រាជធានីភ្នំពេញ ៖ ព្រឹទ្ធបុរសជនជាតិជប៉ុនដែលជាចលករមួយរូបក្នុងចំណោមចលករជាច្រើនរូបធ្វើសកម្មភាពជួយជ្រោមជ្រែងឱ្យមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានរំលឹកពីភាពជោគជ័យនៃការបង្រួបបង្រួម និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា បន្ទាប់ពីបានធ្វើដំណើរលើផ្លូវដ៏លំបាកអស់រយៈពេល២១ឆ្នាំ ខណៈទទួលទានអាហារដ៏រីករាយមួយជាមួយអ្នកកាសែតកោះសន្តិភាពនៅសណ្ឋាគារលំដាប់ផ្កាយ៥ New Otani ក្រុងតូក្យូ ប្រទេសជប៉ុន ។
លោក YUKIO IMAGAVA អតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា អំឡុងឆ្នាំ ១៩៩៣-១៩៩៤ បានរៀបរាប់អនុស្សាវរីយ៍នៃកិច្ចចរចាសន្តិភាពក្រុងប៉ារីសឡើងវិញ ខណៈទទួលទានអាហារជាមួយលោកយិន ពិសិដ្ឋ អ្នកកាសែតកោះសន្តិភាពដែលត្រូវបានអញ្ជើញដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាធ្វើទស្សនកិច្ចស្វែងយល់នៅក្នុងប្រទេសជប៉ុន ហើយត្រូវបានអនុញ្ញាតជួបសំណេះសំណាល និងធ្វើបទសម្ភាសន៍ពិសេសមួយជាមួយព្រឹទ្ធបុរសរូបនេះ កាលពីពាក់កណ្តាលខែកក្កដា ២០១២ ។ លោកបានមានប្រសាសន៍ដោយរំលេចស្នាមញញឹមថា លោកមានសេចក្តីសោមនស្សយ៉ាងខ្លាំង នៅពេលដែលបានជួបអ្នកកាសែតកោះសន្តិភាពនៃប្រទេសកម្ពុជានៅទីនេះ (ក្រុងតូក្យូ) ហើយទន្ទឹមពេលនេះដែរ លោកមានការភ្ញាក់ផ្អើលប្រកបដោយភាពរីករាយក្នុងការដែលបានឃើញប្រទេសកម្ពុជា ចេះជួយខ្លួនឯងរើបម្រះចេញពីភ្នក់ភ្លើងសង្គ្រាមចាប់យកនូវការបង្រួបបង្រួមប្រកាន់ខ្ជាប់របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយឈានមកកសាងអភិវឌ្ឍប្រទេសជាតិខ្លួនឯងឱ្យមានការរីកចម្រើនជាលំដាប់ ។
លោក YUKIO IMAGAVA បានមានប្រសាសន៍ថា វាជាការងាយទេ ក្នុងការបញ្ឆេះសង្គ្រាម ប៉ុន្តែវាពិបាកណាស់ ដើម្បីស្វែងរកទីបញ្ចប់នៃសង្គ្រាម… ត្រង់នេះខ្ញុំ (IMAGAVA) សូមកោតសរសើរថ្នាក់ដឹកនាំប្រទេសកម្ពុជា ដោយស្មោះ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានប្រើប្រាជ្ញាឈ្លាសវៃប្រយុទ្ធតស៊ូជំនះលើឧបសគ្គរាប់សិបជំពូកដឹកនាំវានាកម្ពុជាចេញពីព្យុះព្យោមាមកដល់ត្រើយសន្តិភាព និងធ្វើការអភិវឌ្ឍឥតឈប់ឈរ ។ ត្រង់នេះហើយដែលយើងហ៊ានថា ថ្នាក់ដឹកនាំខ្មែរពូកែ បើខ្មែរមិនពូកែទេនោះ មិនអាចកើតមានអ្វីៗដូចសព្វថ្ងៃនេះទេ… ប្រសិនបើយើងគិតថា ប្រទេសជាមិត្តជួយកម្ពុជាឱ្យមានសន្តិភាពជាជាងកម្ពុជាជួយខ្លួនឯងនោះ ក៏មិនត្រឹមត្រូវដែរ ព្រោះថា កូនសោសន្តិភាព គឺស្ថិតនៅលើដៃថ្នាក់ដឹកនាំកម្ពុជាតែប៉ុណ្ណោះ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រសិនបើសម្តេចតេជោ ហ៊ុន សែន មិនប្រើប្រាស់កូនសោនេះចាក់បើកទ្វារសន្តិភាពទេនោះ សន្តិភាពក្នុងប្រទេសកម្ពុជាក៏មិនអាចកើតមានដែរ ។
អតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជារូបនេះបានបញ្ជាក់ទៀតថា ប្រវត្តិនៃការចរចាសន្តិភាពរបស់ប្រទេសកម្ពុជានេះក៏មានការចូលរួមផងដែរ ពីសំណាក់ឪពុក-ម្តាយរបស់លោកស្រី ពុង ឈីវកេក នាយិកាប្រតិបត្តិអង្គការលីកាដូ ដោយកាលណោះឪពុក-ម្តាយ និងក្រុមគ្រួសាររបស់លោកស្រីជាអ្នកផ្តួចផ្តើមឱ្យមានជំនួបដំបូងរវាងសម្តេចឪ និងសម្តេចអគ្គសេនាធិបតីតេជោ ហ៊ុន សែន នៅហ៊្វែរអង់តាដឺន័រ ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ។
លោកឪពុក និងអ្នកម្តាយរបស់លោកស្រី ពុង ឈីវកេក បានទទួលព័ត៌មានថា មានគណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្វ្រិក ។ ពេលនោះលោកពុង ប៉េងចេង និងលោកស្រី ស៊ីវ អេងតុង ជាឪពុកម្តាយរបស់លោកស្រី ពុង ឈីវកេក ព្រមទាំងស្វាមីរបស់លោកស្រី ជនជាតិបារាំងផងនោះ បានទទួលព័ត៌មាននេះពីមិត្តភក្តិដែលធ្វើការទៅក្រសួងការបរទេសអង់កូឡា ក៏ទាក់ទងស្កាត់ជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីពិភាក្សាតែម្តងទៅ។
ចំណែកលោកស្រី ពុង ឈីវកេក វិញ បានរៀបរាប់ពីរឿងនេះថា ពេលនោះស្វាមីលោកស្រីជាឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅប្រទេសអង់កូឡា ស្រាប់ផងនោះ ក៏បានណាត់ជួបជាមួយប្រតិភូកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយរួមទាំងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនទៀតដែលលោកស្រីមិនបានចាំឈ្មោះ ហើយពិភាក្សាគ្នាពីរឿងបង្រួបបង្រួមជាតិ ។ នៅពេលនោះហើយលោកពុង ប៉េងចេង និងលោកស្រី ស៊ីវ អេងតុង ដែលជាលោកឪពុក អ្នកម្តាយរបស់លោកស្រីបានមានគំនិតក្នុងការសម្រួបសម្រួលរហូតដល់មានជំនួបដំបូងបំផុតរវាងសម្តេចឪ និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅហ៊្វែរអង់តាដឺន័រ ប្រទេសបារាំងនៅថ្ងៃទី២ ធ្នូ ១៩៨៧ ។
អតីតឯកអគ្គរាជទូតជប៉ុនដែលធ្លាប់ចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលឱ្យខ្មែរដែលបានបែកបាក់ច្រើនភាគីបង្រួបបង្រួមគ្នាឡើងវិញនេះបានរំលេចស្នាមញញឹមលើផ្ទៃមុខជ្រីវជ្រួញបន្តិចនិយាយថា រូបលោកនឹកឃើញអនុស្សាវរីយ៍ជួបគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងប៉ាតាយ៉ា ប្រទេសថៃ មុនឆ្នាំ១៩៩០ ដែលកាលណោះលោក និងសម្តេចហ៊ុន សែន បានពិភាក្សារកគន្លឹះជាច្រើន ដើម្បីបង្កើតសន្តិភាពនៅក្នុងប្រទេសកម្ពុជា ហើយការពិភាក្សាគ្នានោះធ្វើឱ្យយើងទទួលបានជោគជ័យជាច្រើន ។
ក្នុងវ័យ៧៩ឆ្នាំ លោក IMAGAVA បានឱ្យដឹងថា ការជួបចរចាគ្នាជាជំហានៗរវាង ហ៊ុន សែន-សីហនុ នៅចុងទសវត្សឆ្នាំ៨០ ក្នុងប្រទេសបារាំង ហាក់ដូចជាមានការតានតឹងបន្តិច ពោលគឺមិនត្រូវគ្នាទេ ដោយសារតែសម្តេចនរោត្តម សីហនុ ស្រាប់តែយកលោកខៀវ សំផន និងលោកសឺន សាន មកចូលរួមថែមទៀត ធ្វើឱ្យមានភាគីច្រើន… ត្រង់ហ្នឹងហើយដែលសម្តេចហ៊ុន សែន មិនចង់បាន ព្រោះ៣ទល់១ ។ អំឡុងពេលចរចា សម្តេចតេជោ ហ៊ុន សែន បានប្រើពាក្យថា «របបខ្មែរក្រហមប្រល័យពូជសាសន៍» ក៏ធ្វើឱ្យលោកខៀវ សំផន និងលោកសឺន សាន មិនសប្បាយចិត្តនាំឱ្យការចរចាមានភាពប្រទាំងប្រទើស ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការចរចាដែលរលូនខ្លះ មិនរលូនខ្លះ បានឈានទៅដល់សន្និសីទតូក្យូ នៅឆ្នាំ១៩៩០ ដែលកាលណោះលោក IMAGAVA បានបញ្ជាក់ថា រូបលោកបានផ្តល់ពាក្យសម្រាប់ការចរចាថា «របបខ្មែរក្រហមប្រល័យពូជសាសន៍» គួរដាក់ថា «ព្រឹត្តិការណ៍៣ឆ្នាំ» វិញ ពេលនោះភាគីចរចាទាំង៤ ក៏ត្រូវរ៉ូវគ្នាចំពោះពាក្យនេះ ។
លោក IMAGAVA បានបន្ថែមទៀតថា ជាមួយគ្នានោះសម្តេចហ៊ុន សែន ក៏បានទើសទ័លផងដែរ ចំពោះភាគីចរចានីមួយៗ ព្រោះខាងសម្តេចនរោត្តម សីហនុ មាន២នាក់, ខាងលោកខៀវ សំផន មាន២នាក់ និងខាងលោកសឺន សាន មាន២នាក់ដែរ ដូច្នេះពួកគេ៦នាក់ ទៅហើយ ព្រួតមកលើសម្តេចហ៊ុន សែន ដែលមានគ្នាតិច ។ ពោលនោះលោក IMAGAVA បានបញ្ជាក់ថា រូបលោកផ្ទាល់បានផ្តល់យោបល់ទៅសម្តេចហ៊ុន សែន ថា បើអ៊ីចឹងសម្តេចដាក់គ្នា៦នាក់ ដែរទៅ ព្រោះភាគីរបស់គេបូកបញ្ចូលគ្នាមាន៦នាក់ ដូច្នេះសម្តេចក៏ត្រូវមានគ្នា៦នាក់ដែរ… ពេលនោះភាគីទាំងអស់ក៏យល់ព្រមចំពោះសម្តេចហ៊ុន សែន ដាក់គ្នា៦នាក់ ធ្វើឱ្យកិច្ចចរចាបានឈានដល់ទីបញ្ចប់ គឺកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ ។
ទាក់ទិននឹងកិច្ចការនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសលើពិភពលោក លោក YUKIO IMAGAVA បានមានប្រសាសន៍ថា ក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ នៅឆ្នាំ ១៩៤៥ រដ្ឋាភិបាលជប៉ុនបានដាក់ចេញនូវទិសដៅធ្វើជាមិត្តជាមួយបណ្តាប្រទេសទាំងអស់ គឺជួយស្តា និងអភិវឌ្ឍន៍ប្រទេសក្រីក្រដូចជាប្រទេសកម្ពុជាជាដើម ។ ពាក់ព័ន្ធនឹងការជួយកម្ពុជានេះ មានមតិខ្លះរិះគន់ចំពោះប្រទេសជប៉ុនថា មិនបានការ កម្ពុជាគ្មានការរីកចម្រើន ប៉ុន្តែរដ្ឋាភិបាលជប៉ុនមិនខ្វល់ទេ អ្នកណាថាអ្វីក៏ថាទៅ សំខាន់ជប៉ុនត្រូវការមិត្តល្អច្រើន ហើយជប៉ុនបានជួយកម្ពុជាលើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច, សុខភាព, ហេដ្ឋារចនាសម្ព័ន្ធ, វប្បធម៌ និងការអភិវឌ្ឍផ្សេងៗ ។ លោក IMAGAVA បានសង្កត់ធ្ងន់ថា ហាក់ដូចជាមួយរំពេចសោះ ស្រាប់តែរយៈពេល២១ឆ្នាំបានកន្លងផុតទៅកម្ពុជាពិតជាមានការអភិវឌ្ឍច្រើន បើប្រៀបធៀបនឹងទសវត្សឆ្នាំ៨០វិញ គឺខុសគ្នាឆ្ងាយណាស់ ហើយសមិទ្ធផលនៃការអភិវឌ្ឍន៍ទាំងនេះគឺមកពីមេដឹកនាំខ្មែរឆ្លាត ពូកែ… កម្ពុជាចេះជួយខ្លួនឯង មិនមែនអ្នកផ្សេងជួយទាំងស្រុងនោះទេ តែបើអ្នកណាមិនជឿ សូមទៅមើលប្រទេសកម្ពុជាខ្លួនឯងទៅ ។
គួរបញ្ជាក់ថា លោក YUKIO IMAGAVA ធ្លាប់បានមកបំពេញការងារក្នុងប្រទេសកម្ពុជា ចាប់តាំងពីលោកមានអាយុ២៣ឆ្នាំ ម៉្លេះ គឺចន្លោះឆ្នាំ១៩៥៤-១៩៦២ ហើយនៅអំឡុងឆ្នាំនោះ លោកមានតំណែងជាលេខាទី៣ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជារយៈពេល៣ឆ្នាំ ផងដែរ ។ រហូតមកដល់ដើមទសវត្សឆ្នាំ៩០ ក្រោយពេលប្រទេសកម្ពុជាទទួលបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរៀបចំបោះឆ្នោតសាកលក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ UNTAC ប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស លោក YUKIO IMAGAVA ត្រូវបានតែងតាំងជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ