ខេត្តប៉ៃលិន ៖ លោកជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមួយក្រុម ចុះឆែកឆេរផ្ទះជនសង្ស័យប្តីឈ្មោះអេង រដ្ឋា អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ គឹម ផល្លា អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងសេះ ឃុំអង្គរមាស ស្រុកឈូក ខេត្តកំពត សព្វថ្ងៃមករស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ការឆែកឆេរនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៣ កញ្ញា ហើយ២នាក់ប្តីប្រពន្ធនេះក៏ត្រូវបានឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ា) ចំនួន៥៨គ្រាប់ និងម៉ាទឹកកកចំនួន១កញ្ចប់កន្លះ។
លោកអនុសេនីយ៍ឯក ប្រាក់ សុធា នាយការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះ ជាមុខសញ្ញាចាស់ដែលធ្លាប់រកស៊ីជួញដូរនិងចែកចាយថ្នាំញៀនអស់រយៈពេលយូរឆ្នាំមកហើយ។ ក្រោយពីយើងដាក់ភ្នាក់ងារសម្ងាត់ឱ្យធ្វើការស៊ើបអង្កេតនិងស្រាវ ជ្រាវទើបដឹងថា ជនសង្ស័យទាំងពីរនាក់នេះរកស៊ីលក់ថ្នាំញៀនក៏ចុះទៅឆែកឆេរផ្ទះ ដោយមានការដឹកនាំផ្ទាល់ពីលោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយលោកក៏បញ្ជាឱ្យឃាត់ខ្លួនពួកគេទាំង២នាក់តែម្តង ។
ប៉ុន្តែមុននឹងឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាងដូចជា ម៉ាទឹកកកចំនួន១កញ្ចប់កន្លះ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ា)ចំនួន៥៨គ្រាប់ សម្ភារសម្រាប់ជក់មួយចំនួន មានបំពង់បឺត ដែកកេះ នៅក្នុងផ្ទះជនសង្ស័យព្រមទាំងដកហូតទូរស័ព្ទដៃចំនួន២គ្រឿង និងប្រាក់ចំនួន៤៥. ០០០រៀលផងដែរ ។ ជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធ ត្រូវកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសា លាដំបូង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ កញ្ញា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ