ខេត្តសៀមរាប ៖ កងរាជអាវុធហត្ថនៃការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនខេត្តបានចុះបង្ក្រាបករណីទិញនិងលក់គ្រឿងញៀន៣កន្លែងផ្សេងគ្នាក្នុងក្រុងសៀមរាបកាលពីយប់ថ្ងៃទី ៦និងទី៧ កញ្ញា នៅចំណុចភូមិ២គឺភូមិតាភុល សង្កាត់ស្វាយដង្គំមាន២កន្លែងនិងភូមិដូនប៉ា សង្កាត់ស្លក្រាមមាន១កន្លែងក្នុងក្រុងសៀមរាប។
ករណីចុះបង្រ្កាបបទល្មើសនេះដឹកនាំដោយលោកវរសេនីយ៍ឯកស្រី យូរ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីរស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនិងយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវបានចាប់ខ្លួន ម្នាក់ឈ្មោះលីង ថេង ភេទប្រុសអាយុ៤៨ឆ្នាំកម្មករសំណង់មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្កំ ក្រុងសៀមរាបដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ា)ចំនួន៣គ្រាប់នៅវេលាម៉ោង២១និង៣០ នាទីថ្ងៃទី៦ កញ្ញា និងម្នាក់ទៀតឈ្មោះសៅ យឿង ភេទប្រុសអាយុ២៤ឆ្នាំ រត់ម៉ូតូឌុបស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់តូចប្រភេទម៉ាទឹកកកនិងប្រភេទwy ថ្នាំគ្រាប់ពណ៌ទឹកក្រូចចំនួន៥គ្រាប់និងម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ2A-5310សៀមរាបកាលពីវេលាម៉ោង១២យប់ឈានចូលថ្ងៃទី ៧ កញ្ញា ។ ចំណែកជនទី៣បានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តមួយគ្រឿងម៉ាកស៊ើប ពណ៌ខ្មៅពាក់ស្លាកលេខ 2A-3850 កណ្តាលនិងដាវសាមូរ៉ៃ២ដើម បំពង់ដែក១ដើម អត្តសញ្ញាណប័ណ្ណ១សន្លឹកត្រូវបាន និងដកហូតក្រោយពេលបង្ក្រាប ។
ប្រភពដដែលបានបញ្ជាក់ថា ចំពោះជនសង្ស័យទាំង២នាក់ដែលកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនត្រូវកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បី ផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ