ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានកម្មករកម្មការិនីរងរបួសធ្ងន់-ស្រាលចំនួន៦០នាក់ ក្នុងឧប្បត្តិហេតុក្រឡាប់រថយន្ត កាលពីថ្ងៃទី១៣ កញ្ញា វេលាម៉ោង៧ព្រឹក នៅលើកំណាត់ផ្លូវលំស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។
តាមកម្មករម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍រថយន្តក្រឡាប់នោះបានប្រាប់កោះសន្តិភាពថា ជាទម្លាប់រថយន្តកូរ៉េ១គ្រឿងចំណុះ១តោនកន្លះបានប្រមូលដឹកកម្មករកម្មការិនីពីភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្ទ្រា ពេលពេញរថយន្ត៦០នាក់ហើយក៏ដឹកឆ្ពោះទៅរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតំបន់សេដ្ឋកិច្ចពិសេសតៃសេង ក្រុងបាវិត ។ លុះទៅដល់ចំណុចខាងលើដែលជាផ្លូវលំគឺស្ថានភាពផ្លូវស្រុត និងមានជង្ហុកជ្រៅៗជាច្រើនកន្លែងហើយដោយមានទឹកភ្លៀងពីយប់ដក់ទឹកលើផ្លូវអ្នកបើកបរមើលមិនដឹងធ្វើឱ្យរថយន្តធ្លាក់ជង្ហុកត្រឹមជង្គង់បណ្តាលឱ្យរថយន្តផ្អៀង ឯកម្មករកម្មការិនីដែលឈរច្រូងលើរថយន្តក៏ដួលរុញគ្នាធ្វើឱ្យដាច់ទ្រុងរថយន្តក្រឡាប់ចូលទៅក្នុងស្រែ ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យកម្មករកម្មការិនីសង្កត់លើគ្នា និងនាំគ្នាស្រែកហៅឱ្យអ្នកស្រុកជួយទាញចេញ ប៉ុន្តែទម្រាំទាញមនុស្សចេញអស់ធ្វើឱ្យអ្នកដែលនៅក្រោមគេចំនួន៧នាក់សន្លប់ដោយសារការជាន់សង្កត់ពីលើថប់ដង្ហើម ។
ប្រភពដដែលបន្តទៀតថា ក្រោយពីទាញចេញពីទ្រុងរថយន្តគេឃើញមានអ្នករបួសធ្ងន់រហូតដល់៣៨នាក់ ក្នុងនោះ៧នាក់ធ្ងន់បំផុតដែលមានស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ផង រហូតសន្លប់នៅក្នុងគំនរមនុស្ស និងរបួសស្រាល២២នាក់ ។ អ្នកទាំង៧នាក់នេះមាន១-ឈ្មោះ នាង សារា អាយុ២១ឆ្នាំ មានផ្ទៃពោះ៧ខែ និងមានទីលំនៅភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្ទ្រា ២-ឈ្មោះ ឈឹម សូត្រ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិកោះគោ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ត្រូវគេជាន់ពីលើគ្រេចចង្កេះ និងដើមទ្រូង សន្លប់រហូតដល់ម៉ោង១០ព្រឹកទើបដឹងខ្លួន ទី៣-ឈ្មោះ វិន ស្រីមុំ អាយុ២០ឆ្នាំ នៅភូមិត្រពាំងធ្លក និង៤នាក់ទៀតមិនស្គាល់ឈ្មោះ មានម្នាក់ជាយុវជន និង៣នាក់ជានារី ហើយនារីទាំង៣នាក់នេះត្រូវបានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ចំពោះអ្នករងរបួសធ្ងន់ ក្រៅពីនារី៣នាក់ដែលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តគឺនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យស្រុកប្រតិបត្តិជីភូ រីឯអ្នករបួសស្រាល២២នាក់គ្រាន់តែពិនិត្យផ្តល់ថ្នាំក៏ត្រឡប់ទៅផ្ទះវិញ ។ ដោយឡែកអ្នកបើកបរឈ្មោះ អុន អាយុប្រហែលជាង៣០ឆ្នាំ មានទីលំនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ បានរត់គេចខ្លួនបាត់ ។
រថយន្តនេះពុំមែនជារថយន្តដែលដឹកពួកគេប្រចាំថ្ងៃទេ តែដោយសាររថយន្តដែលដឹកពួកគេជាប្រចាំនោះបែកកង់ ទើបអ្នកបើកបរទូរស័ព្ទឱ្យឈ្មោះអុន យករថយន្តមកសាងព្រោះខ្លាចកម្មករហួសម៉ោងទៅធ្វើការមិនទាន់ ។ ពេលនោះម្ចាស់រថយន្តឈ្មោះអុន មានម៉ូយខ្លះហើយលុះពេលមកយកម៉ូយបន្ថែមគឺមនុស្សឡើងជិះទាល់តែណែនហើយសល់៤នាក់ឈរតោងពីក្រោយ និង២នាក់អង្គុយជាមួយអ្នកបើកបរ ដូច្នេះមានទាំងអស់៦០នាក់ ។ ការបើកបរនោះគឺយឺតៗទេ តែពេលរថយន្តធ្លាក់ក្នុងជង្ហុកជម្រៅត្រឹមជង្គង់ធ្វើឱ្យរថយន្តផ្អៀង ឯមនុស្សដែលឈរច្រូងក៏ដួលសង្កត់ទៅម្ខាងរថយន្តបណ្តាលឱ្យដាច់ខ្ចៅទ្រុងរថយន្តធ្លាក់អ្នកជិះតែម្តង រីឯរថយន្តគ្រាន់តែផ្អៀងប៉ុណ្ណោះ ។
ដោយសារមនុស្សច្រើនសង្កត់លើគ្នាទម្រាំទាញចេញអស់អ្នកនៅខាងក្រោមគេ៧នាក់សន្លប់ ហើយនៅក្នុងរថយន្តនោះមានស្ត្រីមានផ្ទៃពោះ៣នាក់ តែ២នាក់ទៀតរបួសស្រាលព្រោះនៅលើគេ ៕
ចែករំលែកព័តមាននេះ