រាជធានីភ្នំពេញ ៖ ទស្សនៈរបស់លោកសាស្ត្រាចារ្យ ប៉ែន ងឿន ទីប្រឹក្សាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ គឺជាការបញ្ចេញមតិមួយដែលគួរត្រិះរិះពិចារណាចំពោះតថភាពសង្គមបច្ចុប្បន្ន ដោយរលកនៃការតវ៉ាតាមដងផ្លូវហាក់ដូចជាកំពុងប្រកាន់យកពីក្រុមអ្នកតវ៉ាទាំងឡាយ។ ដោយមិនចាំបាច់អត្ថាធិប្បាយបន្ថែម យើងបានលើកយកបទអត្ថាធិប្បាយរបស់លោកសាស្ត្រាចារ្យដែលមានចំណងជើងថា «សុំផ្តល់ឱកាសឱ្យអ្នកច្បាប់ធ្វើការតតាំងក្នុងរឿងច្បាប់»ដើម្បីឆ្លុះបញ្ចាំងថា តើគប្បីប្រកាន់យក ឬបែបណា ?
អង្គជំនុំជម្រះកាត់ក្តីលោកម៉ម សូណង់ដូ ថ្ងៃទី១១ កញ្ញា នៅសាលាដំបូងរាជធានីភ្នំពេញ ដែលលោកម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់បួនករណីក្នុងការចូលរួមដឹកនាំចលនាអបគមន៍នៅឃុំប្រមា ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានធ្វើ ឱ្យកករល្អក់ដោយមានការតវ៉ាតាមដងផ្លូវចូលរួមដោយអ្នកគាំទ្រជាង៤០០នាក់ យោងតាមសារព័ត៌មានក្នុងស្រុកមួយចំនួនដែលនាំគ្នាទាមទារឱ្យដោះលែងរូបគាត់ ដោយបានអះអាងថា លោកម៉ម សូណង់ដូ មិនមានអ្វីជាប់ពាក់ព័ន្ធជាមួយនឹងចលនាអបគមន៍នោះទេ ។ អង្គជំនុំជម្រះកាត់ក្តីនេះ មានការចាប់អារម្មណ៍ពីសំណាក់អ្នកការទូតបរទេសខ្លះងាកទៅតស៊ូមតិសិទ្ធិមនុស្ស និងអ្នកទៅតស៊ូមតិគាំទ្រប្រជាធិបតេយ្យ ព្រមទាំងសមាជិកគណបក្សប្រឆាំងជាច្រើនផងដែរ ។
ផ្តោតទៅលើរឿងក្តីនេះ ខ្ញុំមិនមែនជាមេធាវីព្រហ្មទណ្ឌ ឬក៏មេធាវីអ្វីទាំងអស់ ។ ខ្ញុំមានសំណួរច្រើនជាងការលើកឡើងជាទឡ្ហីករណ៍ ឬក៏ជាចម្លើយដែលទាក់ទងនឹងព្រឹត្តិការណ៍នេះ ។ សំណួរមាន ៖
-ហេតុអ្វីបានជាតុលាការរាជធានីភ្នំពេញមិនផ្តល់ឱកាសដ៏យុត្តិធម៌ និងស្ងប់ស្ងាត់មួយ ដើម្បីស្តាប់សវនាការលើរឿងក្តីនេះ ?
-ហេតុអ្វីបានជាអ្នកតវ៉ាមានគោលបំណងបង្កភាពកករល្អក់ដល់ដំណើរការរបស់តុលាការ?
-ហេតុអ្វីបានជាអ្នកគាំទ្រលោកម៉ម សូណង់ដូ ដែលជាអ្នកទៅតស៊ូមតិខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហើយ និងសមាជិកគណបក្សប្រឆាំង មិនគោរពតាមការសម្រេចចិត្តរបស់លោក ម៉ម សូណង់ដូ ដែលថាគាត់ចង់ឱ្យអង្គជំនុំជម្រះកាត់ក្តីធ្វើឡើងតាមដំណើរការយុត្តិធម៌នោះ ? គាត់បានចាត់តាំងមេធាវីការពារក្តីរបស់គាត់ គឺលោក សុខ សំអឿន ហើយលោកមេធាវី សុខ សំអឿន ជាមេធាវីក៏ព្រមទទួលការពារក្តីរូបគាត់ ។
-តើលោក សុខ សំអឿន អាចនឹងទាត់ចោលភស្តុតាងដែលបង្ហាញដោយព្រះរាជអាជ្ញាជាអសារបង់អាស្រ័យអង្គច្បាប់ដែរឬទេ ?
-តើចៅក្រមនៃអង្គជំនុំជម្រះ នឹងផ្តល់សេចក្តីសម្រេចថា មានទោស ឬក៏អត់ទោសចំពោះការចោទប្រកាន់ទាំងបួននោះ ?
រឿងមួយដែលខ្ញុំដឹងច្បាស់លាស់នោះគឺការបង្កភាពកករល្អក់ដល់ដំណើរការរបស់តុលាការ ដោយការតវ៉ា និងសកម្មភាពកំរោល ហើយនិងការលើកឡើងដែលមិនទទួលខុសត្រូវនោះ នឹងមិនអាចជួយដល់ប្រព័ន្ធតុលាការហើយនិងជនជាប់ចោទនោះឡើយ ។
ជាលក្ខណៈផ្ទាល់ខ្លួន ខ្ញុំសង្វេគខ្លាំងណាស់ចំពោះទម្រង់នៃការតវ៉ាតាមដងផ្លូវនេះ ។
ការប្រមូលផ្តុំ ការដើរជាក្បួន និងការតវ៉ាតាមដងផ្លូវ គឺជាផ្នែកមួយនៃវប្បធម៌អឺរ៉ុប ។ អ្នកនយោបាយអឺរ៉ុបលើកទឹកចិត្តឱ្យមានការប្រមូលផ្តុំក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ។ សកម្មជនពលករដើរហែក្បួននៅពេលមានជម្លោះពលកម្ម ហើយកំពុងធ្វើការចរចា ។ យុវជនបានសម្តែងសេចក្តីក្រេវក្រោធរបស់ពួកគេនៅតាមដងផ្លូវ ដើម្បីប្រឆាំងនឹងថ្លៃសិក្សានៅសាកលវិទ្យាល័យ ដែលមានតម្លៃខ្ពស់ និងកម្រិតនៃភាពគ្មានការងារធ្វើខ្ពស់ ។ អឺរ៉ុបប្រហែលជាមើលឃើញតម្លៃវប្បធម៌របស់ពួកគេចេញពីសកម្មភាពនៃការតវ៉ានៅតាមដងផ្លូវ ដែលភាគច្រើនបានទទួលយក។ គោលបំណងនេះ គឺដើម្បីសេដ្ឋកិច្ច និងសេដ្ឋកិច្ចសង្គម ហើយទាត់ចោលនូវការត្បិតត្បៀតហិរញ្ញវត្ថុ ។ នៅក្នុងសហរដ្ឋអាមេរិក ការប្រឆាំងតវ៉ាតាមដងផ្លូវ (The Occupy Wall Street) បានរាលដាលទូទាំងប្រទេស ប៉ុន្តែការប្រឆាំងនេះ ត្រូវបានអនុញ្ញាតឱ្យធ្វើឡើងនៅក្នុង«ទីលានសាធារណៈ»ប៉ុណ្ណោះ ។ បញ្ហាអនាម័យបានបង្អាក់ក្រុមប្រឆាំងពីការពង្រីកនៃការប្រឆាំងឱ្យចេះតែបន្តទៅទៀត ។ ម្យ៉ាងវិញទៀត បញ្ហាអនាម័យនេះបានក្លាយជាករណីប្រកបដោយហេតុផល និងសារសំខាន់សម្រាប់អាជ្ញាធរ ដើម្បីសុំបទបញ្ជារបស់តុលាការក្នុងការបណ្តេញពួកគេ និងសម្អាតទីលានសាធារណៈទាំងអស់នោះ។ រឿងរ៉ាវត្រូវបានបញ្ចប់ប្រកបដោយភាពត្រជាក់ ហើយក្រុមប្រឆាំងទាំងអស់នោះបន្សាបទុក្ខព្រួយរបស់ពួកគេតាមរយៈការបោះឆ្នោតវិញ ។ The Occupy Wall Street មិនមានគោលបំណងច្បាស់លាស់ទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជា«ការតវ៉ាប្រឆាំងនឹងភាពគ្មានសមភាពសេដ្ឋកិច្ច» ដែលសំដៅទៅរកពាក្យស្លោករបស់ខ្លួនដែលថា ចំនួនអ្នកមានទ្រព្យសម្បត្តិ១% គ្រប់គ្រងអ្នកខ្សត់ខ្សោយ៩៩% ។ ការបះបោរអារ៉ាប់ គឺជាឈ្មោះដែលគេផ្តល់ឱ្យទៅលើសកម្មភាពបះបោរប្រឆាំងការធ្វើបាតុកម្ម និងការប្រឆាំងជាបន្តបន្ទាប់ដែលកើតឡើងនៅក្នុងពិភពអារ៉ាប់ចាប់ពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១០ ។ ជាងនេះទៅទៀត ការបះបោរអារ៉ាប់ត្រូវបានគេស្គាល់ថា ជាបដិវត្តអារ៉ាប់ ។ គោលបំណងលើកឡើងសម្រាប់ប្រជុំ គឺគាំទ្រលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងការផ្លាស់ប្តូររបបគ្រប់គ្រង ។
នៅក្នុងប្រទេសកម្ពុជា ការប្រឆាំងតវ៉ាតាមដងផ្លូវមិនមែនដុះដាលចេញពីទឹកដីសង្គមក្នុងស្រុកនោះទេ ។ វាត្រូវបានគេនាំចូលមកដោយមានគោលដៅស្រពេចស្រពឹល ដូចជាការប្រឆាំងតវ៉ារបស់ការបះបោរនៅអារ៉ាប់ផងដែរ ក៏ប៉ុន្តែប្រទេសកម្ពុជាមិនមែនជាដីមានជីជាតិ ដែលអនុញ្ញាតឱ្យគ្រាប់ពូជបដិវត្តន៍ខាងក្រៅទាំងនោះដុះលូតលាស់ទៅបាននោះទេ ដោយសារតែការពិតថា ប្រទេសកម្ពុជា គឺជាសង្គមសេរីមួយដែលមានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យដែលនីតិរដ្ឋលើការបោះឆ្នោត សិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ មានការលូតលាស់មុនការបះបោរនៅ អារ៉ាប់ទៅទៀត ។ ប៉ុន្តែអ្នកគាំទ្រតស៊ូមតិក្នុងបញ្ហាលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងសិទ្ធិមនុស្សក្នុងស្រុក និងអន្តរជាតិ ដែលខ្ញុំចាត់ទុកជាប្រភេទលទ្ធិប្រជាធិបតេយ្យផ្ទាល់ខ្លួនរបស់ពួកគេ ជាប្រភេទការបោះឆ្នោតដោយសេរី និងយុត្តិធម៌ផ្ទាល់ខ្លួនរបស់ពួកគេ ជាប្រភេទសិទ្ធិមនុស្សផ្ទាល់ខ្លួនរបស់ពួកគេដែលមិនស៊ីសង្វាក់ជាមួយប្រជាជនកម្ពុជាទាល់តែសោះនោះ នៅតែខិតខំបន្តបេសកកម្មរបស់ពួកគេក្នុងការបញ្ឆេះការប្រឆាំងតវ៉ាតាមដងផ្លូវ សូម្បីតែនៅទីកន្លែងដែលច្បាប់គួរតែជាប្រធានបទសំខាន់បំផុតក៏ដោយ ។ លោកមេធាវី សុខ សំអឿន ក៏ដូចជាមេធាវីការពារក្តីដទៃទៀតដែរ មានភាពជឿជាក់ថា លោកនឹងឈ្នះក្តីនេះបើមិនដូច្នោះទេ លោកនឹងមិនតំណាងឱ្យលោកម៉ម សូណង់ដូ នោះទេ ។ វិជ្ជា ជីវៈ និងភាពត្រឹមត្រូវរបស់លោក និងកេរ្តិ៍ឈ្មោះនៃភាពឈ្លាសវៃក្នុងឋានៈជាមេធាវីការពារក្តីរបស់លោកអាចនឹងត្រូវប៉ះពាល់ខូចខាត ប្រសិនបើលោកចាញ់ក្តីនេះ ។
ប្រជាជនខ្មែរទូទៅទាំងអស់មានសំណាងណាស់ ដែលបានរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលមានសុវត្ថិភាព និងរមណីភាពរវាងខ្មែរ និងខ្មែរ ។ សុំទុកឱ្យប្រព័ន្ធតុលាការ និងមេធាវីធ្វើការងាររបស់ពួកគេចុះ ។ ពួកគេនឹងមានការងារធ្វើបន្ថែមទៀត បន្ទាប់ពីចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមរួចនោះ ៕
ចែករំលែកព័តមាននេះ