រាជធានីភ្នំពេញ ៖ រយៈពេល៣ថ្ងៃកន្លះក្រោយពេលបើកសវនាការជំនុំជម្រះសំណុំរឿងលោកម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំអេហ្វអឹម១០៥ មេហ្គាហឺត និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ព្រមទាំងបក្សពួកចំនួន៩នាក់ ដែលក្នុងនោះ៣នាក់ទៀតដែលគេចខ្លួនជាប់ពាក់ព័ន្ធនឹងករណីបង្កើតតំបន់អបគមនៅខេត្តក្រចេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១ តុលា ឆ្នាំ២០១២ ខាងមុខនេះ ប្រយោជន៍ដើម្បីទុកពេលពិភាក្សាឱ្យបានល្អិតល្អន់ជាមុន ព្រោះជនជាប់ចោទបានបដិសេធ តែជនរងគ្រោះ និងសាក្សីបានបំភ្លឺនិង មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ។
ក្នុងសនាការនេះមានលោកស្រីចាំង ស៊ីណាតប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកលឹម មករន្ទ លោកលាង សំណាត់ ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះព្រមទាំងលោកមាស ច័ន្ទពិសិដ្ឋ ជាតំណាងអយ្យការ ព្រមទាំងមេធាវីការពារជនជាប់ចោទទាំងអស់ ដោយមានការចូលរួមពីតំណាងស្ថានទូតជប៉ុន ស្ថានទូតអង់គ្លេស អង្គការសង្គមស៊ីវិល ខ្លះអ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ហើយក្នុងនោះក៏មានជនរងគ្រោះចំនួន៤នាក់ និងសាក្សីមួយចំនួនទៀត។ សវនាការជំនុំជម្រះនេះបានចាប់ផ្តើមនៅថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១២ វេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ទើបត្រូវបានបញ្ចប់ ហើយកំណាត់ផ្លូវព្រះមុនីរ៉េត ដែលត្រូវបិទដោយសារតែមានការរារាំង ក្រុមអ្នកគាំទ្រនេះក៏ត្រូវបានបើករឿងវិញដែរ ។
ក្នុងសំណុំរឿងនេះមានជនជាប់ចោទចំនួន១៣នាក់ ក្នុងនោះមានជនជាប់ចោទ៤នាក់ ជាប់ឃុំនៅពន្ធនាគារព្រៃស ៦នាក់នៅក្រៅឃុំ និង៣នាក់ទៀតគេចខ្លួន ។
ជនជាប់ចោទនៅក្នុងឃុំមានលោកម៉ម សូណង់ដូ អាយុ៧១ឆ្នាំ ឈ្មោះកាន់ សុវណ្ណ ភេទប្រុស អាយុ៥៤ឆ្នាំ ឈ្មោះទូច រៀម ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះភន ស្រឿន ភេទប្រុស អាយុ៣២ឆ្នាំ។ ចំណែកជនជាប់ចោទ៦នាក់ទៀតមានឈ្មោះហង្ស ផល ភេទប្រុស អាយុ៤៨ឆ្នាំ ឈ្មោះហេង គឿន ភេទប្រុស អាយុ៣១ឆ្នាំ ឈ្មោះម៉ៅ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ ឈ្មោះផាត់ សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ ឈ្មោះម៉ា ឆាង ភេទប្រុស អាយុ៤៧ឆ្នាំ និង ឈ្មោះគង់ វណ្ណៈ ភេទប្រុស អាយុ៥៣ឆ្នាំ។ ដោយឡែកជនជាប់ចោទដែលគេចខ្លួនមានឈ្មោះប៊ុន រដ្ឋា ភេទប្រុស ឈ្មោះប៊ុន ឆន ភេទប្រុស និងឈ្មោះសុខ តុង ភេទប្រុស ។
ជនជាប់ចោទ៩នាក់ត្រូវជាប់ចោទពីបទ ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស កុបកម្មជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រើប្រាស់លិខិត ឬឯកសារដែលបង្កើតឱ្យមានការភ័ន្តច្រឡំ និងញុះញង់ឱ្យប្រជាពលរដ្ឋកាន់កាប់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ។ ចំណែកលោកម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិត ។ ក្នុងការចោទប្រកាន់ទាំងអស់ខាងលើនេះ និងជនជាប់ចោទ៣នាក់ដែលគេចខ្លួន ជាប់ចោទពីបទប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈរបស់អាជ្ញាធរ និងញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ឆបោកចាប់បង្ខាំងឃុំឃាំង និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
ចំណែកជនរងគ្រោះចំនួន៤នាក់ គឺសុទ្ធតែជាមន្ត្រីសាធារណៈដូចជាប្រធានភូមិប្រម៉ាអនុប្រធានភូមិជំទុក និងសមត្ថកិច្ចប៉ូលិសប្រចាំការនៅទីនោះ ។ ដោយឡែកសាក្សីទាំងអស់មានទាំងមន្ត្រីសាធារណៈ និងប្រជាពលរដ្ឋផងដែរ ។
ក្រោយការសួរដេញដោលទៅលើមនុស្សជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះរួចមក តំណាងអយ្យការបានធ្វើសេចក្តីសន្និដ្ឋានថា ក្នុងសំណុំរឿងនេះគឺមានបទល្មើសគ្រប់គ្រាន់ដើម្បីចោទប្រកាន់ទៅលើជនជាប់ចោទទាំងអស់ ដោយសម្អាងទៅលើចម្លើយសាក្សី ជនរងគ្រោះនិងភស្តុតាងដាក់បន្ទុកមានដូចជា ឯកសណ្ឋានប៉ារ៉ាដែលមានរូបលោកម៉ម សូណង់ដូ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ កាំបិត កណ្តៀវ និងអាវុធកែច្នៃមួយចំនួនទៀត។ល។ ដូច្នេះការចោទប្រកាន់ទៅលើជនជាប់ចោទទាំងអស់ តុលាការសូមតម្កល់ដីកាសន្និដ្ឋានស្ថាពរទុកនៅដដែល ។ ដោយឡែកជនជាប់ចោទចំនួន៩នាក់ សូមប្រធានក្រុមប្រឹក្សាពិចារណាទៅលើស្ថានសម្រាល ព្រោះអ្នកទាំងអស់ជាមនុស្សមិនសូវចេះដឹងនោះទេ ។
ចំណែកលោកសុក សំអឿន មេធាវីការពារលោកម៉ម សូណង់ដូ បានធ្វើសេចក្តីសន្និដ្ឋានថា សូមតុលាការលើកលែងការចោទប្រកាន់លើកូនក្តីរបស់ខ្លួន ព្រោះកូនក្តីពុំបានប្រព្រឹត្តបទល្មើសទាំងអស់នោះទេ ដោយកូនក្តីពុំបានញុះញង់ដោយផ្ទាល់ទេ ព្រោះកូនក្តីពុំបានទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ចំណែកកូនក្តីបានទៅជួបជាមួយឈ្មោះសួន សេរីរដ្ឋា នៅប្រទេសថៃ គឺតាមរយៈឈ្មោះសួន សេរីរដ្ឋា បានផ្ញើលិខិតអញ្ជើញតាមវែបសាយ ដើម្បីទៅជួបក្នុងនាមជាអ្នកសារព័ត៌មានប៉ុណ្ណោះ ។
គួររំលឹកថា កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបំបែកនិងបានកាន់កាប់ទីតាំងពួកអនាធិបតេយ្យមួយក្រុមនៅភូមិសាស្រ្តភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលចង់ប្រែក្លាយជាតំបន់អបគមន៍ ហើយចាប់បានមនុស្ស៨នាក់ជាបន្តបន្ទាប់ ។
នៅចន្លោះពេលដែលសាលាដំបូងខេត្តក្រចេះបានស៊ើបសួរករណីនេះ បានរកឃើញនូវភស្តុតាងមួយចំនួនមានជាប់ពាក់ព័ន្ធនឹងសមាគមអ្នកប្រជាធិបតេយ្យដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន ។
បន្ទាប់មកនៅព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០១២ សមត្ថកិច្ចប៉ូលិសនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបានចាប់ខ្លួន លោកម៉ម សូណង់ដូ នៅចំណុចផ្ទះដែលជាស្ថានីយវិទ្យុសម្បុកឃ្មុំអេហ្វអឹម១០៥មេហ្គាហឺតស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រួចបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០១២ តាមដីកាផ្ទេរសមត្ថកិច្ច និងនៅរសៀលថ្ងៃដដែលតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ៕
ចែករំលែកព័តមាននេះ