ខេត្តកំពង់ឆ្នាំង ៖ នៅអធិការដ្ឋាននគរបាលស្រុកទឹកផុស កាលពីព្រឹកថ្ងៃទី៣ កញ្ញា មានរៀបចំពីធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការ អធិការរង នៃអធិការដ្ឋាននគរបាលស្រុក ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរង លោកអភិបាលស្រុក មន្ត្រីនគរបាល និងមេឃុំជាច្រើនរូបទៀត ។
លោកវរសេនីយ៍ទោ កែ ប៊ុនរិទ្ធ នាយការិយាល័យបុគ្គលិក បានអានប្រកាសរបស់ក្រសួងមហាផ្ទៃដែលបានផ្ទេរភារកិច្ចលោកវរសេនីយ៍ត្រី គឹម សារ៉េត អធិការនគរបាលស្រុកទឹកផុសទៅបម្រើការងារនៅការិយាល័យបុគ្គលិកនៃ ស្នងការដ្ឋាននគរបាលខេត្ត ហើយលោកអនុសេនីយ៍ឯក ខែម វិបុល អធិការរងនគរបាលស្រុកសាមគ្គីមានជ័យ ត្រូវបានតែងតាំងជាអធិការនគរបាលស្រុកទឹកផុស ។ ចំណែកលោក នង ភឺន នាយផ្នែកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ត្រូវបានតែងតាំងជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកទឹកផុស ។
លោក ឈួង ឃឿន ប្រធានក្រុមប្រឹក្សាស្រុកទឹកផុស មានប្រសាសន៍ថា អធិការនគរបាលចាស់បានកសាងនូវសមិទ្ធផល និងមានស្នាដៃជាច្រើននារយៈពេលកន្លងមក ប៉ុន្តែនេះជាការផ្លាស់ប្តូរភារកិច្ចរបស់ថ្នាក់លើ ។ ចំណែកអធិការឡើងថ្មីត្រូវតែខិតខំយកចិត្តទុកដាក់បម្រើការងារដែលថ្នាក់លើប្រគល់ឱ្យ និងត្រូវចេះក្តាប់សភាពការណ៍សន្តិសុខ ដើម្បីធានាការបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការនគរបាលខេត្តបានមានប្រសាសន៍លើកឡើងថា នេះជាក្រឹត្យក្រមនៃមន្ត្រីរាជការរបស់យើង ដែលត្រូវផ្លាស់ប្តូរមន្ត្រីពីកន្លែងមួយទៅកន្លែងមួយ និងមានអាណត្តិរបស់វា ដែលកន្លែងខ្លះ៤ឆ្នាំ កន្លែងខ្លះដល់៨ឆ្នាំ គឺស្មើ២អាណត្តិ ត្រូវផ្លាស់ប្តូរម្តង នេះមិនមែនជារឿងថ្មីនោះទេ ។ ជាការពិត រយៈពេលជាង៧ឆ្នាំកន្លងមកនេះ អធិការចាស់បានប្រឹងប្រែងណាស់ រហូតមានស្នាដៃបន្សល់ទុកនូវសមិទ្ធផលជាច្រើន ធ្វើឱ្យប្រជាពលរដ្ឋមានក្តីស្រឡាញ់ និងគោរពរាប់អានយ៉ាងច្រើន ។ ជាការចាំបាច់ នេះមិនមែនមានកំហុស ឬគ្មានកំហុសនោះទេ តែនេះជាទិសដៅរបស់រាជរដ្ឋាភិបាល។
លោកស្នងការបានផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ ពិសេសលោកអធិការដែលទើបឡើងកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋ និងត្រូវចាំថា យើងគឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនមកត្រួតត្រាលើពួកគាត់ឡើយ។ ជាមួយនេះ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៥ចំណុច គឺគ្មានលួច ឆក់ ប្លន់ ,គ្មានថ្នាំញៀន ,គ្មានល្បែងសីុសង ,គ្មានអំពើអនាចារជួញដូរមនុស្ស និងគ្មានក្មេងទំនើង ។
លោកសុំបន្ថែម៤ទៀត គឺគ្មានគ្រោះថ្នាក់ចរាចរណ៍, គ្មានអាវុធជាតិផ្ទុះ និងគ្រាប់មិនទាន់ផ្ទុះ, គ្មានរន្ទះបាញ់ និងគ្មានប៉ុស្តិ៍ត្រួតពិនិត្យ (កុងត្រូលជជុះ) ។ ទាំង៤ចំណុចខាងក្រោមនេះ ត្រូវចេះជួយពន្យល់ប្រជាពលរដ្ឋឱ្យយល់ដឹងដើម្បីចៀសវាងកុំឱ្យមាន ៕
ចែករំលែកព័តមាននេះ