រាជធានីភ្នំពេញ ៖ យុវជន២នាក់បានសន្លប់បាត់ស្មារតីនៅលើចិញ្ចើមផ្លូវ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវសហព័ន្ធរុស្ស៊ី ត្រូវរថយន្តឡិចស៊ីស RX300 បោលទៅបុកពីចំហៀងពេញទំហឹងក្នុងទិសដៅបញ្ច្រាសទិសគ្នានៅពេលម៉ូតូកំពុងបត់ឆ្វេង ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ កញ្ញា ២០១២ នៅចំណុចទល់មុខក្រុមហ៊ុនតូយោតា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យុវជនរងគ្រោះទាំង២នាក់មានឈ្មោះជេស្តា អាយុ២០ឆ្នាំ និងឈ្មោះសួន យុត៌ អាយុ២៤ឆ្នាំ អ្នកទាំង២នាក់ជាជាងដែក ស្នាក់នៅបុរី១០០ខ្នង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទោះបីជាបែបណាជនរងគ្រោះទាំង២នាក់ក្រោយពីត្រូវរថយន្តអូសប្រមាណ៥ម៉ែត្រ បណ្តាលឱ្យសន្លប់មួយសន្ទុះ ហើយបានងើបឡើងវិញ ដោយគ្រាន់តែរងរបួសរលាត់ដៃជើងប៉ុណ្ណោះ ចាត់ទុកថា ជាសំណាងល្អមែនទែន ។ ចំពោះម៉ូតូម៉ាកគុបមូលវិញ រងការខូចខាតវៀច.ក និងវៀចកង់មុខត្រូវបានជនរងគ្រោះដឹកតាមកង់បីយកទៅផ្ទះទាំងយប់ ដោយមិនបាច់ពឹងប៉ូលិសដោះស្រាយនោះទេ ។ ក្រោយពីបង្កគ្រោះថ្នាក់រថយន្តបានបើករត់ឆ្ពោះទៅទិសខាងលិចបាត់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ