ខេត្តតាកែវ ៖ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាឱ្យរំសាយដែនឡូត៍នេសាទទាំងអស់ចោល ងាយស្រួលឱ្យប្រជាពលរដ្ឋនេសាទត្រីជាលក្ខណៈគ្រួសារបែបណាក៏ដោយ ក៏នៅរដូវទឹកឡើងឆ្នាំនេះដែនឡូត៍នេសាទមួយចំនួនត្រូវបានគេឃុបឃិតគ្នាឱ្យជនជាតិវៀតណាមចូលមកនេសាទដោយខុសច្បាប់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ហើយបទល្មើសនេសាទនេះ មានតែអ្នកកាងមិនមានអ្នកបង្ក្រាបទេ ដែលទង្វើបែបនេះធ្វើឱ្យបទបញ្ជាប្រមុខរាជរដ្ឋាភិបាលបែរជាគ្មានប្រសិទ្ធភាព ។
ប្រភពព័ត៌មានពីមន្ត្រីជលផលខេត្តឱ្យដឹងថា រដូវទឹកឡើងនេះគេសង្កេតឃើញមានទូកវៀតណាមចូលមកនេសាទត្រីខុសច្បាប់នៅតាមបណ្តាអតីតឡូត៍នេសាទមួយចំនួនដែលបានរំសាយរួចហើយនោះ ។ ក្រុមអ្នកកាងបទល្មើសនេះថ្លើមធំហ៊ានប្រឆាំងនឹងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន ហើយចំពោះអតីតឡូត៍នេសាទដែលមានសមត្ថកិច្ចនិងអាជ្ញាធរខ្លះបើកដៃឱ្យពួកទូកនេសាទវៀតណាមចូលមកចាប់ត្រីនោះមាននៅទឹកដីស្រុកអង្គរបុរី អតីតឡូត៍លេខ១៣ ដោយមានមន្ត្រីប៉េអឹមខេត្តម្នាក់ជាអ្នកកាងប្រមូលលុយពីទូកនេសាទវៀតណាម។
ចំណែកអតីតឡូត៍លេខ១៨ មានប៉ូលិសស្រុកម្នាក់ជាអ្នកកាង ឯអតីតឡូត៍លេខ១៥ លេខ១៦ លេខ១៧ ស្ថិតនៅទឹកដីខេ្តកណ្តាលដែលមានព្រំប្រទល់ជាប់ស្រុកអង្គរបុរី ក៏មានទូកនេសាទវៀតណាមចូលមកចាប់ត្រីយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃដែរ ។ប្រភពព័ត៌មានដដែលបន្តទៀតថា ទាំងអាជ្ញាធរ និងសមត្ថកិច្ច មិនគួរបណ្តោយឱ្យមានបទល្មើសបែបនេះសោះ តែបើប្រជាពលរដ្ឋក្រីក្រដាក់មងដាក់ដាយបន្តិចបន្តួចគ្រាន់ចិញ្ចឹមឆ្នាំងនោះ ត្រូវក្រុមមន្ត្រីនិងអាជ្ញាធរចាប់គ្មានសល់ ។
ទាក់ទងនឹងព័ត៌មាននេះលោក ស្រី បេន អភិបាលខេត្តបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា យើងគ្មានដែនឡូត៍នេសាទទៀតទេ ព្រោះរាជរដ្ឋាភិបាលរំសាយអស់ហើយ តែបើមានបទល្មើសនេសាទមែននោះនឹងឱ្យមន្ត្រីជំនាញចុះទៅស្រាវជ្រាវ ៕
ចែករំលែកព័តមាននេះ