ខេត្តកណ្តាល ៖ តម្បាញកន្ទេលជាមុខរបរមួយបើទោះជាមានអាយុកាលយូរអង្វែងនិងមានវ័យចំណាស់ទៅហើយក៏ដោយតែប្រជាពលរដ្ឋមួយចំនួននៅតែបន្តរបរនេះជាប់រហូតមកដល់សព្វថ្ងៃ ពិសេសនៅតាមទីជនបទដែលអាចរកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិតទៀតផងដែរ ។
ស្រ្តីឈ្មោះអ៊ូច ម៉ាប់ ក្នុងវ័យ៤៤ឆ្នាំ រស់នៅ ក្នុងភូមិកោះទាវ-ក ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្តាល ជាអ្នកតម្បាញកន្ទេលបានរៀបរាប់ប្រាប់ឱ្យដឹងថា គាត់បានចាប់អាជីពតម្បាញនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ កត្តាដែលធ្វើឱ្យរូបគាត់ប្រកបមុខរបរនេះព្រោះវាជាមុខរបរដែលបន្តវេនពីឪពុកម្តាយរបស់គាត់ ។
អ៊ូច ម៉ាប់បានបន្តទៀតថា កន្ទេលផលិតឡើងពីវត្ថុធាតុដើមមួយចំនួនដូចជាកក់ និងក្រចៅ ដែលកក់នេះត្រូវដាំរយៈពេល១ខែកន្លះទើបអាចកាត់យកមកប្រើប្រាស់បាន រីឯក្រចៅវិញគឺត្រូវទិញគ្រាប់ពូជយកមកដាំរយៈពេលប្រហែលជា១ខែកន្លះ ដូចការដាំកក់ដែរ ។ ក្នុងករណីមិនអាចដាំដុះដោយខ្លួនឯងគឺត្រូវទិញពីទីផ្សារដែលកក់មួួយគីឡូតម្លៃចាប់ពី ៦០០០រៀល ទៅ៧០០០រៀលចំពោះក្រចៅដែលវេញរួចមួួយគីឡូតម្លៃ១២០០០ រៀលទៅ១៤០០០រៀល ។
ស្រ្តីខាងលើបន្ថែមឱ្យដឹងទៀតថា កក់ដែលធំល្មមកាត់នោះគឺត្រូវកាត់យកទៅពុះច្រៀកជាចំរៀកតូចៗហាលថ្ងៃឱ្យស្ងួតទើបចាប់ផ្តើមជ្រលក់ជាមួយនិងល័ក្តពណ៌តាមតម្រូវការទើបយកទៅ ត្បាញចេញជាកន្លេលឱ្យមានពណ៌ចម្រុះស្អាតរីឯល័ក្តដែលត្រូវយកមកជ្រលក់ជាមួយនឹងកក់នោះជាប្រភេទល័ក្តពណ៌ដែលក្នុងមួួយគីឡូក្រាមតម្លៃ២៥០០០រៀល ។អ៊ូច ម៉ាប់ ក៏បានបង្ហើបឱ្យដឹងថារយៈពេលមួយថ្ងៃគាត់អាចត្បាញបាន៣ទៅ៤កន្ទេល ដែលកន្លេលមួយ មានទទឹង១,២ម៉ែត្របណ្តោយប្រវែង២ម៉ែត្រអាចលក់បានតម្លៃ ២២០០០ រៀល ។ ពេលខ្លះគាត់យកទៅដូរស្រូវដែលក្នុងកន្លេលមួួយដូរបានស្រូវ៣ទៅ៤តៅ ។
យោងតាមប្រភពមួួយចំនួនដែលមានមុខរបរជាអ្នកត្បាញកន្ទេលដែរបានរៀបរាប់ថា សព្វថ្ងៃគាត់បានស៊ីស្នួលត្បាញកន្ទេលក្រហមឱ្យគេដែលក្នុងមួួយម៉ែត្រទទួលបាន៣០០០រៀល ហើយក្នុងរយៈពេលមួួយថ្ងៃគាត់អាចត្បាញបានប្រហែលជាប្រាំម៉ែត្រ តែការត្បាញកន្ទេលគឺខុសពីការត្បាញហូលផាមួងដែលត្បាញតែម្នាក់ឯងរីឯកន្ទេលវិញត្រូវត្បាញរហូតដល់ទៅ ពីរនាក់ទើបអាចទៅរួច ពេលខ្លះអាចដល់ទៅបី នាក់ផងក៏មាន ។
រាល់ផលិតផលកន្ទេលដែលត្បាញបានគឺលក់ដាច់អស់មិនដែលសល់ទេ តែគ្រាន់តែមុខរបរត្បាញកន្ទេលនេះមានភាពនឿយហត់បន្តិច ព្រោះត្រូវប្រើរយៈពេលយូរ ៕
ចែករំលែកព័តមាននេះ