រាជធានីភ្នំពេញ ៖ ម៉ូតូអ្នកលក់ម៉ាំមួយគ្រឿងជិះរហូតដល់អស់សាំងទៅមុខលែងរួចហើយម្ចាស់ក៏បានឈប់រត់ទៅទិញសាំងយកមកចាក់ដើម្បីជិះទៅមុខបន្តទៀត អ្វីដែលគេនឹកស្មានមិនដល់នោះគឺក្រោយពេលចាក់សាំងរួចមិនទាន់ធាក់បញ្ឆេះផង ស្រាប់តែទុយោសាំងម៉ូតូនោះធ្លាយធ្វើឱ្យលិចប្រេងសាំងហៀរលើម៉ាស៊ីនដែលកំពុងក្តៅ បង្កឱ្យមានការឆាបឆេះជាអណ្តាតភ្លើងឡើងនិងបង្កឱ្យមានការភ្ញាក់ផ្អើលភ្លាមៗ តែជាសំណាងល្អត្រូវបានគេជួយពន្លត់ទាន់ពេលទើបមិនបណ្តាលឱ្យរងការខូចខាតធ្ងន់ធ្ងរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៦ កញ្ញា នៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុចមុខវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូមួយគ្រឿងនោះម៉ាកវ៉េវផលិតនៅប្រទេសចិន ពណ៌ខ្មៅ អត់ស្លាកលេខ ហើយម៉ូតូនោះអត់មានអាវស្រោបពីខាងក្រៅទេ ឯអ្នកបើកបរក៏មិនត្រូវបានគេស្គាល់ឈ្មោះដែរ។ ប៉ុន្តែគេដឹងថាជាម៉ូតូលក់ម៉ាំ ។ ជាមួយនេះមានស្លាកមួយដាក់នៅលើក្បាលម៉ូតូខាងមុខ ដែលនៅលើស្លាកនោះមានបិទរូបថតបុរសស្លៀកពាក់សពាក់មួកសនិងពាក់វ៉ែនតាខ្មៅ២សន្លឹក ឈរយ៉ាងសង្ហាដែលទំនងជាម្ចាស់ម៉ូតូនិងជាអ្នកលក់ម៉ាំនោះ ។ ជាងនេះទៅទៀត ក៏មានសរសេរស្លាកយីហោថា «អ្នកលក់ម៉ាំ២០១២ ម៉ាំ បូរ៉ា» ព្រមទាំងមានដាក់លេខទូរស័ព្ទចំនួនពីរខ្សែនៅខាងក្រោមស្លាកយីហោនោះទៀតផង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនមានកើតហេតុការណ៍កើតឡើងគេឃើញម៉ូតូមួយគ្រឿងនេះជិះគ្នាពីរនាក់ជាបុរស អត់មានដឹកម៉ាំទេ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុច ខាងលើម៉ូតូនោះអស់សាំងរលត់ម៉ាស៊ីនទៅមុខលែងរួច ក៏ឃើញបុរសម្នាក់រត់ទៅទិញសាំងមកចាក់ ឯម្នាក់ទៀតនៅអង្គុយលើម៉ូតូ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលទិញសាំងយកមកចាក់រួចរាល់មិនទាន់បានធាក់បញ្ឆេះផង ស្រាប់តែធ្លាយទុយោសាំងធ្វើឱ្យប្រេងសាំងហៀរលើម៉ាស៊ីនម៉ូតូដែលក្តៅបង្កឱ្យមានអណ្តាតភ្លើងឆាបឆេះឡើងឯបុរសម្នាក់ដែលកំពុងអង្គុយនៅលើម៉ូតូនោះបានលោតចុះទាំងព្រលឹងចុងលក់ ខណៈនោះអ្នកជិតខាងបាននាំគ្នាជួយពន្លត់រហូតដល់រលត់អស់ និងពុំមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយនៅក្នុងហេតុការណ៍នេះ ៕
ចែករំលែកព័តមាននេះ