ខេត្តបន្ទាយមានជ័យ ៖ ខុសគ្នាតែ១ម៉ោងក្នុងថ្ងៃតែមួយមានមនុស្សចំនួន៣នាក់ ត្រូវស្លាប់ដោយសារគ្រោះធម្មជាតិគឺរន្ទះបាញ់ជាបន្តបន្ទាប់ ។ ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង២ទៅម៉ោង៣រសៀលថ្ងៃទី៤ កញ្ញា នៅឃុំចំនួន២ គឺឃុំប៉ោយចារ និងឃុំពន្លៃ ក្នុងស្រុកភ្នំស្រុក ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា នៅស្រុកភ្នំស្រុកនារសៀលថ្ងៃទី៤ កញ្ញា ផ្ទៃមេឃមានពណ៌ខ្មៅ លាយឡំដោយផ្គររន្ទះ និងភ្លៀងធ្លាក់មួយមេយ៉ាងធំ ។ វេលាម៉ោង២រសៀលមានបុរសម្នាក់ឈ្មោះតាន់ ព្រិក អាយុ២៨ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានទៅឃ្វាលគោនៅខាងលិចភូមិ ត្រង់ចំណុចស្ពាន ក៏ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ លុះ១ម៉ោងក្រោយមក ក៏មានមនុស្សចំនួន២នាក់ទៀតបានស្លាប់ដោយសាររន្ទះបាញ់នៅភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខណៈពេលពួកគាត់ទាំង២នាក់កំពុងជម្រះស្មៅដំឡូងមីក្នុងចម្ការក្បែរគ្នា ។
ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះគិ គឹមនឹត ភេទប្រុស អាយុ៣៨ឆ្នាំ និងម្នាក់ទៀតឈ្មោះដាម បូរី ភេទស្រី អាយុ២៨ឆ្នា ជនរងគ្រោះទាំង២នាក់នៅភូមិកើតហេតុខាងលើ ។ សពជនរងគ្រោះទាំង៣នាក់ ត្រូវក្រុមគ្រួសារដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ