រាជធានីភ្នំពេញ ៖ នារីរូបស្រស់សោភាម្នាក់ត្រូវបានដឹកតាមម៉ូតូមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះជីវិត ក្រោយពីនាងត្រូវក្រុមចោរប្រដាប់អាវុធធ្វើសកម្មភាពប្លន់ម៉ូតូម៉ាកស្គូពីដោយបាញ់នាងមួយគ្រាប់ធ្លាយចង្កេះឱ្យរបួសនៅចំណុចមុខស្ថានីយប្រេងអឹមភីអិល ផ្លូវលេខ១៦១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងបាញ់មួយគ្រាប់ទៀតទៅលើអ្នកស្រែក កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៣ កញ្ញា ។
ជនរងគ្រោះឈ្មោះ ហ៊ុំ សុផារី ភេទស្រី អាយុ២៣ឆ្នាំ ធ្វើការនៅផ្សារសុវណ្ណា ស្នាក់នៅបន្ទប់លេខ២២ អគារបេជាន់ទី៤ (ប្លុកបូរីកីឡា)ភូមិ២២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
យោងតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុមាននារីរូបស្រស់ម្នាក់ជិះម៉ូតូម៉ាកស្គូពីពណ៌សលាយខៀវធ្វើដំណើរលើកំណាត់ផ្លូវលេខ១៦១ លុះមកដល់មុខស្ថានីយប្រេងយីហោអឹមភីអិល ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែឃើញបុរសស្ទាវ២នាក់ជិះម៉ូតូម៉ាកអាយខន បើកកៀរម៉ូតូនាងឱ្យឈប់ ។ ខណៈពេលនាងឈប់ម៉ូតូ បុរសស្ទាវម្នាក់ដែលជិះពីក្រោយបានដកកាំភ្លើងខ្លីវ៉ៃទៅលើនាង និងបាញ់មួយគ្រាប់យ៉ាងជិតបំផុត សំដៅទៅលើជនរងគ្រោះ បណ្តាលឱ្យដួលទាំងមនុស្ស និងម៉ូតូលើផ្លូវ ។ ភ្លាមៗនោះជនដៃដល់ជាចោរប្លន់បានស្ទុះទៅបម្រុងលើកម៉ូតូរបស់នារីរងគ្រោះ ជិះចេញ តែគេបានមើលឃើញចោរលើកម៉ូតូមិនរួចព្រោះជាប់ជើងនារីរងគ្រោះដែលដេកគងពីលើ។ អ្នកនៅក្បែរនោះបានឃើញសកម្មភាពចោរប្លន់សាហាវបែបនេះ ក៏នាំគ្នាស្រែកឆោឡោឡើងថា ចោរ..ចោរ..ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ បែបយល់សភាពការណ៍មិនស្រួល ក្រុមចោរបានបាញ់ទៅលើហ្វូងអ្នកស្រែកមួយគ្រាប់ទៀតហើយបើកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាពទៅ ដោយបន្សល់ទុកម៉ូតូរបស់ជនរងគ្រោះនៅកន្លែងកើតហេតុ ព្រោះប្លន់យកមិនបានសម្រេច ។ ពេលចោរប្លន់ចេញផុតអ្នកឃើញហេតុការណ៍រួមជាមួយប៉ូលិសដែលទើបមកដល់ ក៏ជួយលើកនារីរងគ្រោះដឹកតាមម៉ូតូបញ្ជូនទៅកាន់គ្លីនិកមួយនៅជិតនោះ តែគ្លីនិកនោះមិនទទួលព្យាបាលទេ ព្រោះមើលឃើញបែបធ្ងន់ធ្ងរពេក ក៏នាំគ្នាបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះជីវិត ហើយម៉ូតូជនរងគ្រោះបានយកទៅរក្សាទុកនៅស្នាក់ការនគរបាលប៉ុស្តិ៍វាលវង់ ខណ្ឌ៧មករា ។
គ្រូពេទ្យបានឱ្យដឹងថា នារីរងគ្រោះត្រូវគេបាញ់មួយគ្រាប់ចំចង្កេះខាងឆ្វេងធ្លាយមកខាងស្តាំ ពេលនេះកំពុងសម្រាកព្យាបាល។ នៅកន្លែងកន្លែងកើតហេតុសមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើងធុនកា៥៤ចំនួនមួយសំបក ។
គេបានកត់សម្គាល់ថា សកម្មភាពប្លន់ប្រដាប់អាវុធយ៉ាងព្រហើននិងព្រៃផ្សៃនៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗមកនេះ ហាក់ដូចជាកម្រើកឡើងវិញហើយ បើទោះជានគរបាលជំនាញអះអាងថា មានការថយចុះក៏ដោយ ៕
ចែករំលែកព័តមាននេះ