ដើម្បីលើកស្ទួយវិស័យបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបង្កើតចំណងមិត្តភាពរវាងយុវជន និងយុវជន ឱ្យស្រឡាញ់វិស័យកីឡា ក្រុមហ៊ុនភេសជ្ជៈស្ពនស័រ បានរៀបចំបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Sponsor Futsal cup 2012 កាលពីថ្ងៃទី៨ កញ្ញា នៅទីលានបាល់ទាត់ 3G មុខក្រសួងការបរទេស ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ មានការចូលរួមពីកឡាករចំនួន៣២ក្រុម ស្មើនឹង ៣២០នាក់ ដែលនឹងធ្វើការប្រកួតជម្រុះចាញ់ធ្លាក់ៗ ហើយការចុះឈ្មោះចូលរួមប្រកួតរបស់ក្រុមកីឡាករទាំងអស់ មិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ។ ការប្រកួតមានរយៈពេល៤សប្តាហ៍ ចាប់ពីថ្ងៃទី៨ កញ្ញា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១២ រៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង៨ដល់ម៉ោង៩ព្រឹក ចំនួន២គូ និងពេលរសៀលវេលាម៉ោង៣ ដល់ម៉ោង៤រសៀលចំនួន២គូ ដែលមាន២តង់ ក្នុង១តង់២០នាទី សម្រាក១០នាទី ។
ការប្រកួតប្រព្រឹត្តទៅនៅទីលានបាល់ទាត់ 3G ដើម្បីដណ្តើមពានរង្វាន់ Sponsor Futsal cup 2012 រដូវកាលទី១ ។ក្រុមដែលចូលរួមប្រកួតនឹងទទួលបានរង្វាន់ដូចខាងក្រោម ៖ក្រុមជើងឯកនឹងទទួលបានពានរង្វាន់ចំនួន១ មេដាយចំនួន១០គ្រឿង ទឹកប្រាក់១.០០០ដុល្លារ និងរង្វាន់ផ្សេងៗមួយចំនួនទៀត ។ ក្រុមជើងឯករងនឹងទទួលបានមេដាយចំនួន១០គ្រឿង ទឹកប្រាក់៥០០ដុល្លារ និងរង្វាន់ផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ