ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ដែលជាមន្ត្រីសាលាស្រុកសំរោងទងចូលនិវត្តន៍ឈ្មោះសូ សាងឿន អាយុ៦១ឆ្នាំ បានស្លាប់ភ្លាមៗដោយសារចរន្តអគ្គិសនីឆក់នៅចន្លោះពីម៉ោង៧ទៅ៩យប់ថ្ងៃទី៤ កញ្ញា ខណៈគាត់ចូលទៅបោសសម្អាតក្នុងបន្ទប់ការិយាល័យសុរិយោដីស្រុក ។
មន្ត្រីសាលាស្រុកក៏ដូចជាប៉ូលិសស្រុកសំរោង បានឱ្យដឹងពីហេតុការណ៍នេះថា ស្ត្រីជាមន្ត្រីសាលាស្រុកសំរោងទងដែលចូលនិវត្តន៍រូបនេះបានបន្តរស់នៅក្នុងបរិវេណសាលាស្រុក និងធ្វើជាអ្នកជួយបោសសម្អាតអង្គភាពសុរិយោដីស្រុកគ្រាន់បានកម្រៃផ្គត់ផ្គង់ជីវភាពគួបផ្សំនឹងប្រាក់ចូលនិវត្តន៍ ។ នៅចន្លោះពីម៉ោង៧ទៅ៩យប់គាត់បានចូលទៅបោសសម្អាតបន្ទប់ដែលជាទម្លាប់រៀងរាល់ថ្ងៃ មិនឱ្យមន្ត្រីរាជការក្នុងការិយាល័យសុរិយោដីនេះរវីរវល់នឹងការបោសសម្អាតនាពេលព្រឹកឡើងនោះទេ ។ ដោយសារបាត់គាត់យូរពេក ចៅស្រីរបស់គាត់បានដើររកមើលគ្រប់កន្លែង ហើយក៏ចូលទៅក្នុងការិយាល័យសុរិយោដី ក៏ប្រទះឃើញជីដូនស្លាប់ក្បែរកុងតាក់ភ្លើង តែគេពុំដឹងថាគាត់ប៉ះពាល់អ្វីទើបបានជាឆក់ស្លាប់បែបនេះទេ ។
ការជ្រួលច្របល់នាយប់នោះ ធ្វើឱ្យមន្ត្រីសាលាស្រុកដែលប្រចាំការពេលយប់រួមទាំងបូ៉លិសផងចូលទៅពិនិត្យមើលទើបដឹងថា គាត់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ។ គាត់រស់នៅជាមួយចៅស្រីម្នាក់ឈ្មោះយ៉ាន់ ចាន់ណា អាយុ២២ឆ្នាំ។ សពត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ក្រោមការឧបត្ថម្ភពីលោកអភិបាលស្រុក៕
ចែករំលែកព័តមាននេះ