ខេត្តកណ្តាល ៖ ឃាតករដែលបានសម្លាប់ស្ត្រីមេម៉ាយប្លន់យកលុយយ៉ាងសាហាវឃោរឃៅនៅក្នុងផ្ទះ ស្ថិតក្នុងភូមិស្វាយពុំត្រង់ ឃុំកោះអន្លង់ចិន ស្រុកស្អាង កាលពីយប់ថ្ងៃទី២ កញ្ញា ត្រូវបានប៉ូលិសស្រុកស្អាងធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនបានកាលពីវេលាម៉ោង៧យប់ថ្ងៃទី៥ កញ្ញា នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺក្រោយពីឃាតកររូបនេះប្រព្រឹត្តរួចរត់ទៅលាក់ខ្លួនពួនសម្ងំនៅទីនោះ ហើយជននេះគឺជាមិត្តភក្តិរបស់កូនជនរងគ្រោះ និងធ្លាប់ស៊ីឈ្មួលធ្វើការងារឱ្យជនរងគ្រោះផងដែរ ។
លោកសេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យដែលត្រូវប៉ូលិសចាប់ខ្លួន ឈ្មោះប៉ុក ចំរើន ហៅឡាច ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកើតហេតុ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះងួន ឃីម អាយុ៥៦ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ។
លោកអធិការបានឱ្យដឹងទៀតថា បន្ទាប់ពីមានករណីឃាតកម្មសម្លាប់ឃោរឃៅបែបនេះ លោកបានដឹកនាំកម្លាំងប៉ូលិសស្រុកស្អាងធ្វើការស្រាវជ្រាវ និងសហការជាមួយប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល-កម្រិតធ្ងន់ខេត្ត ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ឱ្យវែកមុខរកឃាតករយកមកផ្តន្ទាទោសតាមច្បាប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ