រាជធានីភ្នំពេញ ៖ កីឡាករជើងខ្លាំងឡុង សុវណ្ណឌឿន មកពីក្លិបឡុងសាលវ័ន្តកីឡា ណាត់ជួបពេជ្រ សម្បត្តិ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតសាកកម្លាំងគ្នានៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN នាថ្ងៃសៅរ៍ទី១៥ កញ្ញា ខណៈ ធិន សុវណ្ណ មកពីក្លិបកងពលតូចលេខ៧០ ក៏ចង់សាកកណ្តាប់ដៃជាមួយភី សុភ័ស្ស មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ។
រវាងសុវណ្ណឌឿន និងសម្បត្តិ សុទ្ធតែជាកំពូលជើងខ្លាំងមានល្បិចប្រយុទ្ធនៅលើសង្វៀនក្រាស់ដូចគ្នា ។ សុវណ្ណឌឿន ពូកែស្នៀតជើង ពេលទាត់ចេញម្តងៗមិនសូវជាខុសទិសដៅ និងមានទម្ងន់ធ្ងន់ទៀតផង ប៉ុន្តែក៏មិនអាចមើលស្រាលស្នៀតកណ្តាប់ដៃ និងស្នៀតកែងរបស់គេដែរ ។ ក្នុងចំណោមអ្នកប្រដាល់ដែលមានទម្ងន់ធ្ងន់រហូតដល់ទៅ៧០គីឡូក្រាមនោះ គឺពិបាករកគូប្រកួតណាស់ ប៉ុន្តែលើកនេះគេមកប៉ះពេជ្រ សម្បត្តិ ដែលជាអ្នកប្រដាល់ចាស់វស្សាជាងនោះ
មិនទាន់ដឹងថាយ៉ាងណានោះទេ ។ សម្បតិ្តមានស្នៀតកណ្តាប់ដៃល្អអាចវាយចេញបានត្រង់ ហើយមិនសូវជាខុសទិសដៅប៉ុន្មានឡើយ ទាំងស្នៀតជើង និងស្នៀតកណ្តាប់ដៃគឺអាចប្រើការបានល្អដូចគ្នា ហើយអ្វីដែលសំខាន់នោះ គឺសម្បត្តិចេះផ្លាស់ប្តូរយុទ្ធសាស្ត្រវាយលុកបានយ៉ាងល្អបំផុត ។ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនប្រាកដថា អាចផ្តួលសុវណ្ណឌឿនបានដែរ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា ។
រីឯធិន សុវណ្ណ និងភី សុភ័ស្ស វិញក៏សុទ្ធតែជាអ្នកប្រដាល់ចាស់វស្សាដូចគ្នាដែរ ធ្លាប់មានប្រវត្តិឡើងសង្វៀនរាប់ភ្លេច ប៉ុន្តែសុភ័ស្ស មួយរយៈមកនេះហាក់បីដូចជាបានបាត់មុខពីសង្វៀនយូរបន្តិចហើយ ។ ថ្វីដ្បិតពួកគេជាអ្នកប្រដាល់ចាស់វស្សាដូចគ្នា ប៉ុន្តែមិនធ្លាប់បានជួបគ្នាពីមុនមកឡើយ ។ សុវណ្ណ មានកម្លាំងរឹងមាំ ស្នៀតជើងល្អ អន់ស្នៀតកែងបន្តិច ប៉ុន្តែចិត្តរបស់គេសឿងគួរសម មិនដូចសុភ័ស្ស ចិត្តតូចកម្លាំងក៏អន់ បើសិនជាគេវាយឱ្យឈឺសាច់តែបន្តិចនោះ ច្បាស់ជាលែងហា៊នសម្រុកចូលតែម្តង ។ ម្យ៉ាងសុភ័ស្ស ល្អបានតែស្នៀតជើងបន្តិចប៉ុណ្ណោះ រីឯស្នៀតកណ្តាប់ដៃរាល់ពេលវាយចេញម្តងៗហាក់មានការផ្សងព្រេងច្រើន ។ គូនេះគេមានជំនឿចិត្តលើធិន សុវណ្ណ ច្រើនជាង ។
ក្រៅពីជើងចាស់២គូនេះទៅ ក៏មានកីឡាករជើងចាស់ និងជើងថ្មីមួយចំនួនទៀតដែលត្រូវជួបគ្នាក្នុងសប្តាហ៍នេះដែរ ដូចជាកីឡាករវ៉ែន ជីវ៉ុង មកពីក្លិបកងកេងកីឡាខេត្តបាត់ដំបង ជួបប្រកួតជាមួយកីឡាករអីុ ប៊ុនថា មកពីក្លិបអេភូថងកីឡា ។ កីឡាករគុន សំណង មកពីក្លិបខេមរិន្ទមានឫទ្ធិ ជួបប្រកួតជាមួយកីឡាករខឹក សុខឿន មកពីក្លិបកងពលតូចឆត្រយោង៩១១ ផ្នែកការពារដែនអាកាស ។ កីឡាករវី រ៉ាភុង មកពីក្លិបខ្លារខិនមានឫទ្ធិ ប្រកួតជាមួយកីឡាករងឿន វិចិត្រ មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងគូចុងក្រោយកីឡាករអាត មាស មកពីក្លិបអរុណរះកីឡា ប្រកួតលក្ខណៈសាកលជាមួយកីឡាករសូ សុផាត មកពីក្លិបតោមាសកីឡា ៕
ចែករំលែកព័តមាននេះ