មានភ្លៀងធ្លាក់ជាច្រើនមេមានទឹកដក់ពេញស្រែទូទាំងឃុំមនោរម្យ និងទូទាំងស្រុកស្វាយទាប ។ ពេលមានទឹកភ្លៀងប្រជាពលរដ្ឋបានដកស្ទូង និងព្រោះស្រូវស្រាលបានគ្រប់ៗគ្រួសារ ។
នៅថ្ងៃទី១៤ កញ្ញា រូបលោកនិងចាស់ទុំប្រជាពលរដ្ឋបានមូលមតិគ្នារៀបចំធ្វើបុណ្យឆ្លងដើមពោធិ៍សុំសេចក្តីសុខ កសាងអាស្រមទេវតាដើម្បីគោរពបូជា និងទុកឱ្យប្រជាពលរដ្ឋធ្វើបុណ្យនិងគោរពបូជារហូតទៅ ។ លោកទេព សាវ៉េត បន្តទៀតថា នៅថ្ងៃទី១៥ កញ្ញា ២០១២ លោកបានកសាងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំមនោរម្យចាក់ដី និងធ្វើរបងអស់ទឹកប្រាក់ជិត៣ម៉ឺនដុល្លារដើម្បីជាចំណងដៃជូនគណៈកម្មាធិការគណបក្សឃុំមនោរម្យសម្រាប់ធ្វើការងារ និងចាក់ដីធ្វើទីធ្លា សម្រាប់ជួបជុំសមាជិកបក្ស និងកន្លែងលេងកីឡា បានហើយរួចរាល់នៅថ្ងៃទី១៤ កញ្ញា ដែរ ទើបធ្វើបុណ្យប្រគល់អគារនិងបំពាក់បរិក្ខារប្រគល់ឱ្យគណបក្សឃុំមនោរម្យនៅថ្ងៃទី១៥ កញ្ញា ដើម្បីសេចក្តីសុខ សេចក្តីចម្រើន ៕
ចែករំលែកព័តមាននេះ