ខេត្តកណ្តាល ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវរកមុខឃាតករសម្លាប់ស្ត្រីវៀតណាមម្នាក់កាលពីថ្ងៃទី២៦ ខែសីហា នៅចំណុចក្នុងបឹងមួយស្ថិតក្នុងភូមិសំរោងធំ ស្រុកកៀនស្វាយ ប៉ូលិសខេត្តកណ្តាលបានចាប់ខ្លួនជនសង្ស័យជាឃាតករដែលជាប្តីក្រោយរបស់ជនរងគ្រោះ កាលពីម៉ោង២រសៀលថ្ងៃទី១៣ កញ្ញា នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ម៉ើ ចាន់ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាលបានឱ្យដឹងថា ជនសង្ស័យជាឃាតករឈ្មោះង្វៀង យ៉ាំងជិន អាយុ៣៧ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅមិនពិតប្រាកដ ។ ជននេះត្រូវជាប្តីក្រោយរបស់ស្រ្តីរងគ្រោះឈ្មោះងៀង ភឿង អាយុ៣៨ឆ្នាំ មានទីលំនៅភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ។ លោកនាយការិយាល័យបានឱ្យដឹងថា បន្ទាប់ពីជនសង្ស័យសម្លាប់ជនរងគ្រោះហើយ ប៉ូលិសបានធ្វើការស្រាវជ្រាវ ដោយមានការចង្អុលបង្ហាញ និងបញ្ជាពីលោកស្នងការឱ្យកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយព្រហ្មទណ្ឌកម្រិតធ្ងន់ និងប៉ូលិសបច្ចេកទេស ទើបឈានដល់ស្គាល់អត្តសញ្ញាណជនរងគ្រោះ និងធ្វើការស្រាវជ្រាវរហូតស្គាល់អត្តសញ្ញាណជនសង្ស័យ ។ តាមរយៈការតាមប្រមាញ់មុខសញ្ញា ដោយមានការសហការជាមួយប៉ូលិសខណ្ឌទួលគោក ជនសង្ស័យជាឃាតករត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ កញ្ញា នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន កាលពីម៉ោង៨យប់ថ្ងៃទី២៦ សីហា ។ មូលហេតុដែលខ្លួនសម្លាប់ជនរងគ្រោះជាប្រពន្ធគឺដោយសារតែខ្លួនប្រចណ្ឌប្រពន្ធមានប្រុសថ្មីនៅប្រទេសវៀតណាមមិនយល់ចិត្តខ្លួនជាប្តី ។ មុនពេលកើតហេតុ ខ្លួនបានប្រើល្បិចទូរស័ព្ទហៅនាងពីប្រទេសវៀតណាមឱ្យមកយកលុយពីខ្លួន ពេលនោះ នាងយល់ព្រមមក និងឱ្យខ្លួនទៅឌុបមកពីត្រឹមព្រំប្រទល់វៀតណាមចូលមក ។ ក្រោយពីបានជួបគ្នា ខ្លួនធ្វើជានិយាយល្អជាមួយនាង និងបានឌុបទៅលេងនៅខេត្តព្រៃវែងមួយយប់ ។ លុះដល់រសៀលថ្ងៃទី២៦ សីហា ក៏បានឌុបត្រឡប់មកវិញបំណងមកភ្នំពេញ ប៉ុន្តែពេលមកដល់ស្រុកកៀនស្វាយម៉ោង៨យប់គាប់ជួនដល់កន្លែងស្ងាត់ផង ខ្លួនក៏បានអូសដៃនាងទៅក្បែរព្រៃមាត់ទឹកបឹង រួចក៏វាយនាងឱ្យសន្លប់ ហើយយកឈើស្រួចចាក់បន្ថែមជាច្រើនកន្លែងទៀតដើម្បីសម្លាប់ចោលតែម្តង ។ ជនសង្ស័យត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ