ខេត្តកំពង់ធំ ៖ អ្នកទិញជ្រូកម្នាក់ក្នុងចំណោមបក្សពួក៣នាក់បានត្រូវកម្លាំងនគរបាលស្រុកសន្ទុកឃាត់ខ្លួនរួមជាមួយវត្ថុតាង កាលពីព្រឹកថ្ងៃទី១២ កញ្ញា កន្លងមកបន្ទាប់ពីក្រុមនេះបានធ្វើសកម្មភាពឆបោកយកសត្វជ្រូក២ក្បាលពីប្រជាពលរដ្ឋម្នាក់នៅភូមិស្តុកស្តម្ភ ឃុំជ្រាប ស្រុកសន្ទុក ។
ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានអធិការនគរបាលស្រុកសន្ទុកលោក ពេជ្រ ថាល់ ឱ្យដឹងថា ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ត ក្រុមអ្នកទិញជ្រូកតាមម៉ូតូម្នាក់ ឈ្មោះ សុខ ហុងសេង អាយុ២៨ឆ្នាំ ទីលំនៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ត្រូវបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆបោកយកជ្រូកចំនួន២ក្បាលទម្ងន់ជាង១០០គីឡូក្រាមពីម្ចាស់ជ្រូកឈ្មោះ ស្រី ជា ភេទប្រុស អាយុ៥០ឆ្នាំ ។
ពាក់ព័ន្ធនឹងករណីឆបោកនេះ ម្ចាស់ជ្រូកបានរាយការណ៍ប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃទី១២ កញ្ញានោះជនសង្ស័យមានបក្សពួកចំនួន៣នាក់បានជិះម៉ូតូមកចាប់ជ្រូកចំនួន២ក្បាលពីក្នុងទ្រុងរបស់គាត់ ខណៈពេលប្រពន្ធគាត់ទៅប្រជុំបាត់ ដោយនិយាយថា ប្រពន្ធគាត់បានលក់ជ្រូកឱ្យពួកគេហើយ ក្នុងតម្លៃ៧០ម៉ឺនរៀល តែខ្លួនគេ.តថ្លៃចុះមកនូវត្រឹម៦០ម៉ឺន និងបានឱ្យលុយទៅប្រពន្ធរួចហើយ ។ ក្រោយពីក្រុមជនសង្ស័យចាប់ជ្រូកដាក់ម៉ូតូហើយ គាត់ក៏ប្រើកូនឱ្យទៅតាមហៅប្រពន្ធគាត់ ស្រាប់តែប្រពន្ធគាត់ថាមិនបានដឹងទេ ទើបគាត់ប្តឹងនគរបាលប៉ុស្តិ៍ភ្លាមៗ ។
មន្ត្រីនគរបាលបន្តថា ក្រោយពីទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏ស្ទាក់ឃាត់ចាប់ក្រុមជនសង្ស័យខណៈពួកគេកំពុងជិះម៉ូតូឌុបជ្រូកនៅភូមិកកោះ ហើយក៏ត្រូវឃាត់ខ្លួនបានម្នាក់ ។ ក្រោយពីឃាត់ខ្លួនរួមជាមួយវត្ថុតាង ជ្រូក២ក្បាលក៏បានប្រគល់ឱ្យម្ចាស់ដើមវិញ ចំណែកជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៣ កញ្ញា ។ ជាមួួយសកម្មភាពមិនធ្លាប់មាននេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះល្បិចរបស់ក្រុមជនឆក់ឱកាសបែបនេះ ៕
ចែករំលែកព័តមាននេះ