រាជធានីភ្នំពេញ ៖ នៅថ្ងៃសុក្រទី១៤ កញ្ញា ស្អែកនេះ កីឡាករជើងខ្លាំងពីររូប គឺឯម ខ្លឹមខ្មៅ ដែលធ្លាប់សន្លប់ក្រោមដៃកីឡាករផុន ផាន់ណា រួចម្តងហើយនោះនឹងឡើងប្រកួតសងសឹកសាជាថ្មីនៅលើសង្វៀនបាយ័នបឹងស្នោ ។ ការប្រកួតរវាងកីឡាករជើងខ្លាំងទាំងពីរពិតជាធ្វើឱ្យកក្រើកមិនចាញ់ជំនួបប្រកួតគ្នាកាលពីគ្រាមុននោះទេ ខណៈដែលម្នាក់ៗសុទ្ធតែបង្ហាញពីជំនឿចិត្តថាខ្លួននឹងទទួលជ័យជម្នះសម្រាប់ជំនួបគ្នានៅលើកទី២នោះ ។
ជើងខ្លាំងមកពីក្លិបគ្រុឌមានជ័យ កីឡាករឯម ខ្លឹមខ្មៅ បានត្រៀមខ្លួនរួចជាស្រេចក្នុងជំនួបសងសឹកជាមួយកីឡាករជើងខ្លាំងផុន ផាន់ណា សិស្សគុនក្នុងក្លិបអប្សរាគុនខ្មែរ ។ កីឡាករទាំងពីររូបធ្លាប់ជួបគ្នាតែម្តងគត់កាលពីចុងឆ្នាំ២០១១ ដែលពេលនោះកីឡាករផុន ផាន់ណា បានផ្តួលកីឡាករឯម ខ្លឹមខ្មៅ ឱ្យសន្លប់នៅក្នុងទឹកទី៤ ។ បើទោះជាពេលនេះឯម ខ្លឹមខ្មៅ ហាក់មានសន្ទុះ និងត្រូវគេកត់សម្គាល់ថា មានវិជ្ជាគុនល្អប្រសើរជាងមុន ប៉ុន្តែការបរាជ័យពីរលើកផ្ទួនៗគ្នារបស់លោកក្រោមកណ្តាប់ដៃកីឡាករវង្ស ណយ កាលពីពីរសប្តាហ៍មុនកំពុងធ្វើឱ្យគេពិបាកជឿជាក់ថា លោកនឹងអាចសងសឹកកីឡាករផុន ផាន់ណា បានសម្រេចណាស់ ម្យា៉ងទៀតផុន ផាន់ណា គឺជាជើងខ្លាំងដែលធ្លាប់វាយផ្តួលកីឡាករថៃជាច្រើននាក់ក្នុងពេលលោកស្ថិតនៅទឹកដីកោះកុង ដូច្នេះទើបគេចោទសួរថា តើឯម ខ្លឹមខ្មៅ អាចសងសឹកបានដល់កម្រិតណា?
កីឡាករផុន ផាន់ណា បញ្ជាក់ប្រាប់កោះសន្តិភាពកាលពីម្សិលមិញថា រហូតមកទល់ពេលនេះ លោកនៅតែក្តោបក្តាប់ខ្សែក្រវាត់ដែលធ្លាប់ឈ្នះកីឡាករប្រទេសថៃចំនួនបីដដែល បើទោះជានៅក្នុងប្រទេសលោកនៅមិនទាន់មានឱកាសវាយដណ្តើមបានខ្សែក្រវាត់ណាមួយយកមកពាក់ជាប់នឹងខ្លួននោះក៏ដោយ ។ ខ្សែក្រវាត់ដែលលោកដណ្តើមបានមកពីប្រទេសថៃនោះរួមមានខ្សែក្រវាត់ជើងឯកប្រចាំខេត្តរ៉ាក់យ៉ង១ ខ្សែក្រវាត់ជើងឯកប្រចាំខេត្តឈុនបូរី១ និងខ្សែក្រវាត់ជើងឯកប្រចាំខេត្តប៉ាត់ថាយ៉ា១ ប៉ុន្តែសម្រាប់ឆ្នាំដែលទទួលបានលោកមិនបានចាំទេ ។ ខ្សែក្រវាត់ទាំងបីនេះ លោកដណ្តើមបានតាំងពីលោកនៅប្រឡូកការប្រដាល់នៅក្នុងទឹកដីកោះកុងកាលពីជាង៣ឆ្នាំមុនម៉្លេះ អីុចឹងហើយទើបលោកជឿជាក់ថា ការជួបប្រកួតជាមួយកីឡាករឯម ខ្លឹមខ្មៅ នាពេលនេះគឺលោកនៅតែឈ្នះដដែលដោយគ្មានការប្រែប្រួលឡើយ ។
ទោះយ៉ាងណា ជំនឿជឿជាក់នេះគេមិនទាន់យល់ស្របទាំងស្រុងទេ ខណៈដែលអ្នកខ្លះក៏នៅតែយល់ថា ឯម ខ្លឹមខ្មៅ ជាកីឡាករមានកម្លាំងខ្លាំង ជាង និងអាចថាមានក្បាច់ប្រកួតរហ័សជាង ក្នុងរយៈពេលជាងកន្លះឆ្នាំចុងក្រោយនេះ ។ ឯម ខ្លឹមខ្មៅ ត្រូវគេដឹងថា ពូកែកែង និងជង្គង់ បើទោះជាម៉ាត់ និងជើងទាត់របស់លោកហាក់ដូចជាខ្សោយជាងផុន ផាន់ណា ក្តី ។ កីឡាកររូបនេះនិយាយថា សម្រាប់ជំនួបថ្ងៃសុក្រស្អែកនេះ លោកបានត្រៀមខ្លួនច្រើនណាស់ដើម្បីកុំឱ្យដូចលោកជួបប្រកួតជាមួយកីឡាករវង្ស ណយ កាលពីលើកមុននោះទៀត ។ ឯម ខ្លឹមខ្មៅ និយាយថា «ទោះជាលើកមុនខ្ញុំធ្លាប់ចាញ់គាត់ (ផុន ផាន់ណា) ប៉ុន្តែសម្រាប់លើកនេះ ខ្ញុំមានជំនឿចិត្តច្រើន ម្យា៉ងកាលពីលើកមុននោះ គឺដោយសារតែខ្ញុំភ្លាត់ស្នៀតតែប៉ុណ្ណោះ ទើបត្រូវសន្លប់ក្នុងទឹកទី៤» ។
លោកអះអាងថា បានបំប៉ន និងហ្វឹកហាត់ច្រើនក្រោយពេលលោកភ្ញាក់ខ្លួននឹងការបរាជ័យពីរលើកជាប់គ្នាក្រោមដៃកីឡាករវង្ស ណយ ។ ទោះយ៉ាងណាក្តី កីឡាករសម្បុរខ្មៅរូបនេះហាក់មិនទាន់ហា៊នអះអាងទុកមុនថា ខ្លួននឹងឈ្នះការប្រកួត១០០ភាគរយនៅឡើយទេ ដោយសារតែធ្លាប់មានបទពិសោធន៍សន្លប់ក្រោមដៃផុន ផាន់ណា ម្តងនោះ ។ លោកបានត្រឹមតែតាំងចិត្តដោយមុតមាំថា នឹងសងសឹកឱ្យបានសម្រេចបើទោះជាផុន ផាន់ណា កំពុងក្លាយជាកីឡាករល្បីក្នុងស្រុក និងត្រូវគេស្គាល់ថាជាជើងខ្លាំងធ្លាប់លុកលុយនៅក្នុងទឹកដីថៃតាំងពីរស់នៅក្នុងខេត្តកោះកុងនោះក៏ដោយ ។
ដោយឡែកនៅថ្ងៃសុក្រនោះដែរ ក៏មានជំនួបប្រកួតរវាងកីឡាករឆៃ តុលា មកពីក្លិបបាត់ដំបងពាយ័ព្យ និងកីឡាករឯម សុភាព មកពីក្លិបគ្រុុឌមានជ័យ ។ កីឡាករសុខ វរៈ មកពីក្លិបខេត្តក្រចេះ និងកីឡាករស៊ិន សារ៉េត មកពីក្លិបកងពលតូចឆត្រយោង៩១១ ។ កីឡាករឈាន រស្មី មកពី ក្លិបរតនគិរី និងកីឡាករគង់ សំបូរ មកពីក្លិបកងយោធពលខេមរភូមិន្ទ ។ កីឡាករម៉ាប់ ឆៃយ៉ា មកពីក្លិបខ្លារខិន និងកីឡាកររ៉ាក់ វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ និងគូចុងក្រោយគឺកីឡាករចន្ថា សារ៉ាន់ មកពីក្លិបយុវជនកីឡាខេត្តកណ្តាល និងកីឡាករហ៊ុន ខេង មកពីក្លិបគជសារកីឡា ៕
ចែករំលែកព័តមាននេះ