AFP បានផ្សាយថា តារាបង្ហាញម៉ូដជនជាតិអាល្លឺម៉ង់ ដែលមានរហស្សនាមថា រាជិនីឃ្មុំ នៅក្នុងពិធីជប់លៀងរបស់លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី អតីតនាយរដ្ឋមន្ត្រីអីុតាលីកាលពីថ្ងៃទី២៤ សីហា បានបញ្ជាក់ប្រាប់អ្នកសារព៌ត័មានថានាងកំពុងមានផ្ទៃពោះជាមួយអតីតនាយករដ្ឋមន្ត្រីរូបនេះ ។
អ្នកសារព័ត៌មាន Fatto Quitidiano បានសួរនាងរាជិនីឃ្មុំថា តើលោកប៊ែរលូស្កូនី អាចជាឪពុករបស់ទារកក្នុងផ្ទៃនាង ឬអត់? នាងសាប៊ីណា បេហ្គេន ជាតារាបង្ហាញម៉ូដ និងសម្តែង អាយុ៣៨ឆ្នាំ ឆ្លើយថា « គ្មានអ្វីស្រពេចស្រពិលឡើយ គឺខ្ញុំបានរួមដំណេកជាមួយគាត់តែម្នាក់ » ។
ក្រោយមកនាង បានផ្តល់បទសម្ភាសន៍ជាមួយវេបសាយតារាសំដែងរបស់អីុតាលីថា នាងបានរំលូតកូនចេញ កាលពីយប់ថ្ងៃទី២៣ សីហា។របាយការណ៍បញ្ជាក់ថា លោកប៊ែរលូស្កូនី អាយុ៧៥ឆ្នាំ មិនបានឆ្លើយតបលើការអះអាងរបស់នាងរាជិនីឃ្មុំទេ ។ ចំណែកនាងសាប៊ីណា បេហ្គេន ក៏មិនប្រាប់ថា តើអតីតនាយករដ្ឋមន្ត្រីអីុតាលីរូបនោះ មានប្រតិកម្មបែបណា ក្រោយពីដឹងថានាងមានផ្ទៃពោះជាមួយលោក ។ នាងសាប៊ីណា បេហ្គេន គ្រាន់តែប្រាប់ថា លោកប៊ែរលូស្កូនី កំពុងស្រងេះស្រងោច និងមាន
បំណងវិលទៅរកមជ្ឈដ្ឋាននយោបាយជាថ្មីវិញ ។
ក្នុងពេលបន្ទាប់មកមេធាវីរបស់លោកប៊ែរលូស្កូនី បានថ្លែងបញ្ជាក់ថា នោះជារឿងមិនពិតទេ ។លោកប៊ែរលូស្កូនី បានលាលែងពីនាយករដ្ឋមន្ត្រីកាលពីខែវិច្ឆិកា ឆ្នាំ២០១១ ប៉ុន្តែនៅកាន់តំណែងជាសមាជិកសភា ។ បច្ចុប្បន្នលោកកំពុងទទួលការពិចារណារឿងក្តីពីបទ មានសម្ព័ន្ធភាពផ្លូវភេទជាមួយស្ត្រីពេស្យាជាអនីតិជន ខណៈពេលនៅកាន់តំណែងនាយករដ្ឋមន្ត្រី ហើយប្រើអំណាចមិនសមស្របនៅក្នុងការបិទបាំងរឿងរ៉ាវនោះ ។ទោះជាយ៉ាងណាក្តី លោកបដិសេធថាមិនពិតទេ ៕
ចែករំលែកព័តមាននេះ