ខេត្តតាកែវ ៖ នគរបាលបានឃាត់ខ្លួនបុរសម្នាក់រួចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋានខេត្តដើម្បីចាត់ការបន្ត ខណៈជននេះផឹកស៊ីស្រវឹងហើយត្រឡប់ចូលផ្ទះវិញវាយបំផ្លាញទ្រព្យសម្បត្តិ និងដេញវាយប្រពន្ធកូនមិនប្រណី ។ អំពើហិង្សានេះទោះបីជាកន្លងមកអាជ្ញាធរមូលដ្ឋានធ្លាប់ហៅមកណែនាំនិងឱ្យធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាបែបណាក្តីក៏ជននេះនៅតែមិនព្រមរាងចាល ទើបប៉ូលិសចាប់ខ្លួនដោយអនុវត្តទៅតាមច្បាប់ ។ ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១២ កញ្ញា វេលាម៉ោង៦និង១០នាទីល្ងាចនៅក្នុងភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ។
លោកយ៉ុក សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ឱ្យដឹងថា ប្តីប្រមឹកដែលប៉ូលិសឃាត់ខ្លួននេះឈ្មោះ ឈូក រិន អាយុ៤៣ឆ្នាំ មានប្រពន្ធឈ្មោះ នាក់ សាមីុ អាយុ៤៦ឆ្នាំ មានកូនប្រុស២នាក់ ។ បុរសជាប្តីនេះឱ្យតែស៊ីផឹកស្រវឹង ចូលដល់ផ្ទះតែងតែវាយបំផ្លាញទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់និងដេញវាយប្រពន្ធកូនយ៉ាងអគតិបំផុត ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា មុនត្រូវចាប់ខ្លួនបុរសជាប្តីនេះបានស៊ីផឹកស្រវឹងរួចក៏ដេញវាយប្រពន្ធកូនរហូតរត់ចោលផ្ទះនិងវាយបំផ្លាញឆ្នាំងចានខ្ទេច ។ ពេលនោះប្រពន្ធអត់ទ្រាំលែងបានតទៅទៀតព្រោះប្តីប្រមឹកនេះត្រូវអាជ្ញាធរភូមិ-ឃុំហៅទៅណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាហើយនៅតែមិនព្រមកែប្រែ ក៏បានប្តឹងមកលោកមេភូមិហើយលោកមេភូមិរាយការណ៍មកប៉ូលិសទៅជួយអន្តរាគមន៍ ។ នៅពេលប៉ូលិសទៅដល់បុរសជាប្តីប្រមឹកនោះនិយាយប្រាប់ប៉ូលិសថា គេវាយតែប្រពន្ធកូនរបស់គេទេលោកឯងចេះដឹងអី រួចប៉ូលិសក៏ចាប់បញ្ជូនមកអធិការដ្ឋានស្រុកដើម្បីចាត់ការតាមច្បាប់ ។
នៅចំពោះមុខប៉ូលិស ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយដំប្រពន្ធកូនប្រាកដមែនតែសូមប៉ូលិសដាក់គុកខ្លួនតែកន្លះខែបានហើយ បើដាក់លើសនេះគឺគ្មានអ្នកណាចិញ្ចឹមប្រពន្ធកូនទេ ។ នៅព្រឹកថ្ងៃទី១៥ កញ្ញា បុរសម្នាក់នេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ