រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី១៥ កញ្ញា ស្អែកនេះ លើសង្វៀនស្ថានីយទូរទស្សន៍បាយ័នបឹងស្នោ កីឡាករជើងខ្លាំងពីររូប គឺកីឡាករ អ៊ុង វីរៈ មកពីក្លិបកងពលតូចឆត្រយោង៩១១ និងកីឡាករ វ៉ោយ សុធន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ នឹងឡើងប្រកួតសងសឹកគ្នាដែលគេមិនដឹងថាធ្វើឱ្យមហាជនរំជួលចិត្តកម្រិតណានៅឡើយទេ ខណៈការជួបគ្នាមួយឈុតមុន កីឡាករអ៊ុង វីរៈ ឈ្នះកីឡាករ វ៉ោយ សុធន ម្តងរួចទៅហើយ ។ ក្នុងជំនួបគ្នាលើកទីពីរនេះគេជឿថា វ៉ោយ សុធន ពិតជាអាចស្តារការបរាជ័យរបស់ខ្លួនបានសម្រេច ។
ទើបតែលេចលទ្ធផលឈ្នះកីឡាករ វ៉ែន សុវណ្ណ មិនទាន់បានប៉ុន្មានផង កីឡាករមុខស្លូតតែបង្កប់ដោយស្នៀតប្រដាល់ពេញខ្លួន អ៊ុង វីរៈ ដែលកាន់តែល្បីឈ្មោះនាពេលនេះ បានមកកាន់សង្វៀនសាជាថ្មីជួបជាមួយអ្នកប្រដាល់ពូកែប្រើកែង និងជង្គង់ វ៉ោយ សុធន ដែលទើបតែបរាជ័យក្រោមកណ្តាប់ដៃរបស់ខ្លួន ។ ការជួបគ្នាជាថ្មីម្តងទៀតនៅសង្វៀនបឹងស្នោស្អែកនេះ វ៉ោយ សុធន ដែលធ្លាប់ចាញ់ម្តងហើយនោះ ត្រូវខំបញ្ចេញឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ព្រោះការប៉ះគ្នាលើកនេះ បើអ្នកណាឈ្នះនឹងបានឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនពីអូត ភូថង នៅចុងខែកញ្ញានេះ ។ ម៉្លោះហើយ ទើបអ្នកគាំទ្រកីឡាករ វ៉ោយ សុធន មានការភ័យព្រួយយ៉ាងខ្លាំង ខណៈដែលកីឡាករ អ៊ុង វីរៈ ជាជើងខ្លាំងដែលសូម្បីម្ចាស់ខ្សែក្រវាត់អូត ភូថង ក៏មិនចង់ជួបរូបគេដែរ ។
ទោះយ៉ាងណា គេមិនអាចព្យាករមុនសភាពជាក់ស្តែងកើតឡើងបានទេ ព្រោះការប្រកួតតែងតែមានការប្រែប្រួល ពេលខ្លះយោងលើសំណាងផងដែរ ។ កីឡាករអ៊ុង វីរៈបានបង្ហាញជំហររឹងមាំឱ្យកោះសន្តិភាពដឹងថា លោកនឹងខំរក្សាតំណែងឈ្នះបន្តទៀត មិនឱ្យចាញ់កីឡាករ វ៉ោយ សុធន ជាដាច់ខាត ព្រោះជ័យជម្នះលើកនេះ មិនមែនធម្មតាទេ ពោលគឺអ្នកឈ្នះត្រូវទៅប្រកួតដណ្តើមខ្សែក្រវាត់ពី អូត ភូថង ដែលបានកាន់កាប់យូរមកហើយ ។ លោកអះអាងថា មួយរយៈនេះ លោកខំហ្វឹកហាត់ខ្លាំងណាស់ ក្នុងមួយថ្ងៃពីរវេនឯណោះ ដោយសារតែគិតថា មិនអាចមើលស្រាលដៃគូបានឡើយ ម្យ៉ាងនេះជាកម្មវិធីពិសេសសម្រាប់ឈានទៅដណ្តើមខ្សែក្រវាត់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនឆាប់ៗនេះ ។ អ៊ុង វីរៈ ផ្តើមអាជីពប្រដាល់ដំបូងកាលពីអំឡុងឆ្នាំ២០១១ ប៉ុណ្ណោះ ក្នុងប្រភេទទម្ងន់ចាប់ពី៦៥ទៅ៦៩គីឡូក្រាម ។ លោកធ្លាប់ទទួលបានមេដាយសំរឹទ្ធិក្នុងការប្រកួតជ្រើសរើសជើងឯកទូទាំងប្រទេសកាលពីឆ្នាំ២០១១ និងឆ្នាំ២០១២ នេះ ទើបតែទទួលបានពានរង្វាន់សីុម៉ង់ត៍រូបភ្នំនៅស្ថានីយទូរទស្សន៍បាយ័ន ។
បន្ថែមពីលើការប្រកួតសងសឹកនៅថ្ងៃស្អែកនេះ ក៏មានការប្រកួតរវាងកីឡាករចាន់ សីុដា មកពីក្លិបនិរោធមានជ័យ ជាមួយកីឡាករ ទូច សុភាព មកពីក្លិបបក្សីស្លាបដែក ។ កីឡាការិនី វី ស្រីខួច មកពីក្លិបនាគមានជ័យ ប្រកួតជាមួយកីឡាការិនី សំ សំណាង មកពីក្លិបពន្លឺសាមគ្គី ខេត្តបាត់ដំបង ។ កីឡាករ ចាន់ មុន្នី មកពីក្លិបនិរោធមានជ័យ ប្រកួតជាមួយកីឡាករ ជុន សាវុធ មកពីក្លិបអូដឹមកីឡា ។ កីឡាករឌុន រដ្ឋា មកពីក្លិបអេភូថងកីឡា ប្រកួតជាមួយកីឡាករ មាស ភារម្យ មកពីក្លិបកងទ័ពជើងទឹក និងគូចុងក្រោយកីឡាករ នួន គា មកពីក្លិបតាឡីដំរីមានប្ញទ្ធិ ប្រកួតជាមួយកីឡាករ ផាន់ សារ៉ែម មកពីក្លិបគជសារកីឡា ៕
ចែករំលែកព័តមាននេះ