ខេត្តកែប ៖ ក្រុមចោរប្លន់មានគ្នាប្រមាណ៤នាក់ ប្រដាប់ដោយអាវុធខ្លី-វែងគ្រប់ដៃ បានចូលប្លន់លំនៅឋានរបស់លោកកេត រេន អាយុ៦៩ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិអាមេរិក នៅជើងភ្នំវល្លិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ កាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី១៣ កញ្ញា ។
ស្ត្រីជាជនរងគ្រោះម្នាក់ដែលស្ថិតក្នុងហេតុការណ៍នេះនិយាយថា ពេលកំពុងរៀបហូបបាយជុំគ្នាជាទម្លាប់ធម្មតា ស្រាប់តែមានក្រុមមនុស្សសម្រុកចូលតាមទ្វារក្រោយ២នាក់ និងទ្វារមុខ២នាក់ប្រដាប់ដោយអាវុធខ្លីវែងគ្រប់ដៃភ្ជង់អ្នកនៅក្នុងផ្ទះ៧នាក់ហាមមិនឱ្យស្រែកហើយចាប់ពួកគាត់ចងដៃ ។ ដោយឡែករូបគាត់មិនត្រូវបានចោរចងទេ ដោយសារក្មេងតូចៗភ័យស្រែកខ្លាំងពេក ។ ស្ត្រីដដែលនិយាយទៀតថា ក្រុមចោរសុទ្ធតែពាក់ម៉ាស់មុខនិងស្លៀកពាក់ស្អាតបាត ហើយត្រូវបានកត់សម្គាល់ថា សម្តីសំដៅខុសប្លែកពីអ្នកនៅក្នុងតំបន់នោះ ។
លោក សែម បញ្ញាមន អធិការនគរបាលស្រុកដំណាក់ចង្អើរបានថា លោកកេត រេន បានត្រូវក្រុមចោរប្លន់យកអស់ខ្សែកមាស២តម្លឹង លុយ៣០០ដុល្លារ និង២លានរៀល ទូរស័ព្ទដៃចំនួន៦គ្រឿង និងម៉ូតូ២គ្រឿងដែលមួយគ្រឿងធុនសេ១២៥ស៊េរីឆ្នាំ២០០៦ តែបិទតែមប្រិ៍ឆ្នាំ២០១១ និងមួយគ្រឿងទៀតធុនសេ១២៥ ស៊េរីឆ្នាំ២០១២ ។
ចំណែកលោកសុខ សំអាត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឱ្យដឹងដែរថា ក្រុមចោរមានគ្នា៤នាក់ប្រដាប់ដោយអាវុធខ្លី៣ដើម និងអាវុធវែងមួយដើម ប៉ុន្តែពួកគេមិនបានផ្ទុះអាវុធទេគឺគ្រាន់តែចាប់ចងអ្នកនៅក្នុងផ្ទះទាំងនោះដែលជាអ្នកចាំចម្ការឱ្យលោកតាខ្មែរ-អាមេរិកប៉ុណ្ណោះ ។ លោកមេបញ្ជាការរងរូបនេះបានដាក់ការសង្ស័យថា ពួកចោរទំនងជាមានរនុកក្នុងឱ្យដៃទើបបានជាដឹងរឿងរ៉ាវទាំងអស់ ។ ទោះជាបែបណាលោកមេបញ្ជាការរងមិនបានបង្ហើបប្រាប់ពីមុខសញ្ញាក្រុមចោរប្លន់ទេ ដោយនិយាយថា កំពុងស្រាវជ្រាវ ។
ប្រជាពលរដ្ឋនិយាយថា ចោរនោះពិតជាហ៊ានមែនចាប់មនុស្សចងហើយពួកគេ២នាក់បានបណ្តើរអ្នកចាំចម្ការទៅយកម៉ូតូមួយគ្រឿងទៀតទុកនៅផ្ទះខាងលើ ។ តាមប្រភពមួយទៀតនិយាយថា ក្រុមចោរអាចជិះរថយន្តមកប្លន់ព្រោះស្ត្រីម្នាក់បានឮសំឡេងរថយន្តឈប់នៅលើផ្លូវក្រួសក្រហមមុនពេលចូលប្លន់ ៕
ចែករំលែកព័តមាននេះ