ខេត្តឧត្តរមានជ័យ ៖ លោកចាន់ រិទ្ធី អនុប្រធានស្នាក់ការកាំកុងត្រូលអន្តរជាតិអូរស្មាច់ បានដឹកនាំមន្ត្រីសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងលើមុខទំនិញដែលខូចគុណភាពដាក់តាំងលក់នៅលើទីផ្សារក្នុងស្រុកត្រពាំងប្រាសាទ កាលពីព្រឹកថ្ងៃទី១៣ កញ្ញា ២០១២ កន្លងទៅ។
លោកចាន់ រិទ្ធី អនុប្រធានស្នាក់ការកាំកុងត្រូលបានឱ្យដឹងថា យោងតាមអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមការចង្អុលបង្ហាញពីអគ្គនាយកដ្ឋានកាំកុងត្រូលបានដាក់បទបញ្ជាយ៉ាងតឹងរឹងបំផុតនៅតាមមាត់ច្រកទ្វារអន្តរជាតិនីមួយៗទូទាំងប្រទេសត្រូវតែអនុវត្តដោយយកចិត្តទុកដាក់ធ្វើការទប់ស្កាត់រាល់មុខទំនិញនាំចូលពីប្រទេសជិតខាងដែលបង្កឱ្យមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដូចជាបន្លែ ផ្លែឈើ សាច់ជ្រូក សាច់គោ មាន់ ទា គ្រឿងសមុទ្រ លើសពីនោះដូចជាមុខទំនិញជាគ្រឿងកំប៉ុង នំចំណីរបស់ក្មេងដែលហួសកាលបរិច្ឆេទ ។
លោកចាន់ រិទ្ធី បានបន្តទៀតថា កន្លងមកមន្ត្រី កាំកុងត្រូលប្រចាំស្នាក់ការខេត្តបានយកចិត្តទុកដាក់ធ្វើការទប់ស្កាត់ដូចជានៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ និងមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ គឺមន្ត្រីកាំកុងត្រូលបានធ្វើការត្រួតពិនិត្យរកឃើញមុខទំនិញដែលខូចគុណភាពជាច្រើនដែលក្រុមឈ្មួញនាំចូលនោះត្រូវបានមន្ត្រីកាំកុងត្រូលដកហូតប្រមូលយកមកដុតកម្ទេចចោលផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ