ខេត្តបន្ទាយមានជ័យ ៖ ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ២០១២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក សួស អង្គារ អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីលោករៀម សារិន អភិបាលរងខេត្ត លោកស្រី Megan Anderson (មីហ្គែន អាន់ដឺសុន) ទីប្រឹក្សាសហប្រតិបត្តិការអភិវឌ្ឍន៍ទីភ្នាក់ងារអូស្ត្រាលី ដើម្បីអភិវឌ្ឍអន្តរជាតិ ព្រមទាំងលោកស្នងការរង លោកអភិបាលរងក្រុងប៉ោយប៉ែត នាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក រួមទាំងបណ្តាតំណាងអង្គភាពពាក់ព័ន្ធកងកម្លាំងនគរបាលប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនចូលរួមផងដែរ ។
លោកវរសេនីយ៍ឯក ចាន់ កុសល ស្នងការរងតំណាងលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ត មានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍ថា ប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានផ្ទៃដីសាងសង់ទំហំ៣០៨ម៉ែត្រការ៉េ ប៉ុស្តិ៍នេះបានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី៨ ឧសភា ២០១២ ក្រោមជំនួយឧបត្ថម្ភនៃគម្រោង CCJAP សាងសង់រួចជាស្ថាពរនៅថ្ងៃទី៨ កញ្ញា ២០១២ ។ អគារនេះគឺជាប៉ុស្តិ៍ទី៤ហើយ ដែលជាជំនួយឧបត្ថម្ភនៃគម្រោង CCJAP ដំណាក់កាលទី៣ ដោយចំណាយថវិកាអស់សរុបចំនួន២៧.៧០៤,៧៥ដុល្លារអាមេរិក ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ