ខេត្តកំពត ៖ ភាពអនាធិបតេយ្យការមិនគោរពច្បាប់ចរាចរណ៍លើផ្លូវសាធារណៈនៅខាងត្បូង និងខាងជើងផ្សារសាមគ្គីក្នុងទីរួួមខេត្ត លើបណ្តាក្រុមអ្នកធ្វើអាជីវកម្មផ្ញើកង់-ម៉ូតូនិងការដាក់តាំងលក់របស់របរលើចំណីផ្លូវហាក់ដូចមិនគោរពតាមការណែនាំរបស់អាជ្ញាធរក្រុងនៅឡើយ ពោលគឺនៅតែផ្គើននឹងការណែនាំរបស់អាជ្ញាធរដដែលដោយសំអាងថា ខ្លួនធ្វើនេះគឺបានបង់ពន្ធជូនរដ្ឋហើយ ។
ទោះបីបង់ថវិកាជូនរដ្ឋក្តីក៏អាជ្ញាធរមិនគួរបណ្តោយឱ្យក្រុមឈ្មួញធ្វើអាជីវកម្មបង្កភាពអនាធិបតេយ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់លើផ្លូវសាធារណៈដែរ គឺមានទីតាំងត្រឹមត្រូវតែមិនដូច្នោះទេ បើគេពិនិត្យទំហំផ្លូវក្រាលកៅស៊ូខាងជើងផ្សារគឺ ម្ខាងផ្ញើម៉ូតូនិងម្ខាងចំណតរថយន្តឈ្នួលនិងរឺុម៉កម៉ូតូ ធ្វើឱ្យផ្លូវធំទៅជារួមតូចចង្អៀតស្ទើរតែយានយន្តគ្រប់ប្រភេទធ្វើដំណើរមិនបាន ។ ប្រជាពលរដ្ឋបានរិះគន់មកលើអាជ្ញាធរនិងសមត្ថកិច្ចការពារសណ្តាប់ធ្នាប់នៅទីនោះថា គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនខ្វល់ពីសណ្តាប់ធ្នាប់សាធារណៈចង់យ៉ាងម៉េចក៏មើលមិនឃើញ។ រីឯការលក់ត្រីបន្លែវិញឃើញដាក់តាំងលក់នៅក្រៅផ្សាលើផ្លូវសាធារណៈខាងត្បូងផ្សារយ៉ាងអនាធិបតេយ្យក៏ជាហេតុបង្កឱ្យប៉ះពាល់បរិស្ថានផងដែរ ។
ទាក់ទងបញ្ហាការខ្វះសណ្តាប់ធ្នាប់ជុំវិញផ្សារសាមគ្គីទីរួមខេត្តខាងលើ កោះសន្តិភាពបានភ្ជាប់ទូរស័ព្ទទៅលោកប៉ែន សេង ប្រធានផ្សារសាមគ្គីទីរួមខេត្ត ដើម្បីសុំការបំភ្លឺតែទូរស័ព្ទចូលហើយគ្មានមនុស្សលើក ។ ចំពោះបញ្ហារថយន្តឈ្នួលដែលចតចាំយកម៉ូយលើផ្លូវដោយខ្វះសណ្តាប់ធ្នាប់នោះ ភ្នាក់ងារកោះសន្តិភាពបានទូរស័ព្ទសុំការបំភ្លឺពីលោក រ័ត្ន ថៅកែបេនរថយន្ត លោក បានឱ្យដឹងថា ល្បិចក្រុមអ្នកបើកតាក់ស៊ីប្រើគ្រប់រូបភាព ដែលលោកពិបាកក្នុងការតាមពិនិត្យណាស់ អ្នកខ្លះចូលយកម៉ូយក្នុងបេនត្រឹមត្រូវ ឯអ្នកខ្លះទៀតចេញពីបេនថាទៅយកម៉ូយដល់ផ្ទះ តែផ្ទុយទៅវិញមកចតយកម៉ូយខុសពីកន្លែងដែលត្រូវចត ។
ចំណែកសមត្ថកិច្ចដែលរៀបចំសណ្តាប់ធ្នាប់នៅទីនោះ មិនព្រមជួយណែនាំឱ្យចូលចំណតទេ បែរជាឃើញរថយន្តចតអនាធិបតេយ្យហើយ គិតតែដើរសុំលុយទៅវិញ ។ លោកបញ្ជាក់ថា បញ្ហាខាងលើលោកកំពុងឱ្យបុគ្គលិកចុះត្រួតពិនិត្យ ៕
ចែករំលែកព័តមាននេះ