លទ្ធផលការអង្កេតចុងក្រោយក្នុងប្រទេសអេស្ប៉ាញឃើញថា ពលរដ្ឋ១ភាគ៥នៃពលរដ្ឋសរុបរបស់អេស្ប៉ាញត្រូវការឱ្យប្រទេសរបស់ខ្លួនឈប់ចាយវាយប្រាក់អឺរ៉ូ និងងាកទៅប្រើប្រាស់ប្រាក់ប៉េសេតារបស់ខ្លួនដូចពេលអតីតកាល ។លទ្ធផលអង្កេតគំនិតយល់ឃើញពីក្រុមគំរូដែលមានសិទ្ធិបោះឆ្នោតជនជាតិអេស្ប៉ាញចំនួន១.០០៤នាក់ ដែលបានចុះផ្សាយកាលពីថ្ងៃទី ៩កញ្ញា នៅក្នុងកាសែតប្រចាំថ្ងៃ អេល ប៉ាអីុស (EL PAIS) បានបញ្ជាក់ថា ២១ភាគរយឬច្រើនជាង១ភាគ៥ នៃជនជាតិអេស្ប៉ាញត្រូវការមើលឃើញប្រទេសរបស់ខ្លួនងាកទៅប្រើប្រាស់ប្រាក់ ប៉េសេតា (PESETA)របស់ខ្លួនវិញដែលធ្លាប់ចាយវាយមុនពេលមានការប្តូរទៅប្រើប្រាស់ប្រាក់អឺរ៉ូកាលពីឆ្នាំ២០០២។
ទោះជាយ៉ាងណាក៏ដោយ ប្រហែល៧០ភាគរយនៃអ្នកឆ្លើយសំណួរ នៅតែមានជំនឿថាអេស្ប៉ាញគួរនៅជាសមាជិករបស់ក្រុមប្រទេស អឺរ៉ុបដែលមាន១៧ប្រទេស និងត្រូវចាយប្រាក់អឺរ៉ូបន្តទៀត ចំណែក៣០ភាគរយទៀតមានយោបល់ផ្ទុយពីនេះដោយមិនព្រមបញ្ចេញមតិឬគោលគំនិតខ្លួនឡើយ ។
គួរបញ្ជាក់ថា និន្នាការប្រឆាំងនឹងប្រាក់អឺរ៉ូ ចាប់ផ្តើមពុះកញ្ជ្រោលនៅក្នុងអេស្ប៉ាញ និងប្រទេសជាច្រើនទៀតនៅក្នុងក្រុមប្រទេសសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិបំណុលក្រោមសម្ពោធការអំពាវនាវរបស់អ្នកជំនាញក្នុងប្រទេសជាច្រើនបញ្ជាក់ថា ការឈប់ប្រើប្រាស់ប្រាក់អឺរ៉ូគឺផ្តល់ផលចំណេញជាងការខាតបង់ ព្រោះនឹងជួយឱ្យបណ្តាប្រទេសនានា មានឯក រាជ្យផ្នែកហិរញ្ញវត្ថុកាន់តែច្រើន និងអាចបង្កើនលទ្ធភាពក្នុងការប្រកួតប្រជែងរបស់ខ្លួនបានល្អប្រសើរ រួមទាំងធ្វើឱ្យកើតមានជំនាញផ្ទាល់ខ្លួនសម្រាប់ជម្រះបំណុល ។ ខណៈពេលភាគីជាច្រើនទៀតនៅមានក្តីបារម្ភថា ការឈប់ប្រើប្រាស់ប្រាក់អឺរ៉ូ អាចធ្វើឱ្យធនាគាររបស់ប្រទេសជាច្រើនត្រូវប្រឈមមុខនឹងការដួលរលំ ។
ការអង្កេតខាងលើបានកើតឡើង ក្រោយពីរដ្ឋាភិបាលអេស្ប៉ាញ ក្រោមការដឹកនាំរបស់លោកម៉ារីយ៉ាណូ រ៉ាចយ ទើបធ្វើការប៉ាន់ប្រ មាណថា សេដ្ឋកិច្ចរបស់អេស្ប៉ាញដែលមានទំហំធំស្ថិតក្នុងលំដាប់ទី ៤ នៅសហគមន៍អឺរ៉ុប នឹងមានការថយចុះ១,៥ភាគរយក្នុងឆ្នាំនេះ និងធ្លាក់បន្តទៀត ០,៥ភាគរយនៅឆ្នាំ២០១៣ ៕
ចែករំលែកព័តមាននេះ