សម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតរំលែកទុក្ខដោយថ្លែងថា ការបង់បង់រូបលោកចាន់ ភិន គឺជាការបាត់បង់ឥស្សរជនដ៏ឧត្តុង្គឧត្តម របស់ជាតិមួយរូប ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្ត ក្នុងស្មារតីស្នេហាជាតិមាតុភូមិ និងប្រជាជនដ៏ខ្ពង់ខ្ពស់ រួមចំណែកតស៊ូរំដោះជាតិ ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និងវិបុលភាពរបស់ប្រជាជន និងមាតុភូមិ ។
ក្នុងដំណាក់កាលជាង១៣ឆ្នាំចុងក្រោយនេះ ឯកឧត្តមបានបំពេញការងារយ៉ាងសកម្មជូនព្រឹទ្ធសភា ក្នុងមុខងារជាប្រធានគណៈកម្មការ សេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធាន ទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភានីតិកាលទី១ និងនីតិកាលទី២ ហើយជាសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ដើម្បីរួមចំណែកក្នុងដំណើរការកសាងកម្ពុជានីតិរដ្ឋ រីកចម្រើន និងមានកិត្យានុភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ ។
ខ្លួនខ្ញុំផ្ទាល់ និងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការទាំងអស់ សូមចូលរួមចែករំលែកនូវសេចក្តីទុក្ខដ៏ក្រៀមក្រំក្តុកក្តួលអាឡោះអាល័យ ជាទីបំផុតជាមួយលោកជំទាវក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ។ ដោយទឹកចិត្តគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ខ្ពង់ខ្ពស់នៃសព ឯកឧត្តម ចាន់ ភិន យើងខ្ញុំសូមបួងសួងសូមវិញ្ញាណក្ខន្ធឯកឧត្តម ចាន់ ភិន បានទៅសោយសុខក្នុងសុគិតិភពជានិច្ចនិរន្តរ៍រៀងទៅ ។
គួរបញ្ជាក់ថា លោកចាន់ ភិន សមាជិកព្រឹទ្ធសភា នីតិកាលទី៣ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃទី១៦ កញ្ញា២០១២ វេលាម៉ោង៩ព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំ ។ សពលោកចាន់ ភិន ត្រូវតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីនៅភូមិគ្រឹះលេខ៣៦ ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ពិធីដង្ហែសពនឹងធ្វើនៅថ្ងៃទី១៩ កញ្ញា ២០១២ វេលាម៉ោង៧ព្រឹកឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបទុមវត្តី ។
សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើនេះ ចាត់ទុកជាសេចក្តីជូនដំណឹងដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ នៃសព ព្រមទាំងក្រសួងស្ថាប័ននានា ដើម្បីទ្រង់ជ្រាប និងជ្រាប ហើយសូមមេត្តាយាង និងអញ្ជើញចូលរួមពិធីបុណ្យសពតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ